ប៉ាឡេស្ទីន ៥នាក់ត្រូវបានបាត់បង់ជីវិត អំឡុងប្រតិបត្តិការយោធាអ៊ីស្រាអែល
ជនជាតិប៉ាឡេស្ទីនចំនួន ៥នាក់ត្រូវបានបាត់បង់ជីវិត ដោយប្រតិបត្តិការយោធាអ៊ីស្រាអែល កាលពីថ្ងៃអាទិត្យកន្លងទៅ នៅតំបន់ West Bank។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន Al Jazeera។

យោងតាមការឱ្យដឹងរបស់ក្រសួងសុខាភិបាលប៉ាឡេស្ទីន មនុស្សចំនួន ២នាក់ត្រូវបានសម្លាប់នៅទីប្រជុំជន Burqin ដែលនៅក្បែរទីក្រុង Jenin ហើយ ៣នាក់ទៀតត្រូវបានសម្លាប់នៅទីប្រជុំជន Biddu ដែលនៅជិតទីក្រុងហ្ស៊េរុយសាឡិម។
សារព័ត៌មានក្នុងស្រុកប៉ាឡេស្ទីនបានចុះផ្សាយថា ហេតុការណ៍នេះកើតឡើងបន្ទាប់ពីខាងអ៊ីស្រាអែលចូលឆែកឆេរនៅតាមផ្ទះក្នុងភូមិប៉ាឡេស្ទីនមួយចំនួន ដែលបណ្ដាលឱ្យមានការប៉ះទង្គិចគ្នា។
ចំណែកឯសារព័ត៌មានអ៊ីស្រាអែលវិញ បានហៅប្រតិបត្តិការយោធានេះ ជាប្រតិបត្តិការប្រឆាំងនឹងក្រុមសកម្មប្រយុទ្ធ Hamas ដែលជាចលនាតស៊ូឥស្លាមរបស់ប៉ាឡេស្ទីន។ ខាងអ៊ីស្រាអែលបានបន្ថែមថា ទាហានរបស់ខ្លួនចំនួន ២នាក់បានរបួសធ្ងន់ធ្ងរក្នុងប្រតិបត្តិការនេះ។
ប៉ាឡេស្ទីនជាគោលការណ៍មានសិទ្ធិជារដ្ឋគ្រប់គ្រងមួយចំនួននៅតំបន់ West Bank (ភាគកណ្ដាលអ៊ីស្រាអែល) និងតំបន់ Gaza (ជាប់សមុទ្រមេឌីទែរ៉ាណេ)។ យ៉ាងណាមិញ ក្នុង ២តំបន់នេះ ក៏មានអាជ្ញាធរគ្រប់គ្រងផ្សេងគ្នាផងដែរ ដោយតំបន់ West Bank គ្រប់គ្រងដោយអាជ្ញាធរប៉ាឡេស្ទីន (PA) និងតំបន់ Gaza គ្រប់គ្រងដោយក្រុម Hamas៕