អគ្គលេខាធិការណាតូ៖ សម្ព័ន្ធភាពនឹងផ្ដោតអារម្មណ៍ដើម្បីប្រឆាំងការគំរាមកំហែងពីចិន

ការ​ប្រឆាំង​ការ​គំរាម​កំហែង​សន្តិសុខ​ពី​ការ​កើន​ឡើង​នៃ​ប្រទេស​ចិន​នឹង​ក្លាយ​ជា​ផ្នែក​មួយ​ដ៏​សំខាន់​នៃ​គោលការណ៍​អនាគត​របស់​អង្គការ​ណាតូ នេះ​បើ​តាម​អគ្គលេខាធិការ​សម្ព័ន្ធ​ភាព​យោធា​នេះ​ ដែល​ជា​សញ្ញា​បញ្ជាក់​ពី​ការ​គិត​ឡើង​វិញ​ដ៏​ធំ​មួយ​នៃ​គោល​ដៅ​របស់​ក្រុម​លោក​ខាង​លិច​នេះ​ ដើម្បី​ឆ្លុះ​បញ្ចាំង​ការ​ផ្លាស់​ប្ដូរ​យុទ្ធសាស្ត្រ​ភូមិសាស្ត្រ​នយោបាយ​របស់​អាមេរិក​មក​ផ្ដោត​លើ​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​វិញ​។

នៅ​ក្នុង​បទ​សម្ភាសន៍​ជា​មួយ​កាសែត​ Financial Times អគ្គលេខាធិការ​អង្គការ​ណាតូ​លោក​ជេន ស្តូលេនប៊ឺក​ និយាយ​ថា​ខណៈ​ពេល​ដែល​ប្រទេស​ចិន​ធ្វើ​ខ្លួន​​មិន​មែន​ជា​ «សត្រូវ» ប្រទេស​នេះ​បាន​បង្ក​ការ​គំរាម​កំហែង​យ៉ាង​ខ្លាំង​ដល់​សន្តិសុខ​អឺរ៉ុប តាមរយៈ​សមត្ថភាព​វាយ​ប្រហារ​តាម​អ៊ីនធឺណិត​​បច្ចេកវិទ្យា​ថ្មី​ និង​មីស៊ីល​ចម្ងាយ​ឆ្ងាយ​។ លោក​បាន​និយាយ​ថា​របៀប​ការពារ​សម្ព័ន្ធមិត្ត​ណាតូ​ពី​ការ​គំរាម​កំហែង​ទាំង​នោះ​នឹង​ត្រូវ​បាន​រៀប​ចំ​ «យ៉ាង​ហ្មត់​ចត់​» នៅ​ក្នុង​គោល​លទ្ធិ​ថ្មី​របស់​សម្ព័ន្ធ​ភាព​សម្រាប់​ទសវត្ស​ខាង​មុខ​នេះ​។

ចាប់​តាំង​ពី​ការ​បង្កើត​នៅ​ឆ្នាំ​ ១៩៤៩ សម្ព័ន្ធ​ភាព​យោធា​នេះ​បាន​ចំណាយ​ពេល​ជា​ច្រើន​ទសវត្ស​ដើម្បី​ប្រឆាំង​សហភាព​សូវៀត​ ហើយ​ក្រោយ​មក​នៅ​ឆ្នាំ​ ២០០១ បន្ថែម​បេសកម្ម​ខ្លួន​ប្រឆាំង​នឹង​អំពើ​ភេរវកម្ម​ទៀត​។ ការ​ផ្ដោត​អារម្មណ៍​ថ្មី​ទៅ​លើ​ប្រទេស​ចិន​កើត​ឡើង​ចំ​ពេល​មាន​ការ​ផ្លាស់​ប្ដូរ​យ៉ាង​សកម្ម​នៅ​ក្នុង​ការ​តម្រង់​ទិស​ភូមិសាស្ត្រ​នយោបាយ​របស់​អាមេរិក​ ចេញ​ពី​ទ្វីប​អឺរ៉ុប​បែរ​មក​ជម្លោះ​ឥទ្ធិពល​ជាមួយ​ទីក្រុង​ប៉េកាំង​វិញ​។

«ណាតូ​គឺ​ជា​សម្ព័ន្ធ​ភាព​នៃ​អាមេរិក​ខាង​ជើង​ និង​អឺរ៉ុប​។ តំបន់​នេះ​ប្រឈម​មុខ​នឹង​បញ្ហា​សកល​ដូចជា​ភេរវកម្ម ឧក្រិដ្ឋកម្ម​តាម​អ៊ីនធឺណិត ប៉ុន្តែ​ក៏​រួម​មាន​ការ​កើន​ឡើង​របស់​ចិន​ផង​ដែរ​។ដូច្នេះ​នៅ​ពេល​និយាយ​អំពី​ការ​ពង្រឹង​ការ​ការពារ​រួម​របស់​យើង វា​ក៏​រួមមាន​វិធី​ឆ្លើយ​តប​នឹង​ការ​កើន​ឡើង​របស់​ចិន​ផង​ដែរ​» លោក​ស្តូលេនប៊ឺក​និយាយ​បែប​នេះ​ហើយ​បន្ត​ទៀត​ថា​៖ «អ្វី​ដែល​យើង​អាច​ទាយ​ទុក​ជា​មុន​បាន​គឺ​ការ​កើន​ឡើង​របស់​ចិន​នឹង​ប៉ះពាល់​ដល់​សន្តិសុខ​របស់​យើង​។ វា​បាន​ប៉ះពាល់​រួច​ទៅ​ហើយ​»។

