ទីភ្នាក់ងារឱសថអឺរ៉ុបអនុញ្ញាតអោយចាក់វ៉ាក់សាំង Covid-19 ដូសជំរុញដល់ក្រុមមនុស្សមានអាយុចាប់ពី១៨ ទៅ ៥៥ឆ្នាំ
អឺរ៉ុប៖ ឥឡូវនេះប្រជាជននៅសហភាពអឺរ៉ុបដែលមានអាយុចន្លោះពី ១៨ ទៅ ៥៥ ឆ្នាំ អាចទទួលបាននូវការចាក់វ៉ាក់សាំងដូសទី៣ ឬដូសជំរុញរបស់ក្រុមហ៊ុន Pfizer-BioNTech ដើម្បីការពារប្រឆាំងនឹងជំងឺកូវីដ១៩។
នោះគឺជាការសម្រេចចិត្តរបស់ទីភ្នាក់ងារឱសថអឺរ៉ុប (EMA) កាលពីថ្ងៃអង្គារសប្តាហ៍នេះនៅទីក្រុងអាំស្ទែរដាំ ប្រទេសហូឡង់។ ជាមួយគ្នានេះ ទីភ្នាក់ងារឱសថអឺរ៉ុប (EMA) នៅតែកំពុងពិនិត្យមើលថាតើវ៉ាក់សាំងដូសទី៣ របស់ក្រុមហ៊ុន Moderna មានសុវត្ថិភាពសម្រាប់ក្រុមនេះដែរឬទេ។ ទីភ្នាក់ងារឱសថអឺរ៉ុបក៏បានសំរេចដែរថា អ្នកដែលមានប្រព័ន្ធភាពស៊ាំចុះខ្សោយយ៉ាងខ្លាំងអាចទទួលបាននូវការវ៉ាក់សាំង Pfizer ឬ Moderna បន្ថែមទៀត។ ការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ដូសជំរុញនេះ គួរតែកើតឡើងយ៉ាងហោចណាស់ ២៨ ថ្ងៃបន្ទាប់ពីការចាក់លើកទី ២។ អ្នកជំនាញនិយាយថា មនុស្សទាំងនេះអាចផលិតអង្គបដិប្រាណមិនគ្រប់គ្រាន់បន្ទាប់ពីចាក់វ៉ាក់សាំងលើកដំបូង ដូច្នេះសុខភាពរបស់ពួកគេនៅតែអាចប្រឈមនឹងគ្រោះថ្នាក់។ វេជ្ជបណ្ឌិតសង្ឃឹមថា ការចាក់ដូសបន្ថែមនឹងបង្កើនការការពារ ចំពោះអ្នកជំងឺមួយចំនួន។
ដោយឡែកលោក Marco Cavaleri ដែលជាប្រធានផ្នែកគំរាមកំហែងសុខភាពជីវសាស្រ្ត និងយុទ្ធសាស្រ្តវ៉ាក់សាំង នៃទីភ្នាក់ងារឱសថអឺរ៉ុប (EMA) បញ្ជាក់ថា “ការចាក់ដូសជំរុញដល់មនុស្សដែលមានអាយុចាប់ពី ១៨ ឆ្នាំឡើងទៅយ៉ាងហោចណាស់ប្រាំមួយខែបន្ទាប់ពីការចាក់លើកទី ២ មានសុវត្ថិភាព និងផ្តល់នូវការកើនឡើងយ៉ាងខ្លាំង នៃចំនួនអង្គបដិបក្ខក្នុងកំរិតខ្ពស់ជាងអ្វីដែលបានឃើញបន្ទាប់ពីចាក់លើកទី ២”៕ ប្រភព៖ CGTN

