ក្រុមហ៊ុនថ្នាំគ្រាប់កូវីដ-១៩ដំបូងគេឈ្មោះ Merck ស្វែងរកការអនុម័តពីអាមេរិក
ក្រុមហ៊ុន Merck & Co Inc (MRK.N) រៀបរាប់កាលពីថ្ងៃច័ន្ទថាខ្លួនបានដាក់ពាក្យសុំការអនុញ្ញាតឱ្យប្រើគ្រាអាសន្នរបស់សហរដ្ឋអាមេរិក ចំពោះថ្នាំរបស់ខ្លួន ដើម្បីព្យាបាលអ្នកជំងឺកម្រិតស្រាលទៅកម្រិតមធ្យម ដោយដាក់វាឱ្យក្លាយជាថ្នាំគ្រាប់ប្រឆាំងវីរុសដំបូងគេសម្រាប់ជំងឺនេះ។ នេះបើតាមឱ្យដឹងពីសារព័ត៌មានរ៉យទ័រ។
ការអនុញ្ញាតពីរដ្ឋបាលចំណីអាហារ និងឱសថអាមេរិក (FDA) អាចជួយផ្លាស់ប្តូរការគ្រប់គ្រងចំនួនការសម្រាកព្យាបាលនៅគ្លីនិក ព្រោះថ្នាំគ្រាប់អាចយកមកនៅផ្ទះបាន។

យោងតាមទិន្នន័យ ដែលបានចេញផ្សាយកាលពីដើមខែនេះ ការព្យាបាល ដោយថ្នាំ molnupiravir កាត់បន្ថយអត្រានៃការចូលមន្ទីរពេទ្យ និងការស្លាប់បានដល់ទៅ ៥០% ។
ទិន្នន័យស្ដីពីប្រសិទ្ធភាពបណ្តោះអាសន្នលើថ្នាំ ដែលត្រូវបានបង្កើតឡើងជាមួយក្រុមហ៊ុន Ridgeback Biotherapeutics បានធ្វើឱ្យភាគហ៊ុនរបស់ក្រុមហ៊ុនផលិតវ៉ាក់សាំងការពារជំងឺកូវីដ១៩ បានធ្លាក់ចុះយ៉ាងខ្លាំង ហើយបានបង្កើតការប្រជែងគ្នារវាងប្រទេសនានារួមមាន ម៉ាឡេស៊ី កូរ៉េខាងត្បូង និងសិង្ហបុរី ដើម្បីចុះហត្ថលេខាលើកិច្ចព្រមព្រៀងផ្គត់ផ្គង់ជាមួយក្រុមហ៊ុន Merck ក៏កំពុងកើតឡើងយ៉ាងស្វិតស្វាញដែរ។
ក្រុមហ៊ុន Merck រំពឹងថានឹងបង្កើតវគ្គព្យាបាលចំនួន ១០ លានវគ្គនៅចុងឆ្នាំ ២០២១ ។ក្រុមហ៊ុនដដែលនេះ ក៏បានយល់ព្រមផ្តល់អាជ្ញាប័ណ្ណថ្នាំនេះដល់អ្នកផលិតថ្នាំទូទៅ ដែលមានមូលដ្ឋាននៅឥណ្ឌា ហើយត្រូវបានគេរំពឹងថានឹងផ្តល់ការព្យាបាលដល់ប្រទេស ដែលមានចំណូលទាប និងមធ្យមជាង ១០០ ប្រទេស។