មនុស្សរាប់ពាន់នាក់ប្រមូលផ្តុំគ្នាគាំទ្រប្រធានាធិបតីទុយនេស៊ី លោក Kais Saied
អ្នកគាំទ្រប្រធានាធិបតីទុយនេស៊ីលោក Kais Saied យ៉ាងហោចណាស់មានចំនួន ៨ ០០០នាក់ ប្រមូលផ្តុំគ្នានៅរដ្ឋធានីទុសនីសកាលពីថ្ងៃអាទិត្យដើម្បីបង្ហាញការគាំទ្រចំពោះការបង្កកសភា និងការសន្យាថានឹងផ្លាស់ប្តូរប្រព័ន្ធនយោបាយរបស់លោក ដែលអ្នករិះគន់ហៅថាជាការធ្វើរដ្ឋប្រហារ។
ការធ្វើបាតុកម្មកណ្តាលក្រុងទុយនីសដែលធំបំផុតរាប់ចាប់តាំងពីលោក Saied ដណ្តើមអំណាចនីតិប្រតិបត្តិកាលពីខែកក្កដានេះ ធ្វើឡើងក្រោយមនុស្សជាង ២០០០ នាក់ប្រមូលផ្ដុំគ្នាប្រឆាំងតវ៉ានឹងសកម្មភាពរបស់លោក អំពាវនាវឱ្យលោកចុះចេញពីដំណែងក្នុងរយៈពេលពីរសប្តាហ៍មុន។
លោក Saied តែងតែលើកឡើងពីការគាំទ្រជាសាធារណៈ ចំពោះការផ្លាស់ប្តូររបស់លោកប្រឆាំងនឹងឥស្សរជននយោបាយ និងប្រព័ន្ធនៃការចែករំលែកអំណាចរវាងប្រធានាធិបតី និងសភា ដែលលោកនិយាយថាបានរារាំងឆន្ទៈរបស់មតិភាគច្រើន។
ក្រុមបាតុករកាលពីថ្ងៃអាទិត្យ គ្រវីទង់ជាតិទុយនីស៊ី និងកាន់ផ្ទាំងបដាប្រឆាំងនឹងគណបក្ស Ennahda ដែលជាបក្សធំជាងគេក្នុងសភា និងជាអ្នកប្រឆាំងលោកSaiedដ៏សំខាន់។ បាតុករខ្លះហៅមេដឹកនាំបក្ស លោក Rached Ghannouchi ដែលប្រធានសភាដែរនោះ ថាជា «ឃាតករ»។
បាតុករម្នាក់ឈ្មោះ Salem Ajoudi និយាយថា៖ «យើងស្នើឱ្យលោកប្រធានាធិបតីរំលាយសភា និងទទួលខុសត្រូវចំពោះអ្នកដែលធ្វើឱ្យប្រជាជនរងទុក្ខអស់មួយទសវត្សរ៍»។
បាតុករម្នាក់ទៀតឈ្មោះ Adel Chemli និយាយថា៖ «ថ្ងៃនេះគឺជាថ្ងៃប្រវត្តិសាស្ត្រ។ នេះជាលើកដំបូងដែលប្រជាជនភាគច្រើននៅជាមួយប្រធានាធិបតីរបស់ពួកគេ»។ បាតុករមានវ័យ ៦០ ឆ្នាំរូបនេះបន្តថា៖ «ខ្ញុំស្គាល់លោក Saied អស់រយៈពេល ៤០ ឆ្នាំហើយ។ ខ្ញុំមកពីកាណាដា ដើម្បីគាំទ្រលោក។ ខ្ញុំកំពុងធ្វើកិច្ចការនេះដើម្បីយុវជន ដើម្បីអនាគតពួកគេ»។
លោក Saied បានធ្វើឱ្យទុយនីស៊ីធ្លាក់ចូលទៅក្នុងវិបត្តិរដ្ឋធម្មនុញ្ញកាលពីខែកក្កដា ដោយបង្កកសភា បណ្តេញនាយករដ្ឋមន្រ្តីឱ្យចុះចេញពីដំណែង និងទទួលយកអំណាចប្រតិបត្តិ។ កាលពីខែមុន លោកបានលុបចោលផ្នែកមួយចំនួននៃរដ្ឋធម្មនុញ្ញដើម្បីអាចឱ្យលោកឡើងកាន់អំណាចដោយក្រឹត្យ ដែលធ្វើឱ្យមានការសង្ស័យអំពីការទទួលបាននៃលទ្ធិប្រជាធិបតេយ្យរបស់ទុយនីស៊ីចាប់តាំងពីបដិវត្តន៍ឆ្នាំ ២០១១ ដែលបង្កឱ្យមានការបះបោរ «និទាឃរដូវអារ៉ាប់» នៅទូទាំងពិភពមូស្លីម។
អន្តរាគមន៍របស់លោក Saied ធ្វើឡើងបន្ទាប់ពីមានភាពជាប់គាំងផ្នែកសេដ្ឋកិច្ច និងភាពខ្វិននៃនយោបាយជាច្រើនឆ្នាំ ដែលកាន់តែអាក្រក់ទៅៗដោយសារតែវិធានការបិទខ្ទប់កាលពីឆ្នាំមុន យុទ្ធនាការចាក់វ៉ាក់សាំងយឺតយ៉ាវ និងបាតុកម្មជាដើម។
