មន្ទីរបញ្ចកោណបញ្ជាក់ថា ទាហានអាម៉េរិក៣៤នាក់រងរបួសក្នុងការវាយប្រហារមីស៊ីលរបស់អ៊ីរ៉ង់កាលពីពេលថ្មីៗនេះ
សហរដ្ឋអាមេរិក៖ មន្ទីរបញ្ចកោណនៅថ្ងៃទី២៤ ខែមករានេះបញ្ជាក់ថា ទាហានអាម៉េរិកចំនួន៣៤នាក់បានទទួលរងប៉ះពាល់ប្រព័ន្ធខួរក្បាល ដោយសារការរប៉ះទង្គិចនឹងសំឡេងផ្ទុះគ្រាប់ខ្លាំង ក្នុងពេលរងការវាយប្រហារដោយមីស៊ីលពីអ៊ីរ៉ង់ទៅលើមូលដ្ឋានយោធាមួយនៅអ៊ីរ៉ាក់នៅក្នុងខែនេះ ។
អ្នកនាំពាក្យមន្ទីរបញ្ចកោណលោក ចូណាថាន ហូហ្វមែន បាននិយាយប្រាប់ក្រុមអ្នកយកព័ត៌មានថា ទាហានអាម៉េរិកចំនួន៣៤នាក់ត្រូវបានធ្វើរោគវិនិច្ឆ័យរកឃើញមានការប៉ះទង្គិចប្រព័ន្ធខួរក្បាល (TBI) ដែលធ្វើឱ្យមានភាពច្របូកច្របល់និងវង្វេងស្មារតី ។ លោកបន្តថា ពីដំបូងជនរងគ្រោះ១៧នាក់ត្រូវបានបញ្ជូនទៅប្រទេសអាល្លឺម៉ង់ដើម្បីទទួលការព្យាបាល ហើយ៨នាក់ក្នុងចំណោមពួកគេបានមកដល់សហរដ្ឋអាម៉េរិកវិញកាលពីថ្ងៃទី២៥ ខែមករា ហើយពួកគេនឹងបន្តការទទួលការព្យាបាលនៅសហរដ្ឋអាម៉េរិក ។ លោកបន្ថែមទៀតថា ជនរងគ្រោះ៩នាក់ទៀតដែលបានត្រូវបានដឹកតាមយន្តហោះទៅប្រទេសអាល្លឺម៉ង់នោះ កំពុងទទួលការព្យាបាលនៅទីនោះ ហើយទាហាន១៧ផ្សេងទៀតដែលត្រូវបានព្យា បាលនៅតំបន់នៃទីតាំងមូលដ្ឋានទ័ពនោះបានត្រឡប់ទៅបំពេញការងារនៅអ៊ីរ៉ាក់ ។
សូមរំលឹកថា កាលពីដំបូងឡើយ ប្រធានាធិបតីអាម៉េរិកលោក ដូណាល់ ត្រាំ បាននិយាយថា មិនមានជនជាតិអាម៉េរិករងរបួសនៅក្នុងការវាយប្រហារទៅលើមូលដ្ឋានទ័ព Ain al-Asad នៅអ៊ីរ៉ាក់ កាលពីយប់ថ្ងៃទី៧ និងទី៨ ខែមករានោះទេ ប៉ុន្តែ ក្រោយមកក្រុមអាជ្ញាធរបានរាយការណ៍ថា កងទ័ពចំនួន១១នាក់បានរងរបួស ។ ហើយការវាយប្រហារនេះ ជាការសងសឹកក្រោយអាមេរិកសម្លាប់មេទ័ពកំពូលអ៊ីរ៉ង់លោក កាស្សេម សូឡៃមេនី នៅអ៊ីរ៉ាក់ ៕