ចិនធ្វើសមយុទ្ធវាយលុកឆ្នេរសមុទ្រ ខណៈពេលដែលភាពតានតឹងជាមួយកោះតៃវ៉ាន់កើនឡើង

កាល​ពី​ថ្ងៃ​ចន្ទ ទី​១១ តុលា​កងទ័ព​រំដោះ​ប្រជាជន​ចិន​បាន​និយាយ​ថា​នៅ​រយៈ​ពេល​ប៉ុន្មាន​ថ្ងៃ​ថ្មី​ៗ​នេះ​ខ្លួន​បាន​ធ្វើ​សម​យុទ្ធ​ចុះចត និង​វាយ​លុក​ឆ្នេរ​សមុទ្រ​មួយ​នៅ​ជិត​កោះ​តៃវ៉ាន់ ខណៈ​ពេល​ដែល​ភាព​តានតឹង​ជា​មួយ​កោះ​នេះ​កំពុង​កើន​ឡើង​យ៉ាង​ខ្លាំង​។

កាសែត​ផ្លូវ​ការ​របស់​កងទ័ព​រំដោះ​ប្រជាជន​ចិន​បាន​ធ្វើ​ការ​រាយការណ៍​លើ​បណ្ដាញ​សង្គម​ Weibo ថា​សម​យុទ្ធ​នេះ​បាន​ធ្វើ​នៅ​តំបន់​ភាគ​ខាង​ត្បូង​នៃ​ខេត្ត​ហ្វូជៀន​ ដែល​ជាប់​ជាមួយ​នឹង​ច្រក​សមុទ្រ​តៃវ៉ាន់​ដ៏​តូច​ចង្អៀត​។ អ្នក​វិភាគ​មួយ​ចំនួន​គិត​ថា​ប្រសិន​បើ​ក្រុង​ប៉េកាំង​សម្រេច​ចិត្ត​ប្រើ​កម្លាំង​ដើម្បី​បំពេញ​គោលនយោបាយ​ចិន​តែ​មួយ​ ខេត្ត​ហ្វូជៀន​ នឹង​ក្លាយ​មូលដ្ឋាន​ដ៏​សំខាន់​មួយ​សម្រាប់​បេសកកម្ម​វាយ​កាន់​កាប់​កោះ​តៃវ៉ាន់​ ដោយ​សារ​ភូមិសាស្ត្រ​ជិត​គ្នា​។

កាសែត​នេះ​ក៏​បាន​និយាយ​ថា​ក្រុម​ទាហាន​ត្រូវ​បាន​ «បែង​ចែក​ជា​រលក​ជា​ច្រើន​ដើម្បី​ចាប់​យក​ឆ្នេរ​ខ្សាច់ និង​បំពេញ​ភារកិច្ច​ប្រយុទ្ធ​នៅ​ដំណាក់​កាល​ផ្សេង​ៗ​គ្នា​» ប៉ុន្តែ​មិន​បាន​ផ្ដល់​ព័ត៌មាន​លម្អិត​បន្ថែម​។

កោះ​តៃវ៉ាន់​បាន​រង​សម្ពាធ​នយោបាយ​ និង​យោធា​យ៉ាង​ខ្លាំង​ពី​ប្រទេស​ចិន​ ដែល​មើល​ឃើញ​កោះ​នេះ​ថា​ជា​ដែន​ដី​អធិបតេយ្យ​របស់​ខ្លួន ហើយ​នឹង​ធ្វើ​អ្វី​គ្រប់​យ៉ាង​ដើម្បី​ធ្វើ​ឱ្យ​កោះ​នេះ​រួបរួម​ជា​មួយ​ខ្លួន​វិញ​។ កាល​ពី​ចុង​សប្ដាហ៍​មុន​ប្រធានាធិបតី​ចិន​លោក​ស៊ី​ ជីន​ពីង​បាន​ធ្វើ​ការ​សន្យា​ម្ដង​ទៀត​ថា​បង្រួបបង្រួម​ជា​មួយ​កោះ​តៃវ៉ាន់​វិញ ខណៈ​ពេល​ដែល​ប្រធានាធិបតី​តៃវ៉ាន់​លោកស្រី​សៃ​ អ៊ីង-វិន​បាន​និយាយ​ថា​តៃវ៉ាន់​នឹង​មិន​ត្រូវ​បាន​បង្ខំ​ឱ្យ​ឱន​ក្បាល​ទៅ​ប្រទេស​ចិន​ទេ​៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner