ប្រជាជនទុយនីស៊ីរាប់ពាន់នាក់ តវ៉ាប្រឆាំងនឹងការដណ្ដើមអំណាចរបស់លោកប្រធានាធិបតី Saied
បាតុករទុយនីស៊ីរាប់ពាន់នាក់ប្រមូលផ្តុំគ្នាកាលពីថ្ងៃអាទិត្យនៅរដ្ឋធានីទុយនីស ដើម្បីតវ៉ាប្រឆាំងនឹងការដណ្តើមអំណាចរបស់ប្រធានាធិបតីលោក Kais Saied ដោយអំពាវនាវឱ្យលោកចុះចេញពីតំណែងក្នុងការបង្ហាញកំហឹងជាសាធារណៈដ៏ធំបំផុត ចាប់តាំងពីលោកចេញចលនាដែលក្រុមប្រឆាំងចោទប្រកាន់ថាជាការធ្វើរដ្ឋប្រហារ។

កាលពីថ្ងៃពុធសប្ដាហ៍មុន លោក Saied ប្រកាសអំណាចរបស់ខ្លួនក្នុងការគ្រប់គ្រងប្រទេសដោយក្រឹត្យទាំងដកហូតនូវរដ្ឋធម្មនុញ្ញឆ្នាំ ២០១៤ ប្រមាណតែពីរខែប៉ុណ្ណោះបន្ទាប់ពីលោកបណ្តេញនាយករដ្ឋមន្រ្តីចាស់ចេញពីដំណែង ព្យួរសភា និងប្រើអំណាចប្រតិបត្តិ។ តាមរយៈក្រឹត្យនេះ លោក Saied មានអំណាចអាចតែងតាំងសមាជិកគណៈរដ្ឋមន្ត្រី និងកំណត់គោលនយោបាយ។
មនុស្សប្រមាណជាង ២ ០០០ នាក់ប្រមូលផ្ដុំគ្នាមុខរោងមហោស្រពជាតិ ដែលជាកន្លែងប្រវត្តិសាស្ត្រនៃការធ្វើបាតុកម្មធំៗនៅក្រុងទុយនីស។ បាតុករម្នាក់ឈ្មោះ Soumaya Werhani វ័យ៣០ ឆ្នាំ និយាយថា៖ «ខ្ញុំពិតជាខឹងខ្លាំងណាស់។ យើងធ្វើបាតុកម្មដើម្បីប្រឆាំងការសម្រេចចិត្តរបស់ប្រធានាធិបតី ក្នុងការដកហូតរដ្ឋធម្មនុញ្ញ និងការធ្វើរដ្ឋប្រហារប្រឆាំងស្ថាប័នរដ្ឋ»។
អង្គការសិទ្ធិមនុស្សពិភពលោក និងទុយនេស៊ីជាង ២០ ចេញសេចក្តីថ្លែងការណ៍រួមមួយកាលពីថ្ងៃសៅរ៍ ដោយថ្កោលទោសចលនារបស់លោកប្រធានាធិបតី Saied ថាជាការដណ្តើមអំណាច។ ហត្ថលេខីអះអាងថា ក្រឹត្យដែលពង្រឹងអំណាចរបស់ការិយាល័យប្រធានាធិបតី ដកនាយករដ្ឋមន្ត្រី និងបង្កកសភានេះ គឺជាការលុបបំបាត់បញ្ជាតាមរដ្ឋធម្មនុញ្ញដោយចេតនា ក្នុងជំហានដំបូងឆ្ពោះទៅរករបបផ្តាច់ការ។
បាតុករម្នាក់ទៀតឈ្មោះ Belgassen Bounara ជាអ្នកលក់កុំព្យូទ័រមកពីក្រុងដាច់ស្រយាល Tataouine ភាគខាងត្បូងទុយនីស៊ី និយាយថា៖ «ខ្ញុំមកចូលរួមការតវ៉ានេះគឺដោយសារតែ លោក Saied ចង់កម្ចាត់រដ្ឋធម្មនុញ្ញ និងលទ្ធិប្រជាធិបតេយ្យរបស់យើង។ លោកកំពុងនាំយើងត្រលប់ទៅរករបបផ្តាច់ការ»។
ការតវ៉ាកាលពីថ្ងៃអាទិត្យ គឺជាលើកទីពីរហើយ ចាប់តាំងពីលោក Saied បណ្តេញរដ្ឋាភិបាល និងបង្កកសភាកាលពីថ្ងៃទី ២៥ ខែកក្កដា។ យ៉ាងណាមិញ ចលនារបស់លោកប្រធានាធិបតីរូបនេះ ក៏មានការយល់ស្របពីប្រជាជនយ៉ាងច្រើនដែលមើលឃើញថាសកម្មភាពរបស់លោកចាំបាច់ដើម្បីដោះស្រាយវិបត្តិនយោបាយ ការជាប់គាំងផ្នែកសេដ្ឋកិច្ច និងការឆ្លើយតបមិនល្អចំពោះការរីករាលដាលនៃជំងឺកូវីដ-១៩។ អ្នកគាំទ្ររបស់លោករាប់សិបនាក់ ក៏បង្ហាញខ្លួននៅក្នុងបាតុកម្មនេះផងដែរ។
