ផ្ទះពលរដ្ឋជាង១០ខ្នងរងការជន់លិចនៅខេត្ដប៉ៃលិន (Video Inside)
ផ្ទះពលរដ្ឋច្រើនខ្នងផ្ទះ បានរងការជន់លិចដោយសារជំនន់ទឹកភ្លៀងនៅថ្ងៃទី២៧កញ្ញា នេះក្នុងខេត្តប៉ៃលិនប៉ុន្តែ មិនមានសេចក្តីរាយការណ៍ជុំវិញមនុស្សរងគ្រោះថ្នាក់នោះទេ។ កម្ពុជាកំពុងរងឥទ្ធិពលនៃប្រព័ន្ធសម្ពាធ ទាប ITCZ និងខ្យល់មូរសុងនីរតីក្នុងល្បឿនមធ្យមដែលការព្យាករណ៍បានព្រមាននូវការប្រុងប្រយ័ត្នក្នុងសប្តាហ៍នេះដែលតាមតំបន់ខ្លះនឹងធ្វើឲ្យមានករណីប្រឈមជំនន់ទឹកភ្លៀង។
យោងតាមក្រសួងធនធានទឹកនិងឧតុនិយម, ភ្លៀងធ្លាក់ក្នុងកម្រិតបង្គួរនៅថ្ងៃទី២៧កញ្ញានេះ បានធ្វើឲ្យផ្ទះអ្នកស្រុកប្រមាណជាង១០ខ្នងក្នុងឃុំអូរអណ្តូងនៃ ស្រុកសាលាក្រៅ ក្នុងខេត្តប៉ៃលិនបានប្រឈមនឹងការជន់លិច ដោយសារតែករណីស្ទះផ្លូវទឹក។ ខេត្តប៉ៃលិនគឺជា ខេត្តមួយដែលការព្យាករណ៍ក្នុងសប្តាហ៍នេះ បានព្រមានដាស់តឿនការប្រុងប្រយ័ត្នករណីទឹកភ្លៀងដែលអាច នឹងនាំមកនូវជំនន់ភ្លាមៗបង្កគ្រោះថ្នាក់ដល់អាយុជីវិតពលរដ្ឋនិងបង្កការខូចខាតដល់ទ្រព្យសម្បត្តិពលរដ្ឋ។
ពាក់ព័ន្ធនឹងករណីជំនន់ទឹកភ្លៀងក្នុងបណ្តាខេត្តភាគពាយព្យប្រទេសនោះផងដែរ, នៅក្នុងខេត្តសៀមរាបនោះវិញ ភ្លៀងធ្លាក់ច្រើនថ្ងៃជាប់គ្នាមកនេះ បានធ្វើឲ្យកម្ពស់ទឹកក្នុងស្ទឹងស្រែងនៃស្រុកក្រឡាញ់កើនលើសកម្រិតប្រកាស អាសន្ន។ ស្ថានីយ៍ស្ទឹងស្រែង កម្ពស់ទឹកប្រកាសអាសន្នគឺ៨ម៉ែត្រប៉ុន្តែនៅថ្ងៃនេះ កម្ពស់ទឹកបានកើនឡើង៨ម៉ែត្រ កន្លះហើយ។ មិនមានសេចក្តីរាយការណ៍ជុំវិញករណីគ្រោះថ្នាក់និងភាពប៉ះពាល់ទ្រព្យសម្បត្តិនោះឡើយ៕