បុរសម្នាក់ បេីករថយន្តមិនប្រយ័ត្ន ជ្រុលទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវ បណ្ដាលឲ្យក្រឡាប់ផ្ងារជើង
ភ្នំពេញ ៖ បុរសម្នាក់បានបើករថយន្ត Toyota Prius មួយគ្រឿងខណៈមេឃកំពុងភ្លៀងខ្លាំង ក៏រេចង្កូតបុករបាំងថ្មពុះចែកទ្រូងផ្លូវពេញទំហឹងបណ្ដាលឲ្យវៀចមួយកង់ ឯរថយន្តក្រឡាប់ផ្ងារជើងទ្រមេឃ កាលពីវេលាម៉ោង ១២ និង ៥០ នាទីយប់រំលងអាធ្រាត្រឈានចូលថ្ងៃទី ២៨ ខែកញ្ញាឆ្នាំ ២០២១ នៅខាងលិចស្តុបណូគា តាមបណ្ដោយផ្លូវ ២០០៤ កែងនឹងផ្លូវ ២៧១ សឡា ក្នុងសង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុគេឃើញបុរសម្នាក់បើករថយន្ត Toyota Prius មួយគ្រឿង ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ2BA-2418ធ្វើដំណើរតាមបណ្ដោយផ្លូវ២០០៤ ទិសដៅពីលិចទៅកើត ក្នុងល្បឿនលឿននិងទាំងមេឃកំពុងភ្លៀង លុះមកដល់ចំណុចកើតហេតុខាងលើ កែងនឹងផ្លូវ៣៧១ (សឡា)បានរេចង្កូតមកខាងឆ្វេងដៃជ្រុលទៅបុកក្បាលព្រួញពុះចែកទ្រូងផ្លូវពេញទំហឹងបណ្ដាលឲ្យវៀចមួយកង់ ឯរថយន្តខ្ទេចមួយចំហៀងមុខហើយក្រឡាប់ផ្ងារជើងទ្រមេឃតែម្ដង។ភ្លាមនោះតៃកុងរថយន្តបានលូនចេញពីរថយន្តរួចដើរទៅមន្ទីរពេទ្យដោយខ្លួនឯង ។
ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ហេីយទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកធ្វើការវាស់វែងយករថយន្តបង្កទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញរង់ចាំធ្វើការដោះស្រាយគ្នាតាមច្បាប់ ៕ ដោយ ៖ ជីម ភា