កងទ័ពចិន និងឥណ្ឌាបរាជ័យក្នុងការចរចារកដំណោះស្រាយជម្លោះព្រំដែន
កងទ័ពចិន និងឥណ្ឌាបរាជ័យក្នុងការចរចារកដំណោះស្រាយទៅលើបញ្ហាជម្លោះព្រំដែន ក្រោយពីភាគីទាំងពីរជួបគ្នាកាលពីថ្ងៃអាទិត្យកន្លងទៅ។
ចិន និងឥណ្ឌាមានបញ្ហាព្រំដែនត្រង់ព្រំដែននៃភ្នំហិមាល័យ ដែលជាប់នឹងតំបន់ Ladakh នៅឯខាងឥណ្ឌា និងតំបន់ស្វយ័តទីបេនៅខាងចិន រាប់ទសវត្សមកហើយ ដោយភាគីទាំងពីរទាមទារយកតំបន់ជាន់គ្នា ហើយព្រមទាំងធ្លាប់មានសង្គ្រាមជាមួយគ្នាកាលពីឆ្នាំ១៩៦២ទៀតផង។

ជម្លោះរវាងប្រទេសទាំងពីរបានកើនកម្ដៅឡើងកាលពីពាក់កណ្ដាលឆ្នាំ២០២០កន្លងទៅ ដោយទាហានទាំងសងខាងបានដាល់គ្នាដោយកណ្ដាប់ដៃ និងគប់ដុំថ្មដាក់គ្នា ដែលបណ្ដាលឱ្យខាងឥណ្ឌាស្លាប់ ២០នាក់ និងខាងចិនបាត់បង់ជីវិត ៤នាក់។
ចាប់តាំងពីពេលកើតហេតុនោះមក ភាគីចិន និងឥណ្ឌាបានពិភាក្សាគ្នាក្នុងការដកថយកងទ័ពរៀងៗខ្លួនចេញពីតំបន់ជម្លោះ ដោយរហូតមកដល់នេះជំនួបថ្នាក់មេបញ្ជាការមានរហូតដល់ទៅ ១៣ដងឯណោះ។
ចាប់តាំងពីជំនួបលើកទី១០ ដែលប្រព្រឹត្តិទៅនៅខែកុម្ភៈ ឆ្នាំ២០២១នេះ កងទ័ពទាំងពីរបានចាប់ផ្ដើមដកទ័ពនៅចំណុចមួយចំនួននៃតំបន់ជម្លោះជាដំណាក់កាលៗ។ លុះជំនួបលើកទី១៣ ដែលធ្វើឡើងនៅថ្ងៃអាទិត្យកន្លងទៅ ភាគីទាំងពីរមិនបានរកឃើញដំណោះស្រាយណាមួយនោះទេ។
បន្ថែមពីនេះទៅទៀត ភាគីទាំងពីរក៏សាចទឹកដាក់គ្នា និងបន្ទោសគ្នាអំពីបរាជ័យនៃកិច្ចពិភាក្សានេះទៀតផង។
សារព័ត៌មានឥណ្ឌា The Hindu បានចុះផ្សាយថា ជំនួបកាលពីថ្ងៃអាទិត្យមានរយៈពេល ៨ម៉ោងកន្លះ ហើយក្រោយពីជំនួបបានបញ្ចប់ ក្រសួងការពារជាតិឥណ្ឌាបានចេញសេចក្ដីប្រកាសព័ត៌មានមួយថា ចិនរំលោភលើកិច្ចព្រមព្រៀងទ្វេភាគីរវាងប្រទេសទាំងពីរ។
«ខាងឥណ្ឌាបានគូសបញ្ជាក់ថា បញ្ហាតាមបណ្ដោយខ្សែព្រំដែននៃការគ្រប់គ្រងពិតប្រាកដ (LAC) ត្រូវបានបង្កឡើងដោយសកម្មភាពដោយឯកតោភាគីរបស់ចិនក្នុងការប៉ុនប៉ងផ្លាស់ប្ដូរស្ថានភាពបច្ចុប្បន្ន និងរំលោភលើកិច្ចព្រមព្រៀងទ្វេភាគី»។ នេះបើតាមការចុះផ្សាយរបស់ក្រសួងការពារជាតិឥណ្ឌា។
