ក្រុមហ៊ុនប្តូរលុយគ្រីបតូ Huobi នឹងឈប់ធ្វើប្រតិបត្តិការជាមួយអតិថិជនចិនដីគោកត្រឹមចុងឆ្នាំ ២០២១
ក្រុមហ៊ុនប្ដូររូបិយប័ណ្ណឌីជីថលចិន Huobi Global និយាយកាលពីថ្ងៃអាទិត្យថា ខ្លួនឈប់ទទួលយកអតិថិជនចិនដីគោកថ្មីចាប់ពីថ្ងៃសុក្រ ហើយនឹងបញ្ចប់កិច្ចសន្យាជាមួយអតិថិជនដែលមានស្រាប់ត្រឹមចុងឆ្នាំ ២០២១ ដើម្បីអនុវត្តតាមបទបញ្ជាក្នុងស្រុករបស់រដ្ឋាភិបាលក្រុងប៉េកាំង។

ក្រុមហ៊ុននិយាយនៅក្នុងសេចក្ដីថ្លែងការណ៍មួយថា៖ «ដើម្បីអនុលោមតាមច្បាប់ និងបទបញ្ជាក្នុងស្រុក ក្រុមហ៊ុន Huobi Global បញ្ឈប់ការចុះឈ្មោះគណនីសម្រាប់អ្នកប្រើប្រាស់ថ្មីនៅចិនដីគោក ចាប់ផ្ដើមពីថ្ងៃទី ២៤ ខែកញ្ញាទៅ។ ក្រុមហ៊ុននឹងបញ្ឈប់គណនីអ្នកប្រើប្រាស់ចិនដីគោកដែលមានស្រាប់ត្រឹមចុងខែធ្នូនេះ ហើយធានាចំពោះសុវត្ថិភាពទ្រព្យសម្បត្តិអ្នកប្រើប្រាស់ទាំងអស់នេះ»។
និយតករចិនបង្កើនការបង្ក្រាបរបស់ខ្លួនកាលពីថ្ងៃសុក្រ ដោយហាមឃាត់ប្រតិបត្តិការរូបិយប័ណ្ណឌីជីថល ឬលុយគ្រីបតូ និងការទាញយករូបិយប័ណ្ណប្រភេទនេះ ដោយបញ្ជាក់ថាការដោះដូរនៅក្រៅប្រទេសត្រូវបានហាមឃាត់មិនឱ្យផ្តល់សេវាកម្មដល់វិនិយោគិនក្នុងប្រទេសតាមរយៈអ៊ិនធឺណិតនោះទេ។
ក្នុងឆ្នាំ ២០១៧ ប្រទេសចិនប្រកាសប្រាប់អ្នកផ្ដល់សេវាកម្មប្តូរប្រាក់ក្នុងស្រុកឱ្យបញ្ឈប់ការធ្វើពាណិជ្ជកម្មរវាង លុយក្រឹត្យ (Fiat money) និងថូខឹនគ្រីបតូផ្សេងៗ បង្ខំឱ្យក្រុមហ៊ុនប្តូរលុយគ្រីបតូដូចជា Huobi និង Binance ប្ដូរទីតាំងអាជីវកម្មរបស់ខ្លួនទៅសិង្ហបុរី និងម៉ាល់តាវិញ សម្រាប់វេទិកាពាណិជ្ជកម្មសំខាន់របស់ខ្លួន។
កាលពីខែមិថុនា ក្រុមហ៊ុន Huobi ហាមឃាត់អ្នកប្រើប្រាស់ចិនដែលមានស្រាប់ មិនឱ្យធ្វើពាណិជ្ជកម្មលើផលិតផលដែលមានហានិភ័យដូចជាឧបករណ៍និស្សន៍ (Derivative) ជាដើម បន្ទាប់ពីគណៈរដ្ឋមន្ត្រីចិនអំពាវនាវឱ្យមានការរឹតបន្តឹងជាថ្មីលើការធ្វើពាណិជ្ជកម្មលុយគ្រីបតូ និងការទាញយកវា។