វិទ្យាស្ថានខុងជឺ នៃ សាកលវិទ្យាល័យជាតិបាត់ដំបង ប្រកួតផ្តាច់ព្រ័ត្រដណ្តើមនូវជ័យលាភីចំណាត់ថ្នាក់នៃការប្រកួតនិទានរឿងភាសាចិន ដើម្បីជាមិត្ភភាពកម្ពុជា-ចិន
នៅថ្ងៃទី២៧ខែកញ្ញាឆ្នាំ២០២១នេះ សាកលវិទ្យាល័យជាតិបាត់ដំបង បានសហការជាមួយសមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិន មូលនិធិចិនដើម្បីសន្តិភាពនិងការអភិវឌ្ឍ និងមជ្ឈមណ្ឌលវប្បធម៌ចិនប្រចាំនៅកម្ពុជា និងវិទ្យាស្ថានខុងជឺ ដោយមានការគាំទ្រពីស្ថានទូតចិន ប្រចាំនៅកម្ពុជា ពីក្រសួងអប់រំ យុវជន និងកីឡា ពីសភាពាណិជ្ជកម្មចិនប្រចាំខេត្តបាត់ដំបង នូវក្នុងការរៀបចំការប្រកួតផ្តាច់ព្រ័ត្រ”និយាយរឿងនិទានជាភាសាចិន” ក្រោមវត្តមានជាអធិបតី របស់ ឯកឧត្តម ស សុខា រដ្ឋលេខាធិការក្រសួងអប់រំ យុវជននិងកីឡា និងជាប្រធានគណៈកម្មការគ្រប់គ្រងនៃសាកលវិទ្យាល័យជាតិបាត់ដំបងតាមរយៈប្រព័ន្ធអនឡាញ នៅក្នុងពិធីប្រកួតនេះ។
ថ្លែងនៅក្នុងពិធីប្រកួតការនិទានរឿងជាភាសាចិន ដែលរៀបចំដោយសាកលវិទ្យាល័យជាតិបាត់ដំបង និងការជួយឧបត្ថម្ភពីការិយាល័យមូលនិធិចិន ដើម្បីសន្តិភាពនិងការអភិវឌ្ឍ ប្រចាំនៅកម្ពុជា លោក ឆាង ជាន អគ្គទីប្រឹក្សាស្ថានទូតចិនប្រចាំនៅកម្ពុជា ក៏បានសម្ដែង នូវ ក្ដីសង្ឃឹមយ៉ាងមុតមាំថា៖ យុវជននៃប្រទេសទាំងពីរ កម្ពុជា-ចិន កាន់តែច្រើនឡើងនឹងស្វែងយល់ពីវប្បធម៌សង្គម និងរៀនភាសាពីគ្នាទៅវិញទៅមក ដើម្បីប្រែក្លាយជាស្ពាន និងជាវិថីដែលផ្សាភ្ជាប់នូវទំនាក់ទំនងមិត្តភាពរវាងប្រទេសយើងទាំងពីរ ផងដែរ។
លោក ឆាង ជាន ក៏បានកោតសរសើរចំពោះបេក្ខជននិងសិស្សានុសិស្សដែលបានខិតខំជំនះនូវផលប៉ះពាល់ពីការរីករាលដាលពីជំងឺកូវីដ-19ក្នុងការប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការរៀនភាសាចិន ក្នុងខណៈភាសា គឺ៖ជាឧបករណ៍ ក្នុងការទំនាក់ទំនង ហើយវាក៏ជាគ្រឹះដ៏សំខាន់ដែលជួយឲ្យយើងយល់ពីភាពខុសគ្នា ការប្រកាន់ខ្ជាប់ភាពជារួម ពីការគោរពនិងឲ្យតម្លៃគ្នា និងពីការទំនាក់ទំនង ស្មើភាពគ្នាផងដែរ។មន្រ្តីជាន់ខ្ពស់នៃស្ថានទូតចិនក៏បានផ្តោតនូវការរំពឹងនិងសង្ឃឹមទុកថា៖ យុវជន កម្ពុជា-ចិនកាន់តែច្រើនឡើងនឹងរៀនភាសាគ្នាទៅវិញទៅមក។ លោកបានបញ្ជាក់ដោយសង្កត់ធ្ងន់ទៀតថា៖ ប្រទេសចិន និងកម្ពុជា គឺ៖មានប្រព័ន្ធសង្គម វប្បធម៌ ប្រវត្តិសាស្រ្ត និងដំណាក់កាល នៃការអភិវឌ្ឍន៍ផ្សេងគ្នា ក៏ប៉ុន្តែពួកយើងមានភូមិរបងជិតគ្នា ប្រជាជនមានភាពជិតស្និទ្ធជាមួយគ្នា យើងមានទំនាក់ទំនងវប្បធម៌ទៅវិញទៅមក និងជាអ្នកជិតខាងដ៏ល្អ ចិត្តមួយថ្លើមមួយ ជាមិត្តល្អ បងប្អូនល្អ និងជា ដៃគូដ៏ល្អ។
ឯកឧត្តម សុខ ឃន សាកលវិទ្យាធិការនៃសាកលវិទ្យាល័យជាតិបាត់ដំបង បានថ្លែងឲ្យដឹងថា៖នៅឆ្នាំ២០២១ក្រុមការងាររបស់សាកលវិទ្យាល័យជាតិបាត់ដំបងបានរួមសហការជាមួយមូលនិធិចិនដើម្បីសន្តិភាពនិងការអភិវឌ្ឍ មជ្ឈមណ្ឌលវប្បធម៌ចិនប្រចាំកម្ពុជា និងសមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិន ដើម្បីសហការរៀបចំនូវកម្មវិធី ការប្រកួតការនិយាយនិទានរឿងជាភាសាចិន ដែលរៀបចំដោយវិទ្យាស្ថានខុងជឺ នៃសាកលវិទ្យាល័យជាតិបាត់ដំបងនិងទទួលបន្ទុកផ្សព្វផ្សាយនិងចុះឈ្មោះបេក្ខជនស្នើសុំចូលរួមប្រកួតប្រជែង ហើយថ្ងៃនេះមានបេក្ខជន៦រូបដែលបានជ្រើសរើសចេញពីបេក្ខជនចំនួន៥០រូប ដើម្បីប្រកួតផ្តាច់ព្រ័ត្រ។ ឯកឧត្តមបានថ្លែងទៀតថា៖ ការរៀបចំនូវកម្មវិធីក្នុងការប្រកួតនិទានរឿងជាភាសាចិន មិត្តភាពកម្ពុជា-ចិន គឺ៖ដើម្បីបង្កើតជាវេទិកាមួយ ធ្វើឲ្យមានការផ្លាស់ប្តូរពីបទពិសោធន៍ការរៀនសូត្រ សម្រាប់មិត្តភក្តិកម្ពុជាដែលកំពុងរៀនភាសាចិន និងដើម្បីជំរុញឱ្យពួកគាត់មានភាពរីករាយនិងចាប់អារម្មណ៍នូវក្នុងការសិក្សារបស់ខ្លួន។
តានរយៈពិធីនេះ ឯកឧត្តមសាកលវិទ្យាធិការនៃ សាកលវិទ្យាល័យជាតិបាត់ដំបង ក៏បានស្នើដល់លោក ឆាង ជាន អគ្គទីប្រឹក្សាស្ថានទូតចិនប្រចាំកម្ពុជា មេត្តាពាំនាំនូវសំណូមពររបស់សាកលវិទ្យាល័យជាតិបាត់ដំបង ជូនដល់ ឯកឧត្តម ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា មេត្តាឧទ្ទេសនាមសាកលវិទ្យាល័យជាតិបាត់ដំបង ជូនទៅដល់ សាកលវិទ្យាល័យនិងគ្រឹះស្ថានឧត្តមសិក្សា និងក្រុមបញ្ញាញាណជាន់ខ្ពស់ របស់ប្រទេសចិន ដើម្បីពិនិត្យលទ្ធភាពក្នុងកិច្ចសហប្រតិបត្តិការ និងធ្វើការចែករំលែកនូវពុទ្ធិ និងបទពិសោធន៍ នៅទីនេះ។ ជាមួយគ្នានេះឯកឧត្តម សុខ ឃន ក៏បានស្នើសុំមិត្តចិន មេត្តាពិនិត្យនូវលទ្ធភាពក្នុងការជួយផ្តល់នូវមន្ទីរពិសោធន៍វិទ្យាសាស្ត្រ លើផ្នែកជំនាញណាមួយ សម្រាប់បំពេញតម្រូវការជាក់ស្តែងនៃការអភិវឌ្ឍ នូវ ធនធានមនុស្ស នៅក្នុងសាកលវិទ្យាល័យជាតិបាត់ដំបង។
ថ្លែងនៅក្នុងពិធីនេះឯកឧត្តម ស សុខា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា ក៏បានថ្លែងអំណរគុណដល់ស្ថានទូតចិនប្រចាំកម្ពុជា ដែលបានចូលរួមចំណែកយ៉ាងសកម្ម តាមរយៈតំណាងរបស់ខ្លួន ក្នុងការឆ្លើយតប និងបំពេញតួនាទីយ៉ាងសកម្ម ក្នុងការបំពេញនូវការខ្វះខាតការងារមួយចំនួននៅកម្ពុជាជាពិសេសលើវិស័យសិក្សាធិការនិងការវិនិយោគ លើវិស័យផ្សេងៗ ជាច្រើនទៀត នៅក្នុងព្រះរាជាណាចក្រកម្ពុជា។
ឯកឧត្តម ស សុខា ក៏បានផ្ដាំផ្ញើដល់ប្អូនៗយុវជន ដែលជាជ័យលាភីចំណាត់ថ្នាក់ទាំង៦រូប ត្រូវបន្តខិតខំប្រឹងប្រែងពង្រឹងសមត្ថភាពរបស់ខ្លួនដើម្បីស្វែងរកនិងខិតខំស្វែងយល់បន្ថែមពីកិច្ចការងារអន្តរជាតិ ការទំនាក់ទំនង ការនិយាយភាសាបរទេសដទៃទៀត ជាពិសេសភាសាចិន ជាដើមនេះ។
ក្នុងការប្រកួតនិយាយរឿងនិទានជាភាសាចិននេះ ជ័យលាភីទទួលចំណាត់ថ្នាក់លេខ១ ទទួលបានទឹកប្រាក់ចំនួន៣០០ដុល្លាអាមេរិក និងរង្វាន់ជាច្រើនទៀត។ចំណាត់ថ្នាក់លេខ២ ចំនួន២នាក់ដោយម្នាក់ៗ ទទួលបានទឹកប្រាក់១៥០ដុល្លារ និងចំណាត់ថ្នាក់លេខ៣ ចំនួន៣នាក់ ដោយម្នាក់ៗទទួលបានទឹកប្រាក់១០០ដុល្លារ និងចំណាត់ថ្នាក់លេខ៤ មានចំនួន៦នាក់ ម្នាក់ៗទទួលបានទឹកប្រាក់ ៥០ដុល្លារ និងចំណាត់ថ្នាក់លួងចិត្ត មានចំនួន៣៨នាក់ ម្នាក់ៗទទួលបាននូវទឹកប្រាក់៣០ដុល្លាអាមេរិកផងដែរ៕ ( អត្ថបទ-រូបភាព៖ អ៊ុក សំអាន បប )