មន្រ្តីជាន់ខ្ពស់អ៊ីរ៉ង់មួយរូបប្រកាសជាសាធារណៈថា នឹងផ្តល់ប្រាក់៣លានដុល្លារដល់ជនទាំងឡាយណា ដែលអាចសម្លាប់លោក ដូណាល់ ត្រាំ
អ៊ីរ៉ង់៖ លោក Ahmad Hamzeh ដែលជាសមាជិកសភាអ៊ីរ៉ង់មួយរូបនៅទីក្រុង Kahnuj ខេត្ត Kerman បានប្រកាសផ្តល់ប្រាក់រង្វាន់៣លានដុល្លារដល់ជនទាំង ឡាយណា ដែលអាចសម្លាប់ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បាន នេះបើតាមសារព័ត៌មាន euronews នៅថ្ងៃទី២១ ខែមករា ឆ្នាំ២០២០ ។
ខេត្ត Kerman ត្រូវបានគេស្គាល់ថា ជាទឹកដីកំណើតរបស់លោកឧត្តមសេនីយ៍ កាស្សេម សូឡៃមេនី មេបញ្ជាការកងអង្គភាពពិសេស Quds របស់កងកម្លាំងឆ្មាំបដិ វត្តន៍អ៊ីរ៉ង់ IRGC ដែលត្រូវបានយោធាអាមេរិកធ្វើការវាយប្រហារតាមផ្លូវអាកាសដោយយន្តហោះដ្រូន ផ្តាច់ជីវិតកាលពីថ្ងៃទី០៣ ខែមករាកន្លងទៅនេះ នៅឯអា កាសយានដ្ឋានអន្តរជាតិទីក្រុងបាកដាដ ប្រទេសអ៊ីរ៉ាក់។ លោក Hamzeh បានថ្លែងនៅចំពោះមុខសភានៅថ្ងៃទី២១ ខែមករានេះថា រូបលោកសូមប្រកាសតាងនាមឱ្យប្រជាជននៃខេត្ត Kerman ថា ពលទាហានខេត្ត Kerman ទាំងអស់គឺស្មោះស័្មគ្រនឹងលោក សូឡៃមេនី ហើយយើងមិនមានការភ័យខ្លាចនោះឡើយ… ពួកយើងនឹងផ្តល់ប្រាក់៣លានដុល្លារដល់ជនណាក៏ដោយ ដែលអាចផ្តាច់ជីវិតលោក ដូណាល់ ត្រាំ យកមកឱ្យអ៊ីរ៉ង់បាន ។
សូមរំលឹកថា កន្លងមក គេហទំព័រព័ត៌មានរបស់អ៊ីរ៉ង់មួយមានឈ្មោះថា En24 បានចេញផ្សាយថា អ៊ីរ៉ង់ហ៊ានចំណាយដល់ទៅ៨០លានដុល្លារសម្រាប់ជនណាក៏ដោយ ដែលអាចកាត់ក្បាលប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ យកមកឲ្យអ៊ីរ៉ង់បានដើម្បីជាការសងសឹកដល់មេដឹកនាំកំពូល និងការម៉ាក់ងាយដល់ប្រជាជាតិអ៊ីរ៉ង់ ៕