វីរុសផ្លូវដង្ហើមថ្មីនៅចិនផ្តាច់ជីវិតមនុស្សកើនដល់៨០នាក់ និងឆ្លង២.៧៦១នាក់ ខណៈចិនបញ្ជាឲ្យផ្អាកការទិញ-លក់សត្វព្រៃនៅទូទាំងប្រទេស
ចិន៖ សារព័ត៌មានចិន CGTN បានចុះផ្សាយថា វីរុសកូរ៉ូណាប្រភេទថ្មីដែលបាននិងកំពុងបង្កការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរនៅក្នុងប្រទេសចិននោះ បានធ្វើឱ្យចំនួនអ្នកស្លាប់បន្តកើនឡើងដល់៨០នាក់ហើយ និង ២.៧៦១នាក់ផ្សេងទៀតបានឆ្លងវីរុសផ្លូវដង្ហើមដ៏កាចសាហាវនេះ ។
ឆ្លើយតបនឹងបញ្ហានេះ នៅថ្ងៃទី២៦ ខែមករានេះ អាជ្ញាធរចិនបានចេញបញ្ជាឲ្យបញ្ឈប់ជាបន្ទាន់នូវការធ្វើចរាចរណ៍ទិញ និង លក់សត្វព្រៃនៅទូទាំងប្រទេស ដើ ម្បីទប់ទល់ចំពោះការរីករាលដាលនៃវីរុសផ្លូវដង្ហើមថ្មីកូរ៉ូណា (Coronavirus) ។ ក្រ សួង និងស្ថាប័នពាក់ព័ន្ធរបស់ចិនទាំងអស់ ដែលធ្វើការងារពាក់ព័ន្ធនឹងបម្រាមខាងលើត្រូវចុះអនុវត្តជាបន្ទាន់ ហើយបម្រាមនឹងមិនត្រូវដកវិញនោះឡើយ ខណៈណាការរីកសាយភាពនៃវីរុសផ្លូវដង្ហើមកូរ៉ូណា ត្រូវបានទប់ស្កាត់ទាំងស្រុង ។
ការចេញបម្រាមរបស់ចិនពេលនេះ គឺបានកើតមានឡើងក្រោយពីក្រុមអ្នកស្រាវជ្រាវ បានបង្ហាញការសង្ស័យថា វីរុសផ្លូវដង្ហើមថ្មីកូរ៉ូណានេះ អាចមានជាប់ពាក់ព័ន្ធទៅនឹងលក់សត្វព្រៃដោយខុសច្បាប់ ។ តាមរយៈបម្រាមនេះ រាល់ទីផ្សារលក់ទំនិញធម្មតា ផ្សារទំនើប ហាងផឹកស៊ី ហាងលក់ទំនិញតូចៗ ឬភោជនីយដ្ឋានជាដើម ដែលមិនគោរពតាមបទបញ្ជា នោះអាជ្ញាធរនឹងចុះបិទអាជីវកម្មពួកគេចោល ។
សម្រាប់ប្រទេសផ្សេងៗក្រៅពីចិន ដែលមានករណីឆ្លងវីរុសកូរ៉ូណាពីទីក្រុងវូហាននោះមានដូចជា ថៃ សិង្ហបុរី ម៉ាឡេស៊ី វៀតណាម នេប៉ាល់ កូរ៉េខាងត្បូង ជប៉ុន អូស្ត្រាលី បារាំង និងសហរដ្ឋអាមេរិក សរុបចំនួន៦០ករណី ខណៈថៃមានអ្នកឆ្លងច្រើនជាងគេរហូតដល់០៧ករណី និងបន្ទាប់មកគឺសិង្ហបុរីមាន០៤ករណី ៕ធ.ដ