រុស្សីបិទបេសកកម្មការទូតទៅអង្គការណាតូ បន្ទាប់ពីមានជម្លោះចារកម្ម

កាល​ពី​ថ្ងៃ​ចន្ទ​​នេះ​ ​រដ្ឋាភិបាល​រុស្សី​បាន​ប្រកាស​បញ្ឈប់​​បេសកកម្ម​ការទូត​របស់​ខ្លួន​ទៅ​កាន់​អង្គការ​ណាតូ បន្ទាប់​ពី​អង្គការ​សម្ព័ន្ធ​ភាព​យោធា​នេះ​បាន​បណ្ដេញ​មន្ត្រី​ការទូត​រុស្សី​ប្រាំបី​នាក់​ ដោយ​និយាយ​ពួកគេ​គឺ​ជា​ភ្នាក់​ងារ​ចារកម្ម​។

រដ្ឋមន្ត្រី​ការបរទេស​រុស្សី​លោក​ស៊ែហ្គី ឡាវរ៉ូវ​បាន​និយាយ​ថា​រុស្សី​នឹង​ដក​ហូត​សារតាំង​បេសកកម្ម​ការទូត​របស់​ណាតូ​ប្រចាំ​ក្រុង​មូស្គូ​នៅ​ថ្ងៃ​ទី​១ ខែ​វិច្ឆិកា​ ហើយ​ការិយាល័យ​ព័ត៌មាន​របស់​អង្គការ​នេះ​នៅ​រដ្ឋធានី​រុស្សី​នឹង​ត្រូវ​បាន​បិទ​។ លោក​ឡាវរ៉ូវ​និយាយ​ថា​ប្រសិន​បើ​ណាតូ​មាន​បញ្ហា​បន្ទាន់​ណា​មួយ​ ពួកគេ​អាច​ទាក់ទង​តាម​ឯកអគ្គរដ្ឋទូត​រុស្សី​ប្រចាំ​ប្រទេស​បែលហ្សិក​។

កាល​ពី​ថ្ងៃ​ទី​ ៦ តុលា​អង្គការ​ណាតូ​បាន​បណ្ដេញ​សមាជិក​បេសកកម្ម​ការទូត​របស់​រុស្សី​ចំនួន​ប្រាំបី​រូប​ដោយ​និយាយ​ថា​ពួកគេ​ជា «មន្ត្រី​ចារកម្ម​រុស្ស៊ី​ដែល​មិន​បាន​ប្រកាស​»។ កាល​នោះ​ក្រុង​មូស្គូ​បាន​និយាយ​ថា​ការ​បណ្ដេញ​ចេញ​នេះ​បាន​ធ្វើ​ឱ្យ​ខូច​ក្តី​សង្ឃឹម​ថា​ទំនាក់​ទំនង​ជា​មួយ​សម្ព័ន្ធភាព​ដឹកនាំ​ដោយ​សហរដ្ឋអាមេរិក​អាច​នឹង​មាន​លក្ខណៈ​ធម្មតា​ឡើង​វិញ​។

ជម្លោះ​នេះ​កើត​ឡើង​ចំ​ពេល​ដែល​ទំនាក់​ទំនង​រវាង​ប្រទេស​រុស្សី​ និង​លោក​ខាង​លិច​ធ្លាក់​ដល់​កម្រិត​ទាប​បំផុត​ចាប់​តាំង​ពី​ចុង​បញ្ចប់​នៃ​សង្គ្រាម​ត្រជាក់​។ រុស្ស៊ី​បាន​ចោទ​អង្គការ​ណាតូ​ថា​បាន​ធ្វើ​សកម្មភាព​បង្ក​ហេតុ​នៅ​ជិត​ព្រំដែន​របស់​ខ្លួន​ ហើយ​បាន​ធ្វើ​សមយុទ្ធ​ធំ​ៗ របស់​ខ្លួន​នៅ​ខែ​កញ្ញា​។ ណាតូ​បាន​ប្ដេជ្ញា​ពង្រឹង​សន្តិសុខ​របស់​ប្រទេស​ជា​សមាជិក​មាន​ព្រំដែន​ជាប់​ជា​មួយ​នឹង​រុស្សី​៕

ប្រភព៖ Reuters

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner