តំណាងមីយ៉ាន់ម៉ាមិនឡើងថ្លែងសុន្ទរកថានៅវេទិកាអង្គការសហប្រជាជាតិឡើយ

មីយ៉ាន់ម៉ា នឹង​មិនមាន​តំណាង​ណា​មួយ​ឡើង​និយាយ​នៅ​វេទិកា​មហាសន្និបាត​អង្គការ​សហប្រជាជាតិ​ឡើយ​នៅ​ឆ្នាំ២០២១​នេះ ស្រប​ពេល​ថ្នាក់​ដឹកនាំ​ពិភពលោក​នានា​ថ្លែង​សុន្ទរកថា​នៅ​ទីស្នាក់ការ​អង្គការ​នេះ​នា​ឯ​ទីក្រុង​ញូវយ៉ក ទោះ​ក្នុង​ទម្រង់​មក​ដោយ​ផ្ទាល់​ក្ដី ឬ ដោយ​ខ្សែ​អាត់​វីដេអូ​ថត​ទុក​ជា​មុន​ក្ដី។

ជា​រៀងរាល់​ឆ្នាំ​ មុន​ពេល​ដែល​សម័យ​ប្រជុំ​ថ្មី​ត្រូវ​បាន​បើក មេដឹកនាំ​ពិភពលោក​នានា​ ច្រើន​តែ​មក​ជួប​ប្រជុំ​គ្នា​នៅ​បុរី​ញូវយ៉ក ដើម្បី​មក​បក​ស្រាយ​ពី​គោលជំហរ​នានា​របស់​ខ្លួន​ទៅ​កាន់​ពិភពលោក។ សម្រាប់​ឆ្នាំ២០២១ នេះ វេទិកា​ដេញដោល​មតិ​នេះ​ចាប់​ផ្ដើម​ឡើង​នៅ​ថ្ងៃ​ទី២១ ខែ​កញ្ញា រហូត​ដល់​ថ្ងៃ​ទី២៧ ខែ​កញ្ញា។

សម្រាប់​ករណី​មីយ៉ាន់ម៉ា​វិញ មុន​នឹង​កិច្ច​ប្រជុំ​ចាប់​ផ្ដើម ​កាលវិភាគ​ព្រាង​មួយ​បាន​បង្ហាញ​ឱ្យ​ឃើញ​ថា តំណាង​អចិន្ត្រៃយ៍​របស់​ប្រទេស​អាស៊ីអាគ្នេយ៍​នេះ​ប្រចាំ​នៅ​អង្គការ​សហប្រជាជាតិ​គឺ លោក Kyaw Moe Tun ជា​អ្នក​ត្រូវ​ឡើង​និយាយ​នៅ​ឆាក​ស្ថាប័ន​ពិភពលោក​នេះ នៅ​ថ្ងៃ​ចុង​ក្រោយ​ ពោល​គឺ​នៅ​ថ្ងៃ​ច័ន្ទ​សប្ដាហ៍​នេះ។

អ្នក​នាំ​ពាក្យ​អង្គការ​សហប្រជាជាតិ​លោក Stephane Dujarric បាន​ប្រាប់​ទៅ​កាន់​អ្នក​សារព័ត៌មាន​តាម​សារ​អេឡិចត្រូនិក​ថា «ស្ថិត​ក្នុង​ចំណុច​នេះ មីយ៉ាន់ម៉ា​មិន​ឡើង​និយាយ​នោះ​ទេ»។

ចំណែក​ឯ​លោក Kyaw Moe Tun ខ្លួន​ឯង​ផ្ទាល់​បាន​ប្រាប់​បញ្ជាក់​ទៅ​កាន់​សារព័ត៌មាន Reuters ថា លោក​ក៏​នឹង​មិន​ថ្លែង​សុន្ទរកថា​ណា​មួយ​នៅ​វេទិកា​អង្គការ​សហប្រជាជាតិ​នោះ​ទេ។

លោក​បាន​លើកឡើង​ថា «ខ្ញុំ​ដក​ឈ្មោះ ពី​បញ្ជី​ត្រូវ​ឡើង​និយាយ​ ហើយ​នឹង​ខ្ញុំ​នឹង​មិន​បកស្រាយ​អ្វី​ឡើយ​នៅ​ក្នុង​វេទិកា​ដេញដោល​មតិ​ទូទៅ​នេះ»។

អាសនៈ​មីយ៉ាន់ម៉ា​ប្រចាំ​អង្គការ​សហប្រជាជាតិ​នៅ​មាន​ភាព​ចម្រូងចម្រាស​នៅ​ឡើយ ក្រោយ​ពី​ក្រុម​យោធា​ធ្វើ​រដ្ឋប្រហារ​ទម្លាក់​រដ្ឋាភិបាល​ស៊ីវិល​ដឹកនាំ​ដោយ​គណបក្ស​សម្ព័ន្ធ​ជាតិ​ដើម្បី​ប្រជាធិបតេយ្យ​ កាល​ពី​ខែ​កុម្ភៈ​កន្លង​ទៅ។

បន្ទាប់​ពី​មាន​ព្រឹត្តិការណ៍​ថ្ងៃ​ទី១ ខែ​កុម្ភៈ ទាំង​ខាង​យោធា និង​ខាង​ស៊ីវិល ដែល​តំណាង​ដោយ​រដ្ឋាភិបាល​រួបរួម​ជាតិ​មីយ៉ាន់ម៉ា (NUG) បាន​អះអាង​រៀង​ៗ​ខ្លួន​ថា ខ្លួន​មាន​សិទ្ធិ​ស្រប​ច្បាប់​ក្នុង​ការ​គ្រប់គ្រង​ប្រទេស​មីយ៉ាន់ម៉ា។

ក្រោយ​ពេល​រដ្ឋប្រហារ​ លោក Kyaw Moe Tun បាន​កក្រើក​ពិភពលោក​ ដោយ​ប្រកាស​ថា លោក​ជា​ទូត​តំណាង​ឱ្យ​រដ្ឋាភិបាល​ស៊ីវិល ហើយ​ព្រម​ទាំង​ថ្កោល​ទោស​ការ​ធ្វើ​រដ្ឋប្រហារ​ ដោយ​ក្រុម​យោធា​ទៀត​ផង​។ បន្ទាប់​មក​ ក្រសួង​ការបរទេស​ ដែល​តែងតាំង​ដោយ​យោធា បាន​ប្រកាស​បណ្ដេញ​លោក​ចេញ​ពី​តំណែង ហើយ​ចោទ​លោក​ក្រោម​បទ​ក្បត់​ជាតិ។

អ្វី​ដែល​កាន់​ស្មុគស្មាញ​ទៅ​ទៀត​នោះ​គឺ លោក Wunna Muang Lwin បាន​សរសេរ​សំបុត្រ​ទៅ​កាន់​លោក អង់តូនីញ៉ូ ហ្គូទែរ៉េស អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ កាល​ពី​ខែ​ឧសភា ស្ដី​ពី​ការ​តែងតាំង​អតីត​កងទ័ព​ជើង​អាកាស​មីយ៉ាន់ម៉ា ធ្វើ​ជា​ទូត​នៅ​អ.ស.ប. ជំនួស​លោក Kyaw Moe Tun។

ជា​ធម្មតា​ រាល់​ការ​សម្រេច​លើ​ភាព​ស្រប​ច្បាប់​របស់​តំណាង​ណា​មួយ ជា​សមត្ថកិច្ច​របស់​គណៈកម្មការ​ទទួល​សារតាំង​របស់​ស្ថាប័ន​ពិភពលោក​នេះ។ គណៈកម្មការ​នេះ​មាន​សមាជិក ៩ប្រទេស ដោយ​ក្នុង​នោះ​ក៏​មាន​សហរដ្ឋអាមេរិក ចិន និង​រុស្ស៊ី​ផង​ដែរ។

