ថៃនឹងកាត់បន្ថយពេលធ្វើចត្តាឡីស័ក និងបើកទទួលអ្នកទេសចរបរទេសឡើងវិញជា៤ដំណាក់កាលចាប់ពីខែតុលា
បាងកក៖ មជ្ឈមណ្ឌលគ្រប់គ្រងស្ថានការណ៍កូវីដ១៩ថៃ (CCSA) បញ្ជាក់ថា ប្រទេសខ្លួនកំពុងត្រៀមកាត់បន្ថយពេលធ្វើចត្តាឡីស័កកូវីដ១៩ សម្រាប់ភ្ញៀវទេសចរបរទេសទាំងឡាយណា ដែលបានចាក់វ៉ាក់សាំងពេញលេញ និងបើកប្រទេសឡើងវិញជា៤ដំណាក់កាល ដោយចាប់ផ្តើមពីខែតុលាតទៅ។
អ្នកនាំពាក្យមជ្ឈមណ្ឌល CCSA លោក ថាវីស៊ីន វីសានុយោធីន បានបញ្ជាក់ក្នុងសន្និសីទសារព័ត៌មានមួយនៅថ្ងៃចន្ទសប្តាហ៍នេះថា ពួកគេនឹងត្រូវធ្វើតេស្តរកជំងឺកូវីដ១៩ពីរលើក ដោយលើកទី១ពេលមកដល់ភ្លាម និងលើកទីពីរនៅចន្លោះថ្ងៃទី៦ទៅទី៧។ លោកបន្តថា អ្នកដំណើរអន្តរជាតិដែលមិនចាក់វ៉ាក់សាំងពេញលេញនឹងត្រូវធ្វើចត្តាឡីស័ក១០ថ្ងៃ ប្រសិនបើពួកគេចូលមកប្រទេសថៃតាមផ្លូវទឹក ឬផ្លូវអាកាស តែបើចូលតាមផ្លូវគោកនឹងត្រូវធ្វើចត្តាឡីស័ក១៤ថ្ងៃ។
សូមជម្រាបថា ចាប់ពីថ្ងៃទី០១ ខែតុលាតទៅ អ្នកដំណើរអន្តរជាតិដែលបានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ពេញលេញបានយ៉ាងតិច១៤ថ្ងៃ និងអាចបញ្ជាក់លិខិតចាក់វ៉ាក់សាំងនោះ នឹងតំរូវអោយធ្វើចត្តាឡីស័កតែ៧ថ្ងៃប៉ុណ្ណោះ នៅពេលទៅដល់ប្រទេសថៃ។ តែទោះជាយ៉ាងណា ខេត្តខ្លះរបស់ថៃមិនតំរូវអោយធ្វើចត្តាឡីស័កឡើយ៕ ប្រភព៖ CNA


