ឬសគល់ដែលផ្តួលរំលំមេដឹកនាំអូទ្រីសលោក Sebastian Kurz
ស្ទើរតែជិតកន្លះខែទៅហើយ ចាប់តាំងពីមេដឹកនាំអូទ្រីសវ័យ ៣៥ ឆ្នាំ លោក Sebastian Kurz បញ្ចប់ដំណែងជាអធិការបតីដែលលោកកាន់អស់រយៈពេល៤ឆ្នាំរបស់លោក ក្រោយរឿងអាស្រូវនយោបាយពាក់ព័ន្ធនឹងអំពើពុករលួយផ្ទុះឡើង។
ទោះបីជាលោកមិនទាន់ត្រូវបានគេចោទប្រកាន់ឬយ៉ាងណាក្ដី ប៉ុន្តែរឿងអាស្រូវនៅតែផ្ទុះខ្លាំងឡើង ដោយលោក និងសម្ព័ន្ធមិត្តជិតស្និទ្ធត្រូវគេសង្ស័យថាបានប្រើប្រាស់ប្រាក់របស់អ្នកបង់ពន្ធដោយខុសច្បាប់ ដើម្បីសូកប៉ាន់អង្គភាពប្រព័ន្ធផ្សព្វផ្សាយនានាឱ្យផ្សាយពីរឿងវិជ្ជមានរបស់លោក រហូតជួយឱ្យលោកអាចចូលកាន់អំណាចនៅខែធ្នូឆ្នាំ ២០១៧។
ដោយមិនគិតពីករណីផ្លូវច្បាប់ណាមួយដែលអាចចោទប្រកាន់បានពីបទសូកប៉ាន់ ឬក្លែងបន្លំ ព្រះរាជអាជ្ញារឿងឧក្រិដ្ឋកម្មកណ្តាលទាំងពីរ កំពុងស៊ើបអង្កេតដោយបង្ហាញពីផ្នែកអាក្រក់មួយចំពោះរចនាបទរដ្ឋាភិបាលរបស់លោក Kurz ដោយរាប់ចាប់តាំងពីសំណុំនៃការបង្ហាញព័ត៌មានដែលគួរឱ្យភ្ញាក់ផ្អើល រហូតដល់ភាពអាម៉ាស់នៃការប្រកាសពីភាពស្មោះត្រង់ពេលឡើងកាន់អំណាច។ 
លោក Herbert Kickl ប្រធានគណបក្សស្តាំនិយម«សេរីភាព» និយាយក្នុងសម័យប្រជុំសភាបន្ទាន់មួយកាលពីថ្ងៃអង្គារសប្តាហ៍មុនថា៖ «ឥឡូវនេះ ប្រទេសអូទ្រីសដឹងច្បាស់នូវរឿងមួយគឺថា ការរំលោភអំណាច អំពើពុករលួយជាប្រព័ន្ធ ការកេងប្រវ័ញ្ចប្រជាជន ការក្លែងបន្លំ និងការលាក់ពុត គឺជាអ្វីដែលធ្វើឱ្យគណបក្សប្រជាជនរួមគ្នាជាស្នូល»។
ក្នុងការបោះឆ្នោតចុងក្រោយនៅខែកញ្ញាឆ្នាំ ២០១៩ លោក Kurz បានផ្តល់ឱ្យគណបក្សប្រជាជនរបស់លោក នូវការបោះឆ្នោតមួយក្នុងចំណោមអាណត្តិធំបំផុតដែលមិនធ្លាប់មានរហូតដល់ ៣៧,៥ ភាគរយនៃការបោះឆ្នោត។ សូម្បីតែបន្ទាប់ពីការលាលែងពីតំណែងជាអធិការបតី លោក Kurz នៅតែជាមេដឹកនាំគណបក្សហើយនឹងដឹកនាំការប្រជុំសភាដោយផ្តល់ឱ្យលោកនូវកៅអីស្វ័យប្រវត្តិនៅតុគណៈរដ្ឋមន្ត្រី។
រដ្ឋាភិបាលបច្ចុប្បន្នដែលដឹកនាំដោយលោក Alexander Schallenberg ជាអ្នកស្មោះត្រង់នឹងលោក Kurz បានរួចផុតពីការបោះឆ្នោតដកសេចក្ដីទុកចិត្ត។ យ៉ាងណាមិញ កំហឹងនៅតែមានក្នុងចំណោមអ្នកតំណាងរាស្ត្រដោយពួកគេរិះគន់នូវអ្វីដែលខ្លួនហៅថា «ប្រព័ន្ធឃឺហ្ស» ជាបណ្តាញមានការឧបត្ថម្ភគាំទ្រពីអតីតអធិការបតីរូបនេះនៅទូទាំងទិដ្ឋភាពនយោបាយសេដ្ឋកិច្ច និងប្រព័ន្ធផ្សព្វផ្សាយអូទ្រីស។
អ្នកស្រី Stephanie Krisper សមាជិកសភាមកពីបក្សវេទិកាសេរីនិងអូទ្រីសថ្មី (NEOS) និងជាអ្នករិះគន់មិនសំចៃមាត់ចំពោះអំពើពុករលួយរបស់រដ្ឋាភិបាលនិយាយថា៖ «អ្វីដែលប្លែកគឺរបៀបដែលលោក Sebastian Kurz និងគណបក្សប្រជាជនថ្មីរបស់លោកធ្វើសកម្មភាពមិនត្រឹមត្រូវ និងអ្វីដែលប្រព័ន្ធរបស់បក្សនេះមានឆន្ទៈធ្វើដើម្បីការពារខ្លួន ដោយចាប់តាំងពីថ្ងៃដំបូង ពួកគេបានវាយប្រហារប្រព័ន្ធយុត្តិធម៌ និងការស៊ើបអង្កេតប្រឆាំងពួកគេ»។ អ្នកស្រីបន្តថា៖ «អំណាចពុករលួយ ត្រូវបានគេស្គាល់ច្បាស់ហើយជាការពិតនៅក្នុងប្រទេសអូទ្រីស វាមិនមែនគ្រាន់តែជាអ្វីដែលចាប់ផ្តើមជាមួយប្រព័ន្ធឃឺហ្សនោះទេ»។
ក្នុងឆ្នាំ ២០១៧ លោក Kurz ធ្វើជារដ្ឋមន្ត្រីការបរទេសរបស់ប្រទេសអូទ្រីស ទាំងមានមហិច្ឆតាចង់បន្តខ្ពស់ជាងនេះទៀត។ លោកមើលភាពជោគជ័យនៃចលនាអេនម៉ាឆេ (En Marche) របស់លោក អេម៉ានុយអែល ម៉ាក្រុង (Emmanuel Macron) នៅបារាំង ហើយជឿជាក់ថាវិធីសាស្រ្តស្រដៀងគ្នាត្រូវការធ្វើឡើងនៅអូទ្រីស។
លោក Kurz ស្រមៃមើលចលនាផ្ទាល់ខ្លួនរបស់លោកដែលនឹងបំបែកនយោបាយឯកភាពជាតិដ៏កក់ក្តៅនៃមជ្ឈមណ្ឌលដែលគ្របដណ្តប់លើរដ្ឋាភិបាលអូទ្រីស ហើយរារាំងកំណែទម្រង់ពិតប្រាកដ។ ដើម្បីធ្វើឱ្យរឿងរ៉ាវកើតឡើងមានភាពទាក់ទាញ លោក Kurz លាយបញ្ចូលគ្នានូវការអភិរក្សសារពើពន្ធបែបប្រពៃណី ជាមួយនឹងសញ្ញានៃសេរីនិយមសង្គម ហើយលាតត្រដាងពីភាពស្តាំជ្រុលនិយមដោយប្រកាន់យកនូវអាកប្បកិរិយារឹងរូសភាគច្រើនចំពោះអន្តោប្រវេសន៍។
ទន្ទឹមជាមួយគ្នានោះ ការស៊ើបអង្កេតថ្មីដោយព្រះរាជអាជ្ញា បង្ហាញពីរបៀបផ្ដាច់ការដែលលោក Kurz និងអ្នកជិតស្និទ្ធលោកអាចធ្វើ។ ជាឧទាហរណ៍ លោកបានរារាំងកញ្ចប់កំណែទម្រង់ថែទាំសង្គមឆ្នាំ ២០១៦ ដែលព្រមព្រៀងគ្នារវាងមេដឹកនាំគណបក្សប្រជាជន និងគណបក្សសង្គមប្រជាធិបតេយ្យអូទ្រីស។
ការស៊ើបអង្កេតដែលកំពុងត្រូវបានអនុវត្តដោយព្រះរាជអាជ្ញារដ្ឋកណ្តាលចំពោះឧក្រិដ្ឋកម្មសេដ្ឋកិច្ច និងអំពើពុករលួយ (WKStA) បានធ្វើឱ្យរង្គោះរង្គើដល់ទិដ្ឋភាពនយោបាយអូទ្រីស ប៉ុន្តែវាស្ទើរតែកើតឡើងអស់រយៈពេលជាច្រើនខែមកហើយ។
សម្រាប់លោក Kurz និងអ្នកគាំទ្ររបស់លោក គម្រោងព្រះរាជអាជ្ញាគឺធ្វើឡើងក្រោមហេតុផលនយោបាយទាំងបើកចំហរ ដោយចោទប្រកាន់ថា WKStA ស្វែងរកលេសអ្វីដែលខ្លួនអាចធ្វើបានដើម្បីព្យាយាម និងទទួលបានដីកាចាប់ខ្លួនមន្រ្តីគណបក្សប្រជាជនរបស់លោក។ 
លោក Kurz និងសម្ព័ន្ធមិត្តរបស់លោកក៏រងការចោទប្រកាន់ពីបទព្យាយាមរារាំងដំណើរស៊ើបអង្កេតផងដែរ។ ជាឧទាហរណ៍ ដ្រាយវ៍រឹងចំនួន ៥ ដែលផ្ទុកព័ត៌មានដែលស្នើសុំដោយការស៊ើបអង្កេតរបស់សភា ត្រូវបានមន្រ្តីអធិការបតីបំផ្លាញកាលពីឆ្នាំមុន។
យ៉ាងណាមិញ អតីតអធិការបតីវ័យក្មេងរូបនេះបដិសេធការធ្វើខុសទាំងអស់ហើយលោកចាត់ទុកការចោទប្រកាន់ប្រឆាំងនឹងរូបលោកថា «គ្មានមូលដ្ឋាន» ហើយបង្ហាញថាលោកនឹងលះបង់អភ័យឯកសិទ្ធិសភាដើម្បីអនុញ្ញាតឱ្យព្រះរាជអាជ្ញាបន្តពិនិត្យមើលការប្រព្រឹត្ដរបស់លោកនៅក្នុងការិយាល័យ។

ប្រភព៖ BBC