កូរ៉េខាងត្បូង ជំរុញកូរ៉េខាងជើងឱ្យប្រើប្រាស់ប្រព័ន្ធទំនាក់ទំនងរហ័សឡើងវិញ បើចង់ពិភាក្សាគ្នា
រដ្ឋាភិបាលកូរ៉េខាងត្បូង តាមរយៈក្រសួងបង្រួបបង្រួមជាតិបានជំរុញឱ្យភាគីកូរ៉េខាងជើង ផ្លាស់ប្ដូរសារគ្នាតាមរយៈប្រព័ន្ធទំនាក់ទំនងរហ័សឡើងវិញ ប្រសិនបើចង់ឱ្យមានកិច្ចពិភាក្សាណាមួយកើតឡើង។ នេះបើតាមសេចក្ដីថ្លែងការណ៍របស់ស្ថាប័ននេះកាលពីថ្ងៃអាទិត្យកន្លងទៅ។

ការជំរុញបែបនេះធ្វើឡើង ក្រោយពេលអ្នកស្រី គីម យ៉ូជុង (Kim Yo Jong) ប្អូនស្រីដ៏មានឥទ្ធិពលរបស់លោក គីម ជុងអ៊ុន បានលើកឡើងកាលពីថ្ងៃសៅរ៍សប្ដាហ៍មុនថា កូរ៉េទាំងពីរគួរតែបោះជំហានឈានទៅរកផ្លូវផ្សះផ្សាគ្នាឡើងវិញ ប្រសិនបើកូរ៉េខាងត្បូងបោះបង់ «គោលនយោបាយអរិភាព» និងបោះបង់គំនិតមិនស្មោះត្រង់ក្នុងការចរចា។
ខាងក្រសួងបង្រួបបង្រួមរបស់កូរ៉េខាងត្បូងបានឱ្យតម្លៃខ្ពស់នឹងការលើកឡើងរបស់អ្នកស្រី គីម ហើយបានបន្ថែមថា ភាគីខាងត្បូងតែងតែចង់ឱ្យឧបទ្វីបកូរ៉េលុបបំបាត់អាវុធនុយក្លេអ៊ែរ និងឆ្ពោះទៅកាន់សន្តិភាព ហើយគ្រប់យ៉ាងអាចធ្វើបានតាមរយៈកិច្ចសន្ទនា។
ដើម្បីឱ្យកិច្ចសន្ទនាណាមួយបានដំណើរការបាន លុះត្រាតែភាគីកូរ៉េខាងជើងប្រើប្រាស់ប្រព័ន្ធទំនាក់ទំនងរហ័ស ដែលជាប្រព័ន្ធផ្លាស់ប្ដូរសារតាមរយៈទូរស័ព្ទ និងទូរសារនៅព្រំប្រទល់កូរ៉េទាំងពីរ។ នេះបើតាមការលើកឡើងរបស់កូរ៉េខាងត្បូង។
តាមពិតទៅ ប្រព័ន្ធទំនាក់ទំនងរហ័សនេះត្រូវបានបើកប្រើឡើងវិញហើយ កាលពីរដូវក្ដៅឆ្នាំ២០២១នេះ ក្រោយពេលដែលផ្អាកប្រមាណមួយឆ្នាំកន្លងទៅ។ យ៉ាងណាមិញ នៅពេលដែលកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិកធ្វើសមយុទ្ធរួមកាលពីខែសីហា ប្រព័ន្ធទំនាក់ទំនងនេះត្រូវឈប់ប្រើប្រាស់ ដោយកូរ៉េខាងជើង បន្ទាប់ប្រើប្រាស់បានពីរសប្ដាហ៍៕