រដ្ឋបាលខេត្តសៀមរាប បានធ្វើការផ្គត់ផ្គង់ស្បៀងអាហារដល់ប្រជាពលរដ្ឋស្ថិតក្នុងតំបន់ក្រហម នៃក្រុងសៀមរាប បានជិត ៣ពាន់គ្រួសារ គិតត្រឹមថ្ងៃទី២៧
សៀមរាប ៖ ឯកឧត្តម ទៀ សីហា អភិបាលនៃគណៈអភិបាលខេត្ត សហការជាមួយសាខាកាកបាទក្រហមកម្ពុជាខេត្ត សហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត និង សាលាខេត្តសៀមរាប បានរៀបចំយុទ្ធនាការផ្គត់ផ្គង់ស្បៀង អាហារដល់ប្រជាពលរដ្ឋជួបការខ្វះខាត ដោយគិតមកត្រឹមថ្ងៃទី២៧ ខែ កញ្ញា ឆ្នាំ២០២១នេះ បានផ្គត់ផ្គង់ស្បៀងអាហារដល់បងប្អូនប្រជាពលរដ្ឋ ស្ថិតនៅក្នុងភូមិ សង្កាត់ ដែលកំណត់ជាតំបន់ក្រហម បានចំនួនសរុប ២.៦៧៨គ្រួសារ ។
លោក ស៊ុន ចំណាន ក្រុមការងាររៀបចំផ្គត់ផ្គង់ស្បៀងអាហារ នៃរដ្ឋបាលខេត្តសៀមរាប បានឲ្យដឹងថា ក្រោមកិច្ចយកចិត្តទុកដាក់ខ្ពស់របស់ឯកឧត្តម ទៀ សីហា អភិបាលខេត្ត បានរៀបចំក្រុមការងារផ្គត់ផ្គង់ស្បៀងអាហារ ចែកជូនប្រជាពលរដ្ឋ ដោយឥតគិតថ្លៃ នៅក្នុងភូមិសាស្ត្រតំបន់ក្រហម ខណៈដែលរដ្ឋបាលខេត្តជាអ្នកផ្គត់ផ្គង់ប្រេង ហើយបងប្អូនអ្នកដឹកជញ្ជូនស្បៀងនេះ ក្នុងរយៈពេល ១សប្តាហ៍ត្រូវយកសំណាកធ្វើតេស្តរកមេរោគកូវីដ-១៩ម្ដង ដើមី្បជៀសវាងកុំឲ្យនាំមេរោគកូវីដ-១៩ចូលក្រុមគ្រួសារ។
ឯកឧត្តម គុជ លីណា អនុប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប បានបញ្ជាក់ថា ស្បៀងអាហារដែលផ្ដល់ជូនដល់ប្រជាពលរដ្ឋខ្វះខាត ក្នុងពេលដែលរដ្ឋបាលខេត្តបានបិទខ្ទប់ និង កំណត់ជាតំបន់ក្រហម ដោយធ្វើការចែកជូនបងប្អូន នៅតាមខ្នងផ្ទះផ្ទាល់ ដើម្បីកាត់បន្ថយការជួបជុំ និង ការប្រមូលផ្តុំ ។
លោក អ៊ុន ពាន់ អ្នកស្ម័គ្រចិត្តដឹកជញ្ជូនដោយម៉ូតូរឺម៉ក់កង់បី បានបញ្ជាក់ថា ចាប់ពីរដ្ឋបាលខេត្តសម្រេចកំណត់ជាតំបន់ក្រហមមក ក្រុមរឺម៉ក់ម៉ូតូកង់បីរបស់ពួកគាត់ បានបម្រើសេវាដឹកជញ្ជូនដោយឥតគិតថ្លៃ និង ចូលរួមចុះចែកអំណោយជូនបងប្អូនខ្វះខាតនៅតាមលំនៅដ្ឋាន ក្នុងភូមិសាស្ត្របិទខ្ទប់ ឲ្យតែបងប្អូនជួបការខ្វះខាត ក្រុមការងារយើងបានផ្តល់ជូនទាំងអស់ ទោះបីមិនមានប័ណ្ណ ក្រ១,ក្រ២ក៏ដោយ ឃើញភាពខ្វះខាតគឺផ្តល់ជូនតែម្តង ៕ ដោយ ស៊ាន សុផាត