ប្រធានាធិបតីបារាំងសុំការអភ័យទោសពីអតីតយុទ្ធជនអាល់ហ្សេរី ដែលតស៊ូដើម្បីបារាំងក្នុងសង្គ្រាមទាមទារឯករាជ្យ

ប្រធានាធិបតី​បារាំង​លោក ​អេម៉ានុយអែល ​ម៉ាក្រុង ​​(Emmanuel Macron) ​សុំ​ការ​អភ័យទោស​ពី​អតីត​យុទ្ធជន​អាល់ហ្សេរី​ Harkis ​​ដែល​​តស៊ូ​ដើម្បី​បារាំង​ក្នុង​អំឡុង​សង្គ្រាម​ទាមទារ​ឯករាជ្យ​របស់​ប្រទេស​ខ្លួន​ ​ដោយ​ថា​​បារាំង​​បរាជ័យ​​ចំពោះ​កាតព្វកិច្ច​របស់​ខ្លួន​សម្រាប់​ក្រុម​នេះ​។ ​

​ម៉ូស្លីម​អាល់ហ្សេរី​រាប់​សែន​នាក់​ដែល​​គេ​ស្គាល់ថា​ជា​ក្រុម​ Harkis ​​បម្រើ​ការ​ជា​ជំនួយ​ការ​នៅក្នុ​ងក​ង​ទ័ព​បារាំង​​​ក្នុង​អំឡុង​សង្គ្រាម​ជាមួយ​ក្រុម​អ្នក​ប្រយុទ្ធ​ដើម្បី​ឯករាជ្យ​អាល់ហ្សេរី​ ប្រឆាំង​នឹង​​អាណានិគម​បារាំង​ចន្លោះ​ពី​ឆ្នាំ​ ១៩៥៤ ​ដល់​ ១៩៦២​។​

​យោង​តាម​ទីភ្នាក់ងារ​ព័ត៌មាន​ AFP​ អតីត​យុទ្ធជន​ទាំង​នេះជា​​ច្រើន​នាក់​រស់នៅ​ក្នុ​ង​ស្ថានភាព​ក្រីក្រ​​ក្នុង​ជំរំ​តង់​ បន្ទាប់​ពី​រដ្ឋាភិបាល​បារាំង​បដិសេធ​មិន​ទទួល​ស្គាល់​សិទ្ធិ​របស់​ពួក​គេ​ដើម្បី​រស់​នៅ​ប្រទេស​អឺរ៉ុប​មួយ​នេះ​​ ហើយ​អ្នក​ដែល​នៅ​សេស​សល់​នៅ​អាល់ហ្សេរី​​ក៏​ត្រូវ​ប្រឈម​មុខ​នឹង​ការ​សង​សឹក​យ៉ាង​ព្រៃផ្សៃ​ក្នុង​នាម​ជា​អ្នក​សហការ​ជាមួយ​ប្រទេស​អណានិគម​។​ ​គេ​ប៉ាន់​ប្រមាណ​ថា​ អតីត​យុទ្ធជន​រហូត​ជាង​ ២០០ ០០០ ​នាក់​បាន​ប្រយុទ្ធ​ដើម្បី​បារាំង​​ ប៉ុន្តែ​មាន​តែ​ ៤២ ០០០ ​នាក់​ប៉ុណ្ណោះ ​ដែល​​អនុញ្ញាត​ឱ្យ​ផ្លាស់​ទីលំនៅ​ទៅ​បារាំង​បន្ទាប់​ពី​អាល់ហ្សេរី​ទទួល​​ឯករាជ្យ​។​​

​​ថ្លែង​ទៅ​កាន់​​អ្នក​ចូល​រួមពី​ ​Harkis ​និង​ក្រុមគ្រួ​សារ​របស់​ពួក​គេ​ជាង​ ៣០០ ​នាក់​នៅប៉ា​រីស​ លោក​ Macron ​និយាយ​ថា​៖​ «​តាំង​នាម​ឱ្យ​ប្រទេស​បារាំង​ ខ្ញុំ​សូម​ប្រកាស​​ថា​ សាធារណរដ្ឋ​បារាំង​​ជំពាក់​បំណុល​អតីត​យុទ្ធជន​ Harkis ​។​ ចំពោះ​យុទ្ធជន​ដែល​ត្រូវ​គេ​បោះបង់​ចោល​ ចំពោះ​គ្រួសារ​របស់​ពួក​គេ​ដែល​បាន​រង​ទុក្ខ​វេទនា​ក្នុង​ជំរំ​ពន្ធនាគារ​ ចំពោះ​ការ​បដិសេធ​ ខ្ញុំសូ​ម​អភ័យ​ទោស​ យើង​នឹង​មិន​ភ្លេច​ឡើយ​»​។​

​សុន្ទរកថា​កាល​ពី​ថ្ងៃ​ចន្ទ​ គឺ​ជា​សក្ខីភាព​ចុង​ក្រោយ​បង្អស់​​ក្នុង​ការ​ប៉ុនប៉ង​ជា​បន្ត​បន្ទាប់​របស់​ប្រធានាធិបតី​បារាំង​ ដើម្បី​ដោះ​ស្រាយ​បញ្ហា​ទុក្ខ​ព្រួយ​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​អាល់ហ្សេរី​ ក្នុង​ក្តី​សង្ឃឹម​ធ្វើ​ឱ្យ​ទំនាក់​ទំនង​រវាង​ប្រទេស​ទាំង​ពីរ​មាន​ភាព​ប្រសើរ​ឡើង​វិញ​ចាប់​តាំង​ពី​ប្រទេស​អាល់ហ្សេរី​ទទួល​​ឯករាជ្យ​នៅ​ឆ្នាំ ​១៩៦២។

​កាល​ពី​ខែ​មីនា​ រដ្ឋាភិបាល​របស់​លោក ​Macron ​​សារភាព​ថា​កង​ទ័ព​របស់​ខ្លួន​ បាន​ធ្វើ​ទារុណកម្ម​ និង​សម្លាប់​សកម្មជន​អាល់ហ្សេរី​ដ៏លេ​ចធ្លោ​​ម្នាក់​កាល​ពី​ជាង​ ៦០ ​ឆ្នាំ​មុន​។​ ក្នុង​​សុន្ទរកថា​ដដែល​​ លោក ​Macron ​ក៏​​គូស​បញ្ជាក់​ពី​ផែន​ការ​សម្រាប់​គណៈកម្មការ​មួយ​ដើម្បី​ស្តាប់​អំពី​ជំរំ​បារាំង​​កំសត់​ដែល​អតីតយុទ្ធជន ​និង​កូន​ៗ​របស់​ពួក​គេ​ត្រូវ​​បង្ខំ​ឱ្យ​រស់​នៅ​។​

ប្រភព៖ BBC

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner