រដ្ឌបាលក្រុងកំពង់ឆ្នាំង ប្រើវិធានការក្តៅ លើអាជីវករលក់ដូរខាងក្រៅផ្សារ គ្មានសណ្ដាប់ធ្នាប់ ព្រោះមិនព្រមចូលលក់ខាងក្នុងវិញ បន្ទាប់ពីបើកដំណើរការឡើងវិញ
កំពង់ឆ្នាំង ៖ រដ្ឋបាល ក្រុងកំពង់ឆ្នាំងនៅព្រឹកថ្ងៃទី ២១ ខែកញ្ញា ឆ្នាំ ២០២១ បានចេញវិធានការក្តៅ ដោយប្រើប្រាស់សមត្ថកិច្ចចម្រុះ ចុះរុះរើ ការលក់ដូរគ្មានសណ្ដាប់ធ្នាប់នៅបរិវេណជុំវិញផ្សារលើ និងខាងក្រោយផ្សារ ការចេញប្រតិបត្តិការនេះធ្វើឲ្យអាជីវករមួយចំនួនមិនសប្បាយចិត្ត ហើយមួយចំនួនក៏សប្បាយចិត្ត ព្រោះតែ ពួកគាត់ជាអាជីវករ អ្នកលក់ដូរខាងក្នុងផ្សារលក់មិនដាច់ ។
លោក បេ សារុំ អភិបាលរងក្រុងកំពង់ឆ្នាំង បានប្រាប់ឲ្យដឹងថា មុនឈានដល់ វិធានការព្រឹកមិញនេះ គឺរដ្ឋបាលក្រុងកំពង់ឆ្នាំងបាន ជូនដំណឹងជម្រាបជូនបងប្អូនអាជីវករដែលលក់ដូរជុំវិញផ្សារ សូមចូលទៅលក់ក្នុងផ្សារវិញ បើពុំនោះទេនឹងមានការធ្វើរដ្ឋបាលតាមនីតិវិធី ។
ព្រឹកនេះបន្ទាប់ពីជូនដំណឹងហើយអាជីវករ នៅតែមិនព្រមចូលទៅលក់ក្នុងផ្សារ ទើបរដ្ឋបាលក្រុងចេញអនុវត្តវិធានការ គឺដើម្បីពង្រឹងសណ្តាប់ធ្នាប់ សន្តិសុខជុំវិញផ្សារ ដោយចាប់ផ្ដើមរុះរើ ពីខាងមុខផ្សារទៅចំហៀងខាងត្បូងផ្សារ រហូតដល់ក្រោយផ្សារផ្លូវបំបែកទៅ ភូមិត្រពាំងបី និងភូមិកំពង់អុស ហើយនៅព្រឹកនេះធ្វើមិនហើយនឹងបន្តធ្វើនៅថ្ងៃស្អែកទៀត ។
ក្នុងចំណាត់ការខាងលើដែរ សមត្ថកិច្ចនគរបាលក៏បានដកហូតនូវសម្ភារៈដូចជាឆ័ត្រ គ្រែ តុ និងសម្ភារៈមួយចំនួន ទៀតយកមកទុកនៅសាលាក្រុងកំពង់ឆ្នាំង ធ្វើបែបនេះគឺឲ្យម្ចាស់ជាអាជីវករ ចូលមកបង់ប្រាក់ផាកពិន័យទទួលយក សម្ភារៈ ទៅប្រើប្រាស់វិញ តែត្រូវទៅតាមកន្លែងរបស់ខ្លួន នៅខាងក្នុងផ្សារ ។
សូមរំលឹកថាក្រោយពីមានជំងឺកូវីដ បានកើតឡើងក្នុងផ្សាលើ ក្រុងកំពង់ឆ្នាំង រដ្ឋបាលសាលាខេត្ត បានបិទជាបន្តបន្ទាប់ចំនួន 2 លើកមកហើយ តែបើកឲ្យដំណើរការចូលលក់ដូរវិញអាជីវករក្នុងផ្សារមួយចំនួនមិនចូលខាងក្នុងផ្សារ គឺនៅបន្តលក់ខាងក្រៅផ្សារ ធ្វើឲ្យបាត់បង់សណ្ដាប់ធ្នាប់គ្មានរបៀបរៀបរយ និងស្ទះចរាចរណ៍ជារៀងរាល់ថ្ងៃ ។
ចំពោះវិធានការនេះធ្វើឲ្យអាជីវករដែលលក់ដូរនៅក្នុងផ្សារដែលមិនបានចេញក្រៅ នឹងព្យាយាមអនុវត្តតាមគោលការណ៍របស់រដ្ឋបាលសាលាក្រុងកំពង់ឆ្នាំង មានការសប្បាយចិត្តព្រោះតែកន្លងមកលក់ដូរមិនដាច់ទេ ។ យោងតាមការបញ្ជាក់ពី អាជីវករមួយចំនួនដែលចេញខាងក្រៅផ្សារថា ការធ្វើបែបនេះធ្វើឲ្យប៉ះពាល់ដល់ជីវភាពប្រចាំថ្ងៃរបស់ពួកគាត់ផងដែរ ៕ សុខ គឹមសៀន