សង្ស័យថា កូរ៉េខាងជើងបាញ់មីស៊ីលប៉ាលីស្ទីក ព្រឹកមិញ
កូរ៉េខាងជើង នាព្រឹកថ្ងៃទី២៨ កញ្ញា ២០២១នេះ ត្រូវបានសង្ស័យថា បានបាញ់មីស៊ីលប៉ាលីស្ទីកចូលទៅក្នុងសមុទ្រ នេះបើតាមមន្ត្រីកូរ៉េខាងត្បូងនិងជប៉ុន ជាការបាញ់ជាថ្មីទៀត មួយរយៈចុងក្រោយនេះ ធ្វើឲ្យមានចម្ងល់អំពីភាពស្មោះត្រង់របស់កូរ៉េខាងជើង ដែលចង់ចរចាជាមួយកូរ៉េខាងត្បូងនោះ។
មន្ត្រីកូរ៉េខាងត្បូងបានលើកឡើងថា មីស៊ីលនេះត្រូវបានបាញ់ចេញពីទីតាំងមួយ ហោះឆ្ពោះទៅសមុទ្រ ភាគខាងកើត នាព្រឹកថ្ងៃអង្គារនេះ។ ប្រភពបន្តថា កូរ៉េខាងត្បូងនិងអាមេរិកកំពុងស៊ើបការណ៍កាន់តែលម្អិតពីការបាញ់មីស៊ីលនេះ។
រីឯក្រសួងការពារជាតិជប៉ុនវិញក៏សង្ស័យដែរថា កូរ៉េខាងជើងបានបាញ់មីស៊ីលប៉ាលីស្ទីក តែខ្លួនមិនបានបង្ហាញពីព័ត៌មានលម្អិតបន្ថែមទេ។
យ៉ាងណាក៏ដោយ ទាំងកូរ៉េខាងត្បូង និងជប៉ុនសុទ្ធតែបញ្ជាក់ថា ជាការសង្ស័យដែលមានភាគចរយច្រើនកើតឡើង លើបញ្ហាមីស៊ីលនេះ ទោះបីជាអះអាងព្រមគ្នាថា កូរ៉េខាងជើងបាញ់មីស៊ីលជាថ្មីក៏ដោយ។
កាលពីដើមខែកញ្ញា កូរ៉េខាងជើងក៏បានបាញ់សាកល្បងមីស៊ីលដែរ ជាការបាញ់ដំបូង ក្នុងរយៈពេល៦ខែ៕