ប្រជាជនទុយនីស៊ីជាច្រើន បន្ទោសបញ្ហាទាំងនោះទៅលើឥស្សរជននយោបាយដែលអាត្មានិយម និងពុករលួយ ហើយមើលឃើញថាលោក Saied ដែលជាអ្នកនយោបាយឯករាជ្យជាប់ឆ្នោតនៅឆ្នាំ ២០១៩ ជាជើងឯកសម្រាប់ប្រជាជនសាមញ្ញ។
លោក Mongi Abdullah ដែលជាគ្រូបង្រៀនមកពីក្រុង Mahdia ដើម្បីចូលរួមបាតុកម្មនិយាយថា៖ «លោក Saied គឺជាប្រធានាធិបតីស្អាតស្អំ ដែលអាចស្តារលទ្ធិប្រជាធិបតេយ្យពិតប្រាកដ»។
ខណៈពេលដែលការស្ទង់មតិបង្ហាញថា ចលនារបស់លោក Saied ទទួលការគាំទ្រភាគច្រើន ការពន្យាពេលជាយូរមកហើយរបស់លោកក្នុងការប្រកាសពេលវេលាកំណត់ពីវិបត្តិ ចាប់ផ្តើមពង្រឹងការប្រឆាំងនឹងលោក។ ឥស្សរជននយោបាយភាគច្រើន និងសហភាពការងារដ៏មានឥទ្ធិពល UGTT និយាយថា លោកត្រូវតែចាប់ផ្តើមពិគ្រោះយោបល់ឱ្យបានទូលំទូលាយ ប្រសិនបើលោកមានគម្រោងធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ ដូចដែលលោកបង្ហាញថាលោកនឹងធ្វើ។
ទោះបីជាការប្រមូលផ្តុំគ្នានៅថ្ងៃអាទិត្យ ត្រូវបានរៀបចំឡើងដោយក្រុមសកម្មជននៅលើបណ្តាញសង្គមក៏ដោយ ក៏គណបក្សតូចៗចំនួនបីនៅក្នុងសភារួមទាំងគណបក្ស Achaab បង្ហាញការគាំទ្រដោយនិយាយថា ភាពខ្វិននៅក្នុងប្រព័ន្ធនយោបាយបង្ខំឱ្យលោក Saied ធ្វើអន្តរាគមន៍។
លោក Mohamed Ammar សមាជិកសភាឯករាជ្យដែលចូលរួមបាតុកម្មនិយាយថា៖ «លោក Saied គួរតែតែងតាំងរដ្ឋាភិបាល ហើយចាប់ផ្តើមកិច្ចសន្ទនាដើម្បីធ្វើកំណែទម្រង់ប្រព័ន្ធ និងច្បាប់បោះឆ្នោត បន្ទាប់មកធ្វើប្រជាមតិ»។
កាលពីសប្តាហ៍មុន លោកSaied បានតែងតាំងលោកស្រី Najla Bouden Romdhane ជានាយករដ្ឋមន្រ្តី និងបានជំរុញឱ្យលោកស្រីបង្កើតរដ្ឋាភិបាលយ៉ាងឆាប់រហ័ស ប៉ុន្តែលោកស្រីត្រូវបានគេមើលឃើញថានឹងមានឥទ្ធិពលតិចជាងអ្នកកាន់តំណែងមុននៅក្នុងការងារ។
កាលពីថ្ងៃអាទិត្យ ប៉ូលីសទុយនីស៊ីបានចាប់ខ្លួនសមាជិកសភាម្នាក់ និងពិធីករទូរទស្សន៍ម្នាក់ដែលជាអ្នករិះគន់មិនសំចៃមាត់ចំពោះលោក Saied ចាប់តាំងពីលោកចេញចំណាត់ក្នុងខែកក្កដា។ នោះបើយោងតាមមេធាវីរបស់អ្នកទាំងពីរ។ យ៉ាងណាមិញ មិនមានការបំភ្លឺយ៉ាងណាពីប៉ូលីសនៅឡើយទេ។
លោក Saied និយាយថា លោកនឹងមិនក្លាយជាជនផ្តាច់ការទេ ហើយសន្យាថានឹងការពារសិទ្ធិ និងសេរីភាព។ ចាប់តាំងពីខែកក្កដាមក អ្នកតំណាងរាស្ត្រមួយចំនួនតូចត្រូវឃុំខ្លួនក្រោមសំណុំរឿងចោទប្រកាន់ចាស់ៗ។ អ្នកនយោបាយ និងមេដឹកនាំជំនួញជាច្រើននាក់ផ្សេងទៀតត្រូវបានហាមឃាត់ក្នុងការធ្វើដំណើរ ទោះបីជាលោក Saied និយាយថា ការហាមឃាត់ទាំងនេះធ្វើតែលើមនុស្សដែលប្រឈមមុខនឹងការកោះហៅ ឬដីកាពីតុលាការក្ដី។

ប្រភព៖ Aljazeera