លោក ដូណាល់ ត្រាំ និយាយថា ការចោទប្រកាន់ដកប្រធានាធិបតីពីតំណែង គឺជារឿងបោកបញ្ឆោត និង ជាការជ្រៀតជ្រែកក្នុងការបោះឆ្នោតដែលមិនធ្លាប់មាន
សហរដ្ឋអាម៉េរិក៖ ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ បាននិយាយនៅថ្ងៃទី២៦ ខែមករានេះថា ក្រុមមេធាវីរបស់លោកបានបង្អាក់ទាំងស្រុងដល់ការអះ អាងរបស់សមាជិកគណបក្សប្រជាធិបតេយ្យដែលថា លោកគួរតែត្រូវបានចោទប្រកាន់ និងដកចេញពីតំណែង ។
មួយថ្ងៃបន្ទាប់ពីក្រុមមេធាវីរបស់លោក ត្រាំ បានចាប់ផ្ដើមការពារក្ដីឲ្យលោក នៅក្នុងការជំនុំជម្រះដោយព្រឹទ្ធសភា លោកបានសរសេរសារលើបណ្តាញសង្គមធ្វីតធើថា ការចោទប្រកាន់ដកប្រធានាធិបតីពីតំណែងនេះ គឺជារឿងបោកបញ្ឆោត…. វាគឺជាការជ្រៀតជ្រែកយ៉ាងខ្លាំងក្លានៅក្នុងការបោះឆ្នោត ដែលមិនធ្លាប់មានពីមុនមក ។
ទន្ទឹមនេះ លោក ត្រាំ បាននិយាយវាយប្រហារប្រធានក្រុមរដ្ឋអាជ្ញានៃរឿងក្ដីនេះខាងគណបក្សប្រជាធិបតេយ្យ លោក Adam Schiff យ៉ាងដូច្នេះថា លោកគឺជាអ្នកនយោបាយពុករលួយម្នាក់ និង ប្រហែលជាមនុស្សឆ្កួតលីលាខ្លាំងម្នាក់… លោកនៅមិនទាន់បានសងមកវិញ ចំពោះអ្វីដែលលោកបានធ្វើមកលើប្រទេសរបស់យើងនោះទេ ។
សូមបញ្ជាក់ផងដែរថា សវនាការលើរឿងក្ដីរបស់លោក ដូណាល់ ត្រាំ នឹងចាប់ផ្ដើមដំណើរការបន្ដទៀតនៅថ្ងៃទី២៧ ខែមករានេះ មុនពេលដែលសមាជិកព្រឹទ្ធ សភាសហរដ្ឋអាមេរិកទាំង១០០នាក់សម្រេចទៅលើជោគវាសនារបស់លោក ៕ធ.ដ