សម្ដេចតេជោ ហ៊ុន សែន ប្រាប់ឲ្យអាជ្ញាធរ បង្កេីន កិច្ចការពារសន្ដិសុខជូនពលរដ្ឋ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ
ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីកម្ពុជា តាមរយៈគេហទំព័រហ្វេសប៊ុក នាព្រឹកថ្ងៃទី៦ ខែតុលា ឆ្នាំ២០២១ បានចេញបទបញ្ជាដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ បង្កើនកិច្ចការពារសន្តិសុខ សុវត្ថិភាពសណ្តាប់ធ្នាប់សាធារណៈ ជូនប្រជាពលរដ្ឋ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌនេះ។
សម្ដេចតេជោ ហ៊ុន សែន បានឲ្យដឹងថា ថ្ងៃទី៦ តុលា គឺជាថ្ងៃកាន់បិណ្ឌធំ នៃពិធីបុណ្យភ្ជុំបិណ្ឌ ប្រពៃណីជាតិតាំងពីបុរាណកាលមក។ សម្ដេចថា ដោយសារស្ថានភាពឆ្លងរាតត្បាត នៃជំងឺកូវីដ-១៩ មិនអាចប្រារព្ធពិធីបុណ្យភ្ជុំបិណ្ឌតាមទំនៀមទម្លាប់ប្រពៃណីជាតិ បាននៅតាមទីវត្តអារាម។ អ្វីដែលសំខាន់បំផុតនៅពេលនេះ គឺត្រូវតែថែរក្សាអាយុជីវិតឲ្យបាន នោះគឺនៅតែមានឱកាស អាចប្រាព្ធពិធីបុណ្យភ្ជុំបិណ្ឌ និងពិធីបុណ្យសំខាន់ៗជាច្រើនទៀត នៅពេលក្រោយ។
សម្ដេចតេជោ បានបញ្ជាក់ថា សូមអាជ្ញាធរគ្រប់លំដាប់ថ្នាក់បង្កើន កិច្ចការពារសន្តិសុខសុវត្ថិភាពសណ្តាប់ធ្នាប់សាធារណៈ ទាំងតាមដងផ្លូវធ្វើដំណើរ តាមទីរមណីយដ្ឋាននានា និងនៅតាមវត្តអារាមដើម្បីធានាសន្តិសុខសណ្តាប់ធ្នាប់ និងសុវត្ថិភាពសុខភាពបង្កាទប់ស្កាត់ការឆ្លងជំងឺកូវីដ-១៩។ សម្ដេច ក៏បានគុណដល់ជនរួមជាតិ ដែលបាននាំយកនូវបច្ច័យទ័យ្យទានផ្សេងៗ ទៅប្រគេនព្រះសង្ឃនៅតាមវត្តអារាម ដោយអនុវត្តន៍ទៅតាមវិធានការណ៍ ណែនាំរបស់ក្រសួងសុខាភិបាល។ ទន្ទឹមនឹងនេះ ចំពោះប្រជាពលដ្ឋដែលទៅកំសាន្ត នៅទីរមណីយដ្ឋាននានា ត្រូវមានការប្រុងប្រយ័ត្នខ្ពស់បំផុត គឺត្រូវពាក់ម៉ាស់ ដុសសម្អាតដៃជាមួយសាប៊ូ ចិលឬអាល់កុលអោយបានញឹកញាប់ និងរក្សាគម្លាតសុវត្ថិភាព។ កុំទៅទីកន្លែងដែលមានការប្រមូលផ្តុំមនុស្សច្រើន ដែលមានហានិភ័យខ្ពស់៕