ចាប់​តាំង​ពី​ពេល​នោះ​មក មិន​មាន​ការ​សម្រេច​ច្បាស់​លាស់​ណា​មួយ​ថា ក្រុម​ណា​មួយ​ជា​អ្នក​តំណាង​មីយ៉ាន់ម៉ា​នោះ​ទេ ប៉ុន្តែ​លោក Kyaw Moe Tun នៅ​បន្ត​កាន់​តំណែង​ដដែល ហើយ​ថែម​ទាំង​បោះឆ្នោត​យល់​ព្រម​លើ​សេចក្ដី​សម្រេច​ចិត្ត​របស់​មហាសន្និបាត​អង្គការ​សហប្រជាជាតិ​កាល​ពី​ខែ​មិថុនា ដែល​ធ្វើ​ការ​អំពាវនាវ​មិន​ឱ្យ​មាន​ «លំហូរ​ចូល​នៃ​អាវុធ» ​ទៅ​កាន់​មីយ៉ាន់ម៉ា​ទៀត​ផង​។

ពាក់ព័ន្ធ​នឹង​រឿង​នេះ​ដែរ បើ​តាម​ការ​ចុះ​ផ្សាយ​របស់​ព្រឹត្តិបត្រ​ព័ត៌មាន Foreign Policy នៅ​ក្នុង​ខែ​កញ្ញា​នេះ សហរដ្ឋអាមេរិក និង​ចិន បាន​ព្រមព្រៀង​ក្រៅ​ផ្លូវការ​ក្នុង​ការ​សម្រេច​ចិត្ត​រក្សា​នូវ​វត្តមាន​របស់​លោក Kyaw Moe Tun នៅ​ប្រថាប់​លើ​អាសនៈ​មីយ៉ាន់ម៉ា​ក្នុង​អង្គការ​សហប្រជាជាតិ​ដដែល រហូត​ដល់​មាន​កិច្ច​ប្រជុំ​របស់​គណៈកម្មការ​ទទួល​សារតាំង​នៅ​ខែ​វិច្ឆិកា។

ជា​ថ្នូរ​មក​វិញ លោក Kyaw Moe Tun នឹង​មិន​ឡើង​ថ្លែង​សុន្ទរកថា​នៅ​វេទិកា​ដេញដោល​មតិ​នៅ​ UN នោះ​ទេ។

ខាង Foreign Policy បាន​អះអាង​ថា រុស្ស៊ី សហភាព​អឺរ៉ុប ហើយ​សមាជិក​មួយ​ចំនួន​របស់​ប្រទេស​សមាគម​ប្រជាជាតិ​អាស៊ីអាគ្នេយ៍ ឬ ហៅ​កាត់​ថា អាស៊ាន បាន​ប្រកាស​គាំទ្រ​លើ​ការ​សម្រេច​ចិត្ត​នេះ។

កាល​ពី​សប្ដាហ៍​មុន លោក Kyaw Moe Tun បាន​ប្រាប់ Reuters ថា លោក​ក៏​បាន​ដឹង​អំពី​រឿង​នេះ​ផង​ដែរ តែ​លោក​មិន​បាន​ផ្ដល់​ការ​អត្ថាធិប្បាយ​លម្អិត​ណា​មួយ​ឡើយ។

ស្ថានភាព​នៅ​មីយ៉ាន់ម៉ា​កាន់​តែ​មាន​ភាព​តឹងតែង​បន្ថែម​ទៀត​រវាង​ក្រុម​យោធា និង​ក្រុម​អ្នក​ប្រឆាំង​នឹង​រដ្ឋប្រហារ បន្ទាប់​ពី​រដ្ឋាភិបាល​ NUG ប្រកូកប្រកាស​អំពាវនាវ​ឱ្យ​មាន​ការ​បះបោរ​ប្រឆាំង​នឹង​អាជ្ញាធរ​យោធា កាល​ពី​ដើម​ខែ​កញ្ញា​កន្លង​ទៅ៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner