ត្រាំស្នើឱ្យចៅក្រមឱ្យក្រុមហ៊ុន Twitter បើកគណនីរបស់លោកឡើងវិញ
អតីតប្រធានាធិបតីសហរដ្ឋអាមេរិកលោក ដូណាល់ ត្រាំ (Donald Trump) ស្នើសុំឱ្យចៅក្រមសហព័ន្ធរដ្ឋផ្លរីដាបង្ខំឱ្យក្រុមហ៊ុន Twitter បើកគណនីរបស់លោកឡើងវិញបន្ទាប់ពីក្រុមហ៊ុននេះបិទក្នុងខែមករា ក្រោយព្រឹត្តិការណ៍វាយប្រហារលើវិមានកាពីតូលអាមេរិកនៅវ៉ាស៊ីនតោនឌីស៊ី។
យោងតាមសេចក្តីប្រកាស មេធាវីរបស់លោកត្រាំកាលពីថ្ងៃសុក្រ បានដាក់ពាក្យសុំនៅតុលាការស្រុកអាមេរិកក្នុងទីក្រុងម៉ៃអាមី (Miami) ដើម្បីស្វែងរកការបង្គាប់បញ្ជាបឋមប្រឆាំងនឹងក្រុមហ៊ុន Twitter និងនាយកប្រតិបត្តិរបស់ក្រុមហ៊ុនលោក Jack Dorsey ដោយអះអាងថា Twitter កំពុងចាប់យកលោកត្រាំដោយរំលោភលើសិទ្ធិបញ្ចេញមតិរបស់លោក។
បណ្តាញសង្គមយក្សមួយនេះ មានសារៈសំខាន់ណាស់សម្រាប់លោក ក្នុងការឈរឈ្មោះជាបេក្ខជនប្រធានាធិបតីឆ្នាំ ២០១៦ ហើយលោកនៅតែបន្តប្រើវានៅពេលឡើងកាន់អំណាច ជាមធ្យោបាយដើម្បីវាយប្រហារសត្រូវ និងគ្រប់គ្រងវដ្ដនៃព័ត៌មាន។ ជារឿយៗ លោកមិនត្រឹមតែបំផុសការចំអក និងកំហឹងតាមរយៈធ្វីតប៉ុណ្ណោះទេ ប៉ុន្តែក៏បង្ហោះខ្លឹមសារដែលប្រកាន់ជាតិសាសន៍ ពូជសាសន៍ និងបង្កគ្រោះថ្នាក់ផ្សេងៗរាប់តាំងពីបញ្ហាអន្តោប្រវេសន៍ រហូតដល់ដើមកំណើតនៃវីរុសកូរ៉ូណា ដើម្បីជម្រុញឱ្យប្រជាជនប្រឆាំងនឹងអភិបាលក្រុងរបស់បក្សប្រជាធិបតេយ្យនានា។
ក្រុមហ៊ុន Twitter បិទគណនីដែលមានអ្នកតាមដាន ៨៩ លាននាក់របស់លោកជាអចិន្ត្រៃយ៍ពីវេទិការបស់ខ្លួន ប៉ុន្មានថ្ងៃបន្ទាប់ពីអ្នកគាំទ្ររបស់គាត់បានវាយលុកយ៉ាងខ្លាំងទៅលើអាគារកាពីតូល ដើម្បីព្យាយាមរារាំងសភាមិនឱ្យបញ្ជាក់ពីជ័យជំនះរបស់លោកប្រធានាធិបតី ចូ បៃដិន (Joe Biden )។ ក្រុមហ៊ុនលើកឡើងពីកង្វល់ដែលថា លោកត្រាំនឹងញុះញង់ឱ្យមានការរំជើបរំជួលបន្ថែមទៀត។
អតីតប្រធានាធិបតីរូបនេះ ក៏ត្រូវបានក្រុមហ៊ុនហ្វេសប៊ុក និងយូធូបផ្អាកផងដែរ ជុំវិញការព្រួយបារម្ភស្រដៀងគ្នាថាលោកនឹងបង្កអំពើហិង្សា។ ការហាមឃាត់របស់ហ្វេសប៊ុក នឹងមានរយៈពេលពីរឆ្នាំរហូតដល់ថ្ងៃទី ០៧ ខែមករា ឆ្នាំ ២០២៣ បន្ទាប់ពីនោះក្រុមហ៊ុននឹងពិនិត្យមើលឡើងវិញ ខណៈការហាមឃាត់របស់យូធូបគឺគ្មានកំណត់។
កាលពីខែកក្កដានេះ លោកត្រាំបានដាក់ពាក្យបណ្តឹងនៅតុលាការភាគខាងត្បូងនៃរដ្ឋផ្លរីដា ប្រឆាំងនឹងក្រុមហ៊ុនបច្ចេកវិទ្យាទាំង៣ និងនាយកប្រតិបត្តិរបស់ក្រុមហ៊ុនទាំងនេះ ដោយអះអាងថា លោកនិងអ្នកអភិរក្សផ្សេងទៀតត្រូវបានត្រួតពិនិត្យដោយមិនត្រឹមត្រូវ។ ការស្នើសុំដីកាចាប់ខ្លួន ជាផ្នែកមួយនៃសំណុំរឿងរបស់លោកត្រាំ ប្រឆាំងនឹងក្រុមហ៊ុន Twitter។

ប្រភព៖ The Guardian