មន្រ្តីជាន់ខ្ពស់អាម៉េរិកបញ្ជាក់ថា កំណើនពលទាហានអាម៉េរិកនៅតំបន់មជ្ឈិមបូព៌ានឹងមិនបញ្ចប់ឆាប់ៗនោះទេ
សហរដ្ឋអាម៉េរិក៖ ថ្វីត្បិតតែប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ សន្យានាំកងទ័ពចូលប្រទេសវិញក៏ដោយ ក៏ប៉ុន្តែមេបញ្ជាការកំពូលអាម៉េរិកនៅមជ្ឈិមបូព៌ានៅថ្ងៃទី២៣ ខែមករានេះ បាននិយាយថា កងកម្លាំងថ្មីៗចូលក្នុងតំបន់អាចនឹងបន្តនៅទីនោះមួយរយៈធំ ។
ឧត្តមសេនីយ៍នៃកងទ័ពម៉ារីនអាមេរិកលោក ហ្វ្រែង ម៉ាកខេនហ្ស៊ី បានប្រាប់នាវិកនិងទាហានម៉ារីននៅលើនាវាចម្បាំង USS Bataan ថា អ្នករាល់គ្នានៅទីនេះពីព្រោះលោកបានស្នើសុំឱ្យអ្នកមកទីនេះ…. លោកមិនប្រាកដទេថាតើអ្នកនឹងត្រូវស្នាក់នៅតំបន់នេះយូរប៉ុនណា យើងនឹងដោះស្រាយរឿងនេះ នៅពេលយើងបោះជំហានឈានទៅមុខ.. វាអាចយូរ ឬអាចឆាប់ជាងនេះ តែមិនដឹងទេឥឡូវនេះ ។
លោក ម៉ាក ខេនហ្ស៊ី និយាយទៀតថា អ៊ីរ៉ង់ពិបាកប៉ាន់ស្មានខ្លាំងណាស់ ដូច្នេះលោកសូមនិយាយថា ការពិតដែលអ្វីៗមានភាពស្ងាប់ស្ងាត់មួយរយៈមកនេះ មិនមែនមានន័យថា អ្វីៗកំពុងល្អប្រសើរនោះទេ ។
សូមបញ្ជាក់ថា ក្នុងរយៈពេល៨ខែកន្លងមកនេះ សហរដ្ឋអាម៉េរិកបានដាក់កងទ័ពបន្ថែមចំនួន២ម៉ឺននាក់ទៅកាន់តំបន់មជ្ឈិមបូព៌ា ដើម្បីទប់ទល់នឹងការគំរាមកំហែងដែលកំពុងកើនឡើងពីអ៊ីរ៉ង់ ដែលបានឈានដល់ចំណុចកំពូលនៅពេលមានការវាយប្រហារមីស៊ីលពីអ៊ីរ៉ង់ ទៅលើមូលដ្ឋានកងទ័ពអាម៉េរិកនៅអ៊ីរ៉ាក់ ៕ធ.ដ