ប្រមុខយូអិន និងនាយករដ្ឋមន្រ្តីអង់គ្លេសបង្កើនសម្ពាធលើមេដឹកនាំពិភពលោក ពាក់ព័ន្ធនឹងមូលនិធិដោះស្រាយបញ្ហាបម្រែបម្រួលអាកាសធាតុ
យូអិន៖ នាយករដ្ឋមន្រ្តីអង់គ្លេសលោក បូរីស ចនសុន បានជំរុញឱ្យមេដឹកនាំនៃបណ្តាប្រទេសមានសេដ្ឋកិច្ចធំៗ រួមទាំងសហរដ្ឋអាមេរិកផងនោះ ធ្វើការប្តេជ្ញាចិត្តរបស់ពួកគេចំពោះមូលនិធិអាកាសធាតុចំនួន ១០០ ពាន់លានដុល្លារក្នុងមួយឆ្នាំ ដោយប្រើពេលតិចជាងប្រាំមួយសប្តាហ៍ទៀត នៅមុនកិច្ចប្រជុំកំពូលអាកាសធាតុរបស់អង្គការសហប្រជាជាតិ។
លោក ចនសុន និងអគ្គលេខាធិការអង្គការសហប្រជាជាតិលោក អាន់តូនីញ៉ូ ហ្គូទែរែស បានរៀបចំកិច្ចប្រជុំតុមូលរបស់មេដឹកនាំពិភពលោក នៅថ្ងៃចន្ទដើមសប្តាហ៍នេះ ដើម្បីដោះស្រាយបញ្ហាចន្លោះប្រហោងធំៗលើគោលដៅបំភាយឧស្ម័ន និងហិរញ្ញវត្ថុអាកាសធាតុ។ លោក ចនសុន បាននិយាយថា តំណាងប្រទេសមានសេដ្ឋកិច្ចធំៗ… ខ្លះមានអ្នកតំណាងនៅទីនេះ ខ្លះអវត្តមាន ហើយខ្លះទៀតកំពុងយឺតយ៉ាវ ដូច្នេះខ្ញុំសូមសង្កត់ធ្ងន់ថា ដើម្បីទទួលបានជោគជ័យ… យើងត្រូវការប្រទេសអភិវឌ្ឍរកឱ្យបានថវិការ ១០០ ពាន់លានដុល្លារ។ កិច្ចប្រជុំបិទទ្វារក្នុងសប្តាហ៍កម្រិតខ្ពស់ប្រចាំឆ្នាំនៃមហាសន្និបាតអង្គការសហប្រជាជាតិ រួមមានមេដឹកនាំ និងតំណាងមកពីប្រទេសមួយចំនួន ដែលតំណាងឱ្យប្រទេសឧស្សាហកម្ម ប្រទេសមានសេដ្ឋកិច្ចកំពុងអភិវឌ្ឍន៍ និងប្រទេសកំពុងអភិវឌ្ឍន៍ដែលងាយរងគ្រោះ។
បេសកជនអាកាសធាតុអាមេរិកលោក ចន ឃែរី ដែលតំណាងឱ្យសហរដ្ឋអាមេរិកនៅក្នុងកិច្ចប្រជុំកាលពីថ្ងៃចន្ទម្សិលមិញនេះនិយាយថា ទីក្រុងវ៉ាស៊ីនតោននឹងផ្តល់ជំនួយអាកាសធាតុបន្ថែមទៀត នៅមុនសន្និសីទស្តីពីការប្រែប្រួលអាកាសធាតុ COP26 ធ្វើឡើងនៅថ្ងៃទី៣១ ខែតុលា ដល់ថ្ងៃទី១២ ខែវិច្ឆិកា នៅទីក្រុង ក្លាស្កួវ ប្រទេសស្កុតឡែន។ លោក ចនសុន បានបន្ថែមថា សហរដ្ឋអាមេរិកមានសារៈសំខាន់យ៉ាងខ្លាំង។ វានឹងបញ្ជូនសញ្ញាដ៏មានឥទ្ធិពលមួយទៅកាន់ពិភពលោក៕ ប្រភព៖ CNA



