២ភាគ៣ នៃអ្នកបោះឆ្នោតគាំទ្រការរៀបអាពាហ៍ពិពាហ៍សម្រាប់អ្នកស្រលាញ់ភេទដូចគ្នានៅស្វីស
ស្ទើរតែពីរភាគបី នៃអ្នកបោះឆ្នោតនៅ ប្រទេសស្វីសបានបោះឆ្នោត គាំទ្រអាពាហ៍ពិពាហ៍សម្រាប់ភេទដូចគ្នានៅក្នុងការធ្វើប្រជាមតិមួយ។ ប្រហែល ៦៤% នៃប្រជាជនសរុបបានគាំទ្រវិធានការនេះដែលធ្វើឱ្យប្រទេសមួយនេះ ក្លាយជាប្រទេសចុងក្រោយនៅអឺរ៉ុបខាងលិច ដែល អនុញ្ញាតឱ្យអាពាហ៍ពិពាហ៍ភេទដូចគ្នា មានភាពស្របច្បាប់។

អ្នកធ្វើយុទ្ធនាការ បានសាទរការបោះឆ្នោតនេះថាជាពេលវេលាប្រវត្តិសាស្ត្រ សម្រាប់សិទ្ធិអ្នកស្រឡាញ់ភេទដូចគ្នានៅក្នុងប្រទេសមួយនេះ។ នៅក្នុងការបង្កើតការបោះឆ្នោតក្រុមសាសនានិង គណបក្សនយោបាយអភិរក្ស បានប្រឆាំងនឹងគំនិតនេះដោយនិយាយថា វានឹងធ្វើឱ្យប៉ះពាល់ដល់គ្រួសារបែបប្រពៃណីជាច្រើន។ប្រទេសស្វីសបានអនុញ្ញាតឱ្យគូស្នេហ៍ភេទដូចគ្នា ចុះបញ្ជីភាពជាដៃគូតាំងពីឆ្នាំ ២០០៧ ប៉ុន្តែសិទ្ធិខ្លះត្រូវបានរឹតត្បិត។ វិធានការនេះនឹង ធ្វើឱ្យគូស្វាមីភរិយាភេទដូចគ្នា អាចទទួលយកកូនដែលមិនជាប់សាច់ឈាម និងសម្រាប់គូស្វាមីភរិយាស្រលាញ់ភេទដូចគ្នាដែលរៀបការហើយ អាចមានកូនតាមរយៈការបរិច្ចាគមេជីវិតឈ្មោល។
ចំណាត់ការនេះ នឹងធ្វើឱ្យប្រទេសស្វីសក្លាយជា ប្រទេសទី ៣០ នៅលើពិភពលោកដែលទទួលយកអាពាហ៍ពិពាហ៍ភេទដូចគ្នា។ លោក Jan Muller នៃគណៈកម្មាធិការយុទ្ធនាការ «Yes» បានប្រាប់ AFP ថា « វាជាថ្ងៃប្រវត្តិសាស្ត្រសម្រាប់ប្រទេសស្វីស ដែលជាថ្ងៃប្រវត្តិសាស្រ្តដែលនិយាយអំពីភាពស្មើគ្នាចំពោះគូស្នេហ៍ភេទដូចគ្នាហើយ វាក៏ជាថ្ងៃដ៏សំខាន់សម្រាប់សហគមន៍អ្នកស្រឡាញ់ភេទដូចគ្នាទាំងមូលផងដែរ» ។
រដ្ឋមន្រ្តីក្រសួងយុត្តិធម៌លោកស្រី Karin Keller-Sutter បាននិយាយថា អាពាហ៍ពិពាហ៍ភេទដូចគ្នាលើកដំបូងនឹង ប្រព្រឹត្តទៅនៅខែកក្កដាឆ្នាំក្រោយ។ ក្នុងរយៈពេល ២០ ឆ្នាំចុងក្រោយនេះ ប្រទេសភាគច្រើននៅអឺរ៉ុបខាងលិចបានទទួលស្គាល់អាពាហ៍ពិពាហ៍ភេទដូចគ្នា។