ប្រភពខាងលើបានបន្ថែមថា ឥណ្ឌាបាន «ផ្ដល់នូវសំណើបែបស្ថាបនា ដើម្បីដោះស្រាយបញ្ហានៅតំបន់ដែលនៅសេសសល់ តែខាងចិនមិនយល់ព្រម និងមិនបានផ្ដល់នូវដំណោះស្រាយណាមួយនោះទេ»។
យ៉ាងណាមិញ ខាងចិនបានឆ្លើយតបថា សំណើរបស់ឥណ្ឌាគឺ «មិនមានហេតុផល» និង«មិនអាចធ្វើទៅរួច»។
លោក Long Shaohua អ្នកនាំពាក្យនៃបញ្ជាការដ្ឋានកងទ័ពចិនភូមិភាគខាងលិចបានលើកឡើងថា «ខាងចិនបានខិតខំបង្ហាញពីភាពស្មោះត្រង់យ៉ាងពេញទំហឹងក្នុងការបន្ធូរបន្ថយភាពតានតឹងនៅតាមបណ្ដោយព្រំដែន។ តែខាងឥណ្ឌាទៅវិញទេ ដែលនៅតែទទូចដាក់សំណើដែលមិនសមហេតុផល និងមិនអាចធ្វើទៅរួច ដែលធ្វើឱ្យការចរចាកាន់តែពិបាក»។
«គោលបំណងរបស់ចិនដើម្បីការពារអធិបតេយ្យគឺមិនប្រែប្រួលឡើយ ហើយយើងសង្ឃឹមថា ខាងឥណ្ឌានឹងមិនធ្វើការវិនិច្ឆ័យស្ថានភាពខុសនោះឡើយ»។ នេះបើតាមការបន្ថែមរបស់លោក។
ទោះជាភាគីទាំងពីរព្រមព្រៀងដកទ័ពនៅតាមចំណុចមួយចំនួនយ៉ាងណាក្ដី ក៏ចិន និងឥណ្ឌានៅតែបម្រុងកងទ័ពពី ៥ម៉ឺននាក់ ទៅ ៦ម៉ឺននាក់នៅជួរក្រោយដដែល។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានជាច្រើន។ បន្ថែមពីការពង្រាយទ័ព មានសេចក្ដីរាយការណ៍មួយចំនួនបានឱ្យដឹងថា ភាគីទាំងពីរក៏បានបម្រុងនូវកាំភ្លើងធំ រថក្រោះ និងយន្តហោះចម្បាំងទៀតផង។
នៅមុនពេលចរចាមួយថ្ងៃ ប្រមុខយោធាឥណ្ឌាលោក Manoj Mukund Naravane បានលើកឡើងថា ខាងចិនកំពុងតែបង្កើនការពង្រាយកងទ័ពរបស់ខ្លួន តាមបណ្ដោយតំបន់ព្រំដែនដែលកំពុងតែមានជម្លោះ។
«នេះជាបញ្ហាដ៏ព្រួយបារម្ភមួយ ដែលមានការបង្កើនកម្លាំងទ័ពបានកើតឡើងកាន់តែច្រើន [ពីសំណាក់ខាងចិន] ហើយបន្ថែមពីនោះទៀត ក៏មានការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ដើម្បីទំនុកបម្រុងទៅដល់ការដាក់ទ័ពនេះនៅខាងចិនទៀតផង»។ នេះជាការលើកឡើងរបស់លោក Naravane។
លោកក៏បានបន្ថែមថា «នេះបានសេចក្ដីថា ចិននៅតែបន្តនៅតំបន់នោះ។ យើងក៏តាមដានជាប់នូវសកម្មភាពទាំងនោះ។ ប្រសិនបើពួកគេនៅបន្តនៅហ្នឹង យើងក៏បន្តនៅហ្នឹងដែរ»៕