អ៊ីតាលី៖ រដ្ឋាភិបាលតាលីបង់មិនអាចទទួលស្គាល់បានទេ ប៉ុន្តែប្រជាជនអាហ្វហ្គានីស្ថានត្រូវតែជួយ
រូម៖ រដ្ឋមន្ត្រីការបរទេសអ៊ីតាលីលោក លូជី ឌី ម៉ៃយ៉ូ ថ្លែងថា រដ្ឋាភិបាលតាលីបង់នៅអាហ្វហ្គានីស្ថានមិនអាចទទួលស្គាល់បានទេ ប៉ុន្តែលោកបានជំរុញឱ្យរដ្ឋាភិបាលបរទេសការពារការដួលរលំផ្នែកហិរញ្ញវត្ថុនៅទីនោះ ដែលនឹងបង្កឱ្យមានលំហូរជនអន្តោប្រវេសន៍យ៉ាងច្រើន។
លោក ឌី ម៉ៃយ៉ូ ដែលដឹកនាំកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេស G20 នៅទីក្រុងញូយ៉កសហរដ្ឋអាមេរិក កាលពីសប្តាហ៍មុន បានប្រាប់ទូរទស្សន៍អ៊ីតាលី Rai 3 ថា “ការទទួលស្គាល់រដ្ឋាភិបាលតាលីបង់មិនអាចទៅរួចទេ ដោយសារមានភេរវករ ១៧ នាក់ក្នុងចំណោមរដ្ឋមន្ត្រី ហើយសិទ្ធិមនុស្សរបស់ស្ត្រី និងក្មេងស្រីត្រូវបានរំលោភបំពានឥតឈប់ឈរ”។ លោកបន្តថា ទោះយ៉ាងណា ប្រជាជនអាហ្វហ្គានីស្ថានគួរតែចាប់ផ្តើមទទួលបានការគាំទ្រផ្នែកហិរញ្ញវត្ថុដែលត្រូវបានបង្កក បន្ទាប់ពីក្រុមតាលីបង់បានឡើងកាន់អំណាចកាលពីខែមុន។ លោក ឌី ម៉ៃយ៉ូ បាននិយាយដូច្នេះថា ច្បាស់ណាស់ យើងត្រូវតែការពារអាហ្វហ្គានីស្ថានពីការដាក់ពង្រាយ និងពីលំហូរនៃការធ្វើចំណាកស្រុកដែលមិនអាចគ្រប់គ្រងបាន ដែលអាចធ្វើឱ្យប្រទេសជិតខាងអស្ថិរភាព”។
លោកបន្ថែមថា “មានវិធីដើម្បីធានាការគាំទ្រផ្នែកហិរញ្ញវត្ថុដោយមិនផ្តល់ប្រាក់ដល់តាលីបង់។ យើងក៏បានយល់ព្រមផងដែរថា ផ្នែកមួយនៃជំនួយមនុស្សធម៌ត្រូវតែទៅការពារស្ត្រី និងក្មេងស្រីជានិច្ច”។ ទន្ទឹមនេះ ប្រទេស G20 រួមជាមួយប្រទេសជិតខាងអាហ្វហ្គានីស្ថានប្តេជ្ញាប្រយុទ្ធប្រឆាំងនឹងភេរវកម្ម ក៏ដូចជាធ្វើការដើម្បីការពារសិទ្ធិមនុស្ស៕ ប្រភព៖ CNA



