បារាំងត្រូវការការស្រាយបំភ្លឺ និងការពន្យល់លំអិតពីសហរដ្ឋអាមេរិក ជុំវិញកិច្ចព្រមព្រៀងនាវាមុជទឹក
ញូយ៉ក៖ រដ្ឋមន្ត្រីការបរទេសបារាំងលោក ហ្សង់អ៊ីវ ឡឺឌ្រីយ៉ង់ ថ្លែងថា សហរដ្ឋអាមេរិកនឹងត្រូវទាមទារអោយធ្វើការបកស្រាយ ក៏ដូចជាពន្យល់លំអិតដល់ប្រទេសបារាំង នៅពេលប្រធានាធិបតីអាមេរិកលោក ចូ បៃដិន និងសមភាគីបារាំងរបស់លោក គឺលោក អេម៉ានុយ អែលម៉ាក្រុង ធ្វើកិច្ចពិភាក្សាតាមទូរស័ព្ទនៅចុងសប្តាហ៍នេះ។
ថ្លែងប្រាប់អ្នកយកព័ត៌មាននៅក្នុងទីក្រុងញូយ៉ក ប្រមុខការទូតបារាំងរូបនេះបានគូសបញ្ជាក់ថា សហរដ្ឋអាមេរិកក៏ត្រូវគិតគូរពីផលប្រយោជន៍របស់សម្ព័ន្ធមិត្តអឺរ៉ុបរបស់ខ្លួនផងដែរ។ មន្រ្តីរដ្ឋបាលជាន់ខ្ពស់របស់លោក បៃដិន បានប្រាប់អ្នកយកព័ត៌មាននៅក្នុងសន្និសីទសារព័ត៌មានខ្លីមួយនៅថ្ងៃចន្ទម្សិលមិញថា លោក បៃដិន បានស្នើសុំឱ្យមានការពិភាក្សាជាមួយប្រធានាធិបតីបារាំង ដើម្បីនិយាយអំពីផ្លូវឆ្ពោះទៅមុខ និងការប្តេជ្ញាចិត្តយ៉ាងជ្រាលជ្រៅរបស់លោក ចំពោះសម្ព័ន្ធភាពអាមេរិកជាមួយបារាំង។ មន្រ្តីរូបនេះបន្ដថា យើងយល់ពីជំហររបស់បារាំង យើងមិនចែករំលែកទស្សនៈរបស់ពួកគេ ទាក់ទងនឹងរបៀបដែលអ្វីៗទាំងអស់នេះអភិវឌ្ឍនោះទេ។ យើងគិតថា វានឹងក្លាយជាឱកាស ហើយក៏ឱកាសដ៏សំខាន់មួយ សម្រាប់មេដឹកនាំទាំងពីរក្នុងការនិយាយដោយផ្ទាល់ជាមួយគ្នា។
បើតាមអ្នកនាំពាក្យសេតវិមានលោកស្រី ជេន សាគី បានប្រាប់អ្នកយកព័ត៌មាននៅក្នុងសន្និសីទសារព័ត៌មានខ្លីមួយថា ការហៅទូរស័ព្ទនេះនឹងប្រព្រឹត្តទៅនៅប៉ុន្មានថ្ងៃខាងមុខនេះ ហើយថា មន្រ្តីកំពុងធ្វើការកំណត់ពេលវេលា៕ ប្រភព៖ Reuters និង Xinhua