លោក Ahmed ដែលសុំមិនបញ្ចេញឈ្មោះពេញ និយាយថា៖ «យើងគាំទ្រលោកប្រធានាធិបតី Saied ដោយសារតែលោកប្រកាសសង្គ្រាមប្រឆាំងនឹងវណ្ណៈនយោបាយពុករលួយ»។
លោក Saied មិនកំណត់ពេលវេលាណាមួយលើការកាន់អំណាចរបស់លោកទេ ប៉ុន្តែនិយាយថា លោកនឹងតែងតាំងគណៈកម្មាធិការមួយដើម្បីជួយធ្វើសេចក្តីព្រាងវិសោធនកម្មរដ្ឋធម្មនុញ្ញឆ្នាំ ២០១៤ និងបង្កើត «លទ្ធិប្រជាធិបតេយ្យពិតប្រាកដ ដែលពិតជាឱ្យប្រជាជនទុយនីស៊ីមានអធិបតេយ្យភាព។
លោក Slaheddine Jourchi អ្នកវិភាគនយោបាយនិយាយថា បាតុកម្មកាលពីថ្ងៃអាទិត្យគឺជាការកើនឡើងនៃការប្រឆាំងនឹងប្រធានាធិបតីយ៉ាងច្បាស់ ហើយថាមានហានិភ័យនៃការបែកបាក់គ្នាបន្ថែមទៀតក្នុងចំណោមប្រជាជនទុយនីស៊ី ប្រសិនបើគ្មានកិច្ចសន្ទនានយោបាយទេនោះ។
ជាមួយគ្នានោះ គណបក្សនយោបាយដ៏ធំបំផុតរបស់ប្រទេស Islamist Ennahda អំពាវនាវឱ្យប្រជាជនរួបរួមគ្នា និងការពារលទ្ធិប្រជាធិបតេយ្យនៅក្នុងការតស៊ូដោយសន្តិភាព។ មេដឹកនាំបក្សលោក Rached Ghannouchi ហៅការប្រកាសអំណាចរបស់លោក Saied ថា ជាការបោះជំហានថយក្រោយ ដោយលោកនិយាយកាលពីថ្ងៃព្រហស្បត្តិ៍ថា៖ «វាជាការវិលត្រឡប់ទៅរដ្ឋធម្មនុញ្ញឆ្នាំ ១៩៥៩ ក្រោមអំណាចផ្ដាច់ការរបស់មនុស្សម្នាក់ដែលប្រឆាំងនឹងបដិវត្តន៍»។
លោកបន្តថា៖ «ប្រជាជនទុយនីស៊ីប្រឆាំងនឹងអំពើហិង្សា។ យើងសង្ឃឹមថា គណបក្ស Ennahdha គណបក្សដទៃទៀត និងសង្គមស៊ីវិល នឹងប្រយុទ្ធដើម្បីស្តាររដ្ឋធម្មនុញ្ញ និងលទ្ធិប្រជាធិបតេយ្យរបស់យើងឡើងវិញ»។
យ៉ាងណាមិញ ចលនារបស់លោក Saied បានធ្វើឱ្យផ្ទៃក្នុងបក្ស Ennahdha បាក់បែក ដោយមន្រ្តីលេចធ្លោជាង ១០០ នាក់របស់បក្សនេះរួមទាំងអ្នកតាក់តែងច្បាប់ និងអតីតរដ្ឋមន្រ្តី លាលែងចុះចេញពីតំណែងកាលពីថ្ងៃសៅរ៍ដើម្បីតវ៉ាចំពោះការអនុវត្តរបស់ថ្នាក់ដឹកនាំរបស់ខ្លួន។ មន្រ្តីទាំងនេះ ស្ដីបន្ទោសលោក Ghannouchi និងក្រុមរបស់លោកដែលបរាជ័យក្នុងការបង្កើតរណសិរ្សរួបរួមមួយដើម្បីប្រឆាំងលោក Saied និងប្រឈមមុខនឹងវិបត្តិនយោបាយរបស់ប្រទេស។
ទន្ទឹមគ្នានេះ ប្រទេសអារ៉ាប់មួយចំនួនដូចជា អេមីរ៉ាតអារ៉ាប់រួម អារ៉ាប៊ីសាអ៊ូឌីត និងអេហ្ស៊ីប ដែលមិនមានជំនឿលើមនោគមវិជ្ជានយោបាយអ៊ិស្លាមនិយមទូទាំងមជ្ឈឹមបូព៌ាជាយូរមកហើយនោះ ក៏បង្ហាញការគាំទ្ររបស់ខ្លួនចំពោះលោកប្រធានាធិបតី Saied។
ទុយនីស៊ីត្រូវបានគេរាប់ថា ជាប្រទេសតែមួយគត់ដែលទទួលបានជោគជ័យក្នុងការផ្លាស់ប្តូរលទ្ធិប្រជាធិបតេយ្យក្នុងបណ្តាប្រទេសអារ៉ាប់ដែលឆ្លងកាត់បដិវត្តន៍ផ្តួលរំលំរបបដឹកនាំ «និទាឃរដូវអារ៉ាប់» ឬ «Arab Spring» ដូចជាអេហ្ស៊ីប លីប៊ី និងយេម៉ែនជាដើម។