ប្រធានាធិបតីហ្វីលីពីនគំរាមបញ្ចប់កិច្ចព្រមព្រៀងយោធាជាមួយសហរដ្ឋអាម៉េរិក

ហ្វីលីពីន៖ ប្រធានាធិបតីហ្វីលីពីនលោក រ៉ូឌ្រីហ្គោ ឌូទ័រតេ នៅថ្ងៃទី២៣ ខែមករា បានព្រមានសហរដ្ឋអាម៉េរិថា លោកនឹងលុបចោលកិច្ចព្រមព្រៀងស្តីពីការបញ្ជូនកងទ័ព និងឧបករណ៍ផ្សេងសម្រាប់ធ្វើសមយុទ្ធយោធា ប្រសិនបើទីក្រុងវ៉ាស៊ីនតោនមិនផ្តល់ទិដ្ឋាការដល់សម្ពន្ធមិត្តនយោបាមួយរូបរបស់លោកឡើងវិញទេ ។

ការព្រមានរបស់លោក ឌូទ័រតេ ខាងលើនេះ ត្រូវបានធ្វើឡើងក្រោយសហរដ្ឋអាម៉េរិកសម្រេចចិត្តមិនអោយអតីតមេប៉ូលិស ដែលបច្ចុប្បន្នជាសមាជិកព្រឹទ្ធ សភាហ្វីលីពីនលោក រ៉ូណាល់ដូ ដេឡា រ៉ូសា ចូលទឹកដីរបស់សហរដ្ឋអាម៉េរិក ។ លោក ឌូទ័រតេ បាននិយាយថា ប្រសិនបើអ្នកមិនធ្វើការកែតម្រូវទេ លោកនឹងបញ្ចប់មូលដ្ឋានទ័ពដែលកើតចេញពីកិច្ចព្រមព្រៀងយោធាឆ្នាំ១៩៩៨ (VFA) លោកថា នឹងបិទបញ្ចប់វា ហើយលោកនឹងផ្តល់ឱ្យរដ្ឋាភិបាលអាម៉េរិករយៈពេលមួយខែចាប់ពីពេលនេះតទៅ ដើម្បីដោះស្រាយបញ្ហាទាំងនេះ ។

ដោយឡែកលោក រ៉ូណាល់ដូ ដេឡា រ៉ូសា បាននិយាយថា ស្ថានទូតអាមេរិកប្រចាំនៅប្រទេសហ្វីលីពីន មិនបានពន្យល់អំពីមូលហេតុលុបចោលទិដ្ឋាការរបស់លោកនោះទេ ប៉ុន្តែលោកជឿថា វាទំនងជាដោយសារតែការចោទប្រកាន់អំពីការសម្លាប់ក្រៅប្រព័ន្ធតុលាការ អំឡុងពេលអាណត្តិដឹកនាំប៉ូលិសអស់ពេលជាង២ឆ្នាំរបស់លោក ។ លោក រ៉ូណាល់ដូ ដេឡា រ៉ូសា គឺជាអ្នកដឹកនាំអនុវត្តច្បាប់បង្ក្រាបគ្រឿងញៀនខុសច្បាប់របស់លោក ឌូទ័រតេ ដែលបានបណ្តាលឱ្យមនុស្សស្លាប់ជាង៥.០០០នាក់ ដែលភាគច្រើនជាអ្នកជួញដូរគ្រឿងញៀនតូចតាច ៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner