វ៉ាក់សាំងស៊ីណូវ៉ាក់ ចំនួន ៣លានដូសថ្មីទៀតត្រូវបានដឹកមកដល់កម្ពុជា ហើយ

អត្ថបទដោយ៖
ហេង វណ្ណា

ភ្នំពេញ៖ វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ប្រភេទស៊ីណូវ៉ាក់របស់ក្រុមហ៊ុនចិន ចំនួនប្រមាណ ៣លានដូសបន្ថែមទៀត ដែលជាការបញ្ជាទិញរបស់រាជរដ្ឋាភិបាលកម្ពុជា ត្រូវបានដឹកមកដល់ប្រទេសកម្ពុជាហើយ ថ្ងៃអង្គារ ទី២៨ ខែកញ្ញា ឆ្នាំ២០២១។

លោកស្រី យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល បញ្ជាក់ថា បូករួមទាំងវ៉ាក់សាំងដែលដឹកមកដល់នៅថ្ងៃនេះ នាំឱ្យកម្ពុជាទទួលបានវ៉ាក់សាំងសរុប ៣៥.៥លានដូស។ វ៉ាក់សាំងដែលកម្ពុជា បានបញ្ជាទិញ និងដឹកមកដល់ថ្ងៃនេះគឺសម្រាប់បម្រើដល់ការចាក់ជូនកុមារអាយុ ៦ឆ្នាំ ទៅ១២ឆ្នាំ។

ការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ គឺមានសារសំខាន់ណាស់ក្នុងការជួយឱ្យប្រជាពលរដ្ឋមានអង្គបដិបក្ខរឹងមាំក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ កាត់បន្ថយអត្រាស្លាប់ដោយសារឥទ្ធិពលមេរោគ ហើយក៏ជួយកាត់បន្ថយការរីករាលដាលជំងឺផងដែរ។ រាជរដ្ឋាភិបាលកម្ពុជា ដែលដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន បានយកការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ គឺជាយុទ្ធសាស្ត្រលើសមរភូមិសង្គ្រាមជាមួយនឹងសត្រូវឥតស្រមោលកូវីដ១៩នេះ។

សម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានប្រឹងប្រែងយ៉ាងខ្លាំងទាំងការស្វែងរកវ៉ាក់សាំង និងការកសាងផែនការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋ។ ដោយមានប្រទេសចិនជាបង្អែកលើការផ្គត់ផ្គង់វ៉ាក់សាំង ធ្វើឱ្យកម្ពុជារកបានវ៉ាក់សាំងបានឆាប់រហ័សតាមការចង់បានរបស់កម្ពុជា។ ជាមួយនឹងវត្តមានវ៉ាក់សាំងទាំងនេះ សម្តេចតេជោ ហ៊ុន សែន បានដាក់ចេញបទបញ្ជាដាច់ណាត់ មិនត្រូវឱ្យវ៉ាក់សាំងដេកនៅក្នុងឃ្លាំងនៅឡើយ គឺត្រូវតែបានចូលទៅក្នុងខ្លួនរបស់ប្រជាពលរដ្ឋ។ បទបញ្ជាដាច់ណាត់របស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឱ្យល្បឿននៃការចាក់វ៉ាក់សាំងរបស់កម្ពុជា មានភាពលឿនលយគួរឱ្យកត់សម្គាល់។

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner