អ.ស.ប គ្រោងធ្វើយុទ្ធនាការចាក់វ៉ាក់សាំងជំងឺស្វិតដៃជើងនៅទូទាំងប្រទេស អាហ្វហ្គានីស្ថាន
អង្គការសហប្រជាជាតិ បានប្រកាសយុទ្ធនាការផ្តល់ថ្នាំបង្ការជំងឺស្វិតដៃជើងទូទាំងប្រទេសនៅអាហ្វហ្គានីស្ថាន ជាលើកដំបូងក្នុងរយៈពេលជាច្រើនឆ្នាំចុងក្រោយនេះ។ ទីភ្នាក់ងារកុមារយូនីសេហ្វ បាននិយាយថាពួកគេមានការគាំទ្រយ៉ាងពេញទំហឹងពីពួកតាលីបង់ សម្រាប់គម្រោងនេះដែលនឹងចាប់ផ្តើមនៅដើមខែវិច្ឆិកា ខាងមុខនេះ។ទីភ្នាក់ងារនេះ ក៏បាននិយាយថាតាលីបង់ក៏នឹងអនុញ្ញាតឱ្យបុគ្គលិកស្រី ចូលរួមក្នុងយុទ្ធនាការនេះ ផងដែរ។ កាលពីអតីតកាល ក្រុមសកម្មប្រយុទ្ធតាលីបង់ បានប្រឆាំងនឹងការចាក់វ៉ាក់សាំងដោយអះអាងថា វាជាការឃុបឃិតរបស់លោកខាងលិចក្នុងការសម្លាប់ក្រុមមូស្លីម។
អង្គការយូនីសេហ្វ បាននិយាយថាយុទ្ធនាការចាក់ថ្នាំបង្ការជំងឺជំងឺស្វិតដៃជើងនេះគឹនឹងធ្វើឡើងពីផ្ទះមួយទៅផ្ទះមួយដែលនឹង ចាប់ផ្តើមនៅថ្ងៃទី ៨ ខែវិច្ឆិកា នឹងមានគោលបំណងធ្វើយ៉ាងណាឲ្យទៅដល់កុមារអាហ្វហ្គានីស្ថានដែលមានអាយុក្រោម ៥ ឆ្នាំចំនួនជិត ១០ លាននាក់។
អង្គការសុខភាពពិភពលោក និងអង្គការយូនីសេហ្វ បាននិយាយនៅក្នុងយុទ្ធនាការនេះថាក្នុងរយៈពេល ៣ ឆ្នាំចុងក្រោយនេះ អាចទៅដល់កុមារទាំងអស់នៅក្នុងប្រទេសអាហ្វហ្គានីស្ថានរួមទាំងកុមារជាង ៣,៣ លាននាក់នៅក្នុងផ្នែកខ្លះនៃប្រទេសដែលពីមុន មិនអាចឲ្យក្រុមអ្នកចាក់វ៉ាក់សាំងចូលទៅដល់ធ្វើយុទ្ធនាការចាក់វ៉ាក់សាំង។ លោកHervé Ludovic de Lys តំណាងអង្គការយូនីសេហ្វនៅប្រទេសអាហ្វហ្គានីស្ថានបាននិយាយថា« ការសម្រេចចិត្តនេះនឹងអនុញ្ញាតឱ្យយើង ឈានដល់ជំងានមួយទៀតនៃការខិតខំប្រឹងប្រែងដើម្បីលុបបំបាត់ជំងឺគ្រុនស្វិតដៃជើង។
ជំងឺគ្រុនស្វិតដៃជើង ជាធម្មតាអាចប៉ះពាល់ដល់កុមារ អាយុក្រោម ៥ ឆ្នាំ ពេលខ្លះនាំឱ្យខ្វិនដែលមិនអាចត្រឡប់មករកសភាពធម្មតាវិញបាន ហើយមកទល់ពេលនេះគ្មានការព្យាបាលទេ ប៉ុន្តែវ៉ាក់សាំងការពារជំងឺគ្រុនស្វិតដៃជើង អាចការពារកុមារពេញមួយជីវិតបាន។

ប្រភព៖ BBC