គ្រោះរញ្ជួយដីដ៏កក្រើកនៅតួកគី ផ្តាច់ជីវិតមនុស្ស១៨នាក់ និងជាង៥០០នាក់ទៀតរបួស
តួកគី៖ យ៉ាងហោចណាស់មានមនុស្ស១៨នាក់បានបាត់បង់ជីវិត និងច្រើនជាង៥០០នាក់រងរបួស ខណៈមនុស្ស៣០នាក់ផ្សេងទៀតបានជាប់នៅក្នុងគំនរបាក់បែកនៃអគារជាច្រើនដែលបានដួលរលំ ដោយសារគ្រោះរញ្ជួយដីក្នុងកម្រិត៦.៧រ៉ិកទ័រវាយប្រហារនៅតំបន់ភាគខាងកើតប្រទេសតួកគី នៅល្ងាចថ្ងៃទី២៤ ខែមករានេះ ។
ស្របពេលជាមួយគ្នានេះ ក្រុមអ្នកជួយសង្គ្រោះត្រូវបានបញ្ជូនទៅខេត្ត អេឡាហ្សីក ជាទីដែលគ្រោះរញ្ជួយដីដ៏កក្រើកនេះបានកើតឡើង ។ មនុស្សរាប់រយនាក់បានក្លាយជាជនគ្មានទីជម្រក ដោយសារផ្ទះជាច្រើនបានខូចខាត ហើយមនុស្សជិត៣០នាក់ត្រូវបានគេជឿថា បានជាប់ខាងក្នុងអគាររលំបែកបាក់ ។ បើតាមរដ្ឋមន្ត្រីសុខាភិបាលតួកគី មនុស្ស១៣នាក់បានស្លាប់នៅខេត្ត អេឡាហ្សីក និងមនុស្ស៥នាក់ផ្សេងទៀតបានស្លាប់ផងដែរនៅខេត្ត ម៉ាឡាតយ៉ា ដែលជាខេត្តជិតខាងគ្នា ។ដោយឡែកមនុស្សសរុបចំនួន៥៥៣នាក់បានរងរបួស ហើយអគារចំនួន៣០បានរលំបាក់នៅក្នុងខេត្តទាំងពីរនេះ ។
សូមរំលឹកផងដែរថា កាលពីខែសីហា ឆ្នាំ១៩៩៩ គ្រោះមហន្តរាយរញ្ជួយដីដ៏អាក្រក់បំផុតមួយ មានកម្រិត៧.៤រ៉ិកទ័របានផ្តាច់ជីវិតមនុស្សប្រមាណ១៧.០០០នាក់ បើទោះបីជាប្រព័ន្ធផ្សព្វផ្សាយបានបញ្ជាក់ថា ចំនួនអ្នកស្លាប់ពិតប្រាកដអាចមានទ្វេដង នេះបើតាមសារព័ត៌មានចិន CGTN ៕