សហរដ្ឋអាមេរិកនឹងអនុញ្ញាតអោយភ្ញៀវទេសចរបរទេសដែលបានចាក់វ៉ាក់សាំង Covid-19 រួចចូលក្នុងប្រទេសខ្លួន
វ៉ាស៊ីនតោន៖ ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន គ្រោងនឹងតម្រូវឱ្យអ្នកទេសចរបរទេសត្រូវចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ឱ្យបានពេញលេញ ដើម្បីអាចចូលមកសហរដ្ឋអាមេរិកបាន។
រដ្ឋបាលលោក បៃដិន បានប្រកាសផែនការខាងលើនេះនៅថ្ងៃចន្ទដើមសប្តាហ៍នេះ (ម៉ោងក្នុងតំបន់)។ នៅក្រោមគោលនយោបាយថ្មីដែលនឹងចាប់ផ្តើមនៅដើមខែវិច្ឆិកាខាងមុខនេះ ជនបរទេសពេញវ័យដែលហោះហើរទៅសហរដ្ឋអាមេរិកត្រូវទទួលថ្នាំបង្ការឱ្យបានពេញលេញ និងបង្ហាញភស្តុតាងនៃការចាក់វ៉ាក់សាំងមុនពេលឡើងយន្តហោះ។ ពួកគេនឹងត្រូវទទួលបានការធ្វើតេស្តរកវីរុសកូវីដ១៩អវិជ្ជមានក្នុងរយៈពេលបីថ្ងៃនៃការចាកចេញ។ ទាក់ទងនឹងម៉ាកវ៉ាក់សាំងដែលមិនត្រូវបានអនុញ្ញាតឱ្យប្រើប្រាស់នៅសហរដ្ឋអាមេរិកនោះ រដ្ឋបាលបាននិយាយថាមជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការជំងឺឆ្លងអាមេរិក (CDC) នឹងកំណត់ថាតើវ៉ាក់សាំងណាដែលនឹងត្រូវទទួលយកក្រោមគោលនយោបាយថ្មីនេះ។
សហរដ្ឋអាមេរិកបានហាមឃាត់មិនឱ្យជនបរទេសដែលមកពីបណ្តាប្រទេសមួយចំនួនចូលមកក្នុងប្រទេសខ្លួន ក្នុងនោះរួមទាំងប្រទេសជាច្រើននៅអឺរ៉ុប ចិន និងឥណ្ឌាក្នុងរយៈពេល១៤ថ្ងៃ។ ប៉ុន្តែពួកគេនឹងត្រូវបានអនុញ្ញាតឱ្យចូល ប្រសិនបើពួកគេត្រូវបានចាក់វ៉ាក់សាំងពេញលេញ។ ការរឹតបន្តឹងការធ្វើដំណើររបស់អាមេរិកមិនសូវតឹងរ៉ឹង ចំពោះអ្នកដែលធ្វើដំណើរមកពីប្រទេសជប៉ុនទេ ដោយគ្រាន់តែត្រូវការភស្តុតាងនៃការធ្វើតេស្តអវិជ្ជមាន។ ប៉ុន្តែក្រោមគោលនយោបាយថ្មីនេះ ពួកគេក៏នឹងត្រូវចាក់វ៉ាក់សាំងបង្ការឱ្យបានពេញលេញផងដែរ៕ ប្រភព៖ NHK



