ឯកសារផេនដូរ៉ា៖ ការបែកធ្លាយឯកសារហិរញ្ញវត្ថុបង្ហាញតំណភ្ជាប់មេដឹកនាំពិភពលោកទៅនឹងទ្រព្យសម្បត្តិសម្ងាត់
កាលពីថ្ងៃអាទិត្យ ទី៣ តុលាក្រុមស្ថាប័នសារព័ត៌មានជាច្រើនបានធ្វើការចុះផ្សាយការបែកធ្លាយសំណុំឯកសារហិរញ្ញវត្ថុដ៏ធំមួយ ដែលបង្ហាញតំណភ្ជាប់មេដឹកនាំពិភពលោករួមមានព្រះមហាក្សត្រហ្សកដានី និងនាយករដ្ឋមន្ត្រីសាធារណរដ្ឋឆែក ទៅនឹងទ្រព្យសម្បត្តិសម្ងាត់នៅបរទេស។
សម្ព័ន្ធអន្តរជាតិនៃអ្នកសារព័ត៌មានស៊ើបអង្កេត (ICIJ) ដែលជាបណ្ដាញអ្នកសារព័ត៌មាន និងជាបណ្ដាញស្ថាប័នព័ត៌មានធំៗរួមមានកាសែតវ៉ាស៊ីនតោនប៉ុស្តិ៍ ទូរទស្សន៍ BBC និងហ្គាដៀនជាដើម បាននិយាយថាការបែកធ្លាយឯកសារជិត ១២ លានទំព័រទាំងនេះត្រូវបានភ្ជាប់ទៅនឹងមេដឹកនាំបច្ចុប្បន្ននិងអតីតប្រមាណ ៣៥ នាក់ អ្នកនយោបាយនិងមន្ត្រីសាធារណៈជាង ៣៣០ នាក់ នៅប្រទេសឬដែនដីចំនួន ៩១។ ពួកគេមិនបានបញ្ជាក់ថាឯកសារទាំងនេះបានមកពីណាទេ។
ក្នុងចំណោមមេដឹកនាំទាំងនេះ រួមមានព្រះមហាក្សត្រអាប់ឌុលឡាហ៍នៃប្រទេសហ្សកដានី ដែលជាសម្ព័ន្ធមិត្តដ៏ជិតស្និតរបស់អាមេរិក។ ឯកសារបានលើកឡើងថាព្រះមហាក្សត្រអាប់ឌុលឡាហ៍បានប្រើប្រាស់គណនីធនាគារសំងាត់ដើម្បីចំណាយប្រាក់ជាង ១០០ លានដុល្លារដើម្បីទិញអចលនទ្រព្យនៅសហរដ្ឋអាមេរិក និងចក្រភពអង់គ្លេស។
ការិយាល័យមេធាវីទីក្រុងឡុងដុង DLA Piper តំណាងឱ្យព្រះមហាក្សត្រអាប់ឌុលឡាហ៍ បាននិយាយថាព្រះមហាក្សត្រទ្រង់ «នៅចំណុចណាមួយមិនបានប្រើប្រាស់លុយសាធារណៈដោយខុសទេ ឬបានប្រើប្រាស់នូវអ្វីក៏ដោយដែលជាលទ្ធផលនៃជំនួយដែលមានបំណងប្រើប្រាស់ជាសាធារណៈ»។
ប៉ុន្មានថ្ងៃមុនការបោះឆ្នោតសភានៅសាធារណរដ្ឋឆែកឯកសារទាំងនេះបានលើកឡើងថាលោកនាយករដ្ឋមន្ត្រីអាន្ទ្រេ បាប៊ីសបានទិញភូមិគ្រឹះមួយតម្លៃ ២២លានដុល្លារ ដែលមានទីតាំងនៅភូមិលើភ្នំមួយ ជិតទីក្រុងកានប្រទេសបារាំង។
លោកបាប៊ីសបាននិយាយថាលោកមិនបានធ្វើអ្វីខុសទេ ហើយលុយនោះគឺជាលុយរបស់គាត់ផ្ទាល់ ដែលបានបង់ពន្ធរួចហើយ៕


ប្រភព៖ Reuters