វៀតណាមទិញវ៉ាក់សាំងបង្ការជំងឺ Covid-19 ផលិតនៅគុយបាចំនួន១០លានដូស
ហាវ៉ាណា៖ គុយបា នៅថ្ងៃចន្ទដើមសប្តាហ៍នេះ បានយល់ព្រមផ្តល់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ចំនួន១០លានដូសដល់វៀតណាម បន្ទាប់ពីប្រទេសអាស៊ីអាគ្នេយ៍មួយនេះទើបអនុម័តប្រើវ៉ាក់សាំងគុយបាឈ្មោះថា អាប់ដាឡា (Abdala)។
រដ្ឋាភិបាលគុយបានិយាយថា កិច្ចព្រមព្រៀងផ្គត់ផ្គង់វ៉ាក់សាំងនេះត្រូវបានចុះហត្ថលេខារវាងប្រទេសទាំងពីរ ក្នុងអំឡុងដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីវៀតណាមលោក ង្វៀន សួនហ៊្វុក ទៅកាន់ប្រទេសគុយបា។ កាលពីថ្ងៃសៅរ៍សប្តាហ៍មុន វៀតណាមបានក្លាយជាប្រទេសបរទេសលើកទី១ ដែលបានអនុម័តអោយប្រើវ៉ាក់សាំងកូវីដ១៩ផលិតនៅគុយបាឈ្មោះថា Abdala ដែលគុយបាបានប្រើជាមួយវ៉ាក់សាំងផលិតក្នុងស្រុកមួយទៀតឈ្មោះថា Soberana 02។ វេណេស៊ុយអេឡា ក៏បានចុះហត្ថលេខាទិញវ៉ាក់សាំង Abdala ចំនួន១២លានដូសផងដែរ នៅពេលអ៊ីរ៉ង់កំពុងផលិតវ៉ាក់សាំង Soberana 02 ក្រោមកិច្ចព្រមព្រៀងជាមួយគុយបា។ ទន្ទឹមនេះ អាហ្សង់ទីន និងម៉ិកស៊ិច ក៏បានបង្ហាញការចាប់អារម្មណ៍ចំពោះវ៉ាក់សាំងគុយបាផងដែរ។
សូមបញ្ជាក់ថា កាលពីសប្តាហ៍មុន គុយបាបានចាប់ផ្តើមដំណើរការស្វះស្វែងរកការអនុម័តយល់ព្រមពីអង្គការសុខភាពពិភពលោក (WHO) សំរាប់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ Abdala និងSoberana 02 ខណៈដែលពួកអ្នកវិទ្យាសាស្ត្រគុយបាន និយាយថា វ៉ាក់សាំងបង្ការជំងឺកូវីដ១៩របស់ខ្លួនមានប្រសិទ្ធភាពលើស៩០ភាគរយប្រឆាំងនឹងវីរុសកូរ៉ូណា៕ ប្រភព៖ CNA