ណាតូ​នឹង​អនុម័ត​គោលការណ៍​យុទ្ធសាស្ត្រ​ថ្មី​របស់​ពួកគេ​នៅ​ឆ្នាំ​ក្រោយ​ ដែល​នឹង​គោល​បំណង​របស់​សម្ព័ន្ធ​មិត្ត​នេះ​សម្រាប់​រយៈ​ពេល​ ១០ ឆ្នាំ​ខាង​មុខ​ទៀត​។ គោលការណ៍​យុទ្ធសាស្ត្រ​បច្ចុប្បន្ន​របស់​ណាតូ​គឺ​ត្រូវ​បាន​អនុម័ត​កាល​ពី​ឆ្នាំ​ ២០១០ ហើយ​មិន​បាន​និយាយ​អ្វី​អំពី​ប្រទេស​ចិន​ទេ​។

ណាតូ​គឺ​កំពុង​ស្វែង​រក​ទិស​ដៅ​ថ្មី​បន្ទាប់​ការ​បញ្ចប់​សង្គ្រាម​រយៈ​ពេល​ ២០ ឆ្នាំ​នៅ​ប្រទេស​អាហ្វហ្គានីស្ថាន​ ខណៈ​ពេល​ដែល​ការ​ពិភាក្សា​អំពី​អនាគត​នៃ​វត្តមាន​យោធា​អាមេរិក​នៅ​អឺរ៉ុប​គឺ​នៅ​កំពុង​បន្ត​។

លោក​ស្តូលេនប៊ឺក ​គ្រោង​ចាកចេញ​ពី​តំណែង​នៅ​ឆ្នាំក្រោយ​បន្ទាប់​ការ​ដឹកនាំ​ប្រាំបី​ឆ្នាំ​ បាន​និយាយ​ថា​សមាជិក​ណាតូ​គឺ​កំពុង​ព្យាយាម​បន្ថយ​សកម្មភាព​នៅ​ខាង​ក្រៅ​ព្រំដែន ហើយ​មក​បង្កើន​ភាព​ធន់​នៃ​ប្រព័ន្ធ​ការពារ​ផ្ទៃក្នុង​របស់​ពួកគេ​ដើម្បី​ទប់ទល់​នឹង​ការ​គំរាម​កំហែង​ពី​ខាង​ក្រៅ​។

លោក​និយាយ​ថា​៖ «ប្រទេស​ចិន​កាន់​តែ​ខិត​ជិត​មក​រក​យើង។ យើង​ឃើញ​ពួកគេ​នៅ​តំបន់​អាក់ទិក​។ យើង​ឃើញ​ពួកគេ​នៅ​ក្នុង​ផ្ទៃ​អ៊ីនធឺណិត​។ យើង​ឃើញ​ពួកគេ​វិនិយោគ​យ៉ាង​ច្រើន​ទៅ​លើ​ហេដ្ឋារចនាសម្ព័ន្ធ​សំខាន់​ៗ​ នៅ​ក្នុង​ប្រទេស​របស់​យើង​ហើយ​ជា​ការ​ពិត​ពួកគេ​មាន​អាវុធ​ចម្ងាយ​ឆ្ងាយ​កាន់​តែ​ច្រើន​ ដែល​អាច​ប្រទេស​សម្ព័ន្ធមិត្ត​ណាតូ​ទាំង​អស់​។ ពួកគេ​កំពុង​សាងសង់​រណ្ដៅ​ស៊ីឡូ​ជា​ច្រើន​សម្រាប់​មីស៊ីល​អន្តរ​ទ្វីប​រយៈ​ចម្ងាយ​ឆ្ងាយ​»​។

ប៉ុន្តែ​ការ​ស្នើ​ណា​មួយ​ដើម្បី​បង្វែរ​ពី​រុស្សី​ ទៅ​ចិន​ នឹង​ទាក់ទាញ​ការ​ប្រឆាំង​យ៉ាង​ខ្លាំង​ពី​សមាជិក​នៅ​អឺរ៉ុប​ខាង​កើត ដែល​មាន​ការ​ព្រួយ​បារម្ភ​អំពី​ការ​គំរាមកំហែង​ពី​រុស្សី​ ហើយ​ណាតូ​គឺ​ជា​អ្នក​ធានា​សន្តិសុខ​តែ​មួយ​គត់​របស់​ពួកគេ​។

ជា​មូលហេតុ​ដែល​​លោក​ស្តូលេនប៊ឺក​បាន​លើក​ឡើង​ថា​រុស្សី និង​ចិន​ គឺ​ជា​សម្ព័ន្ធមិត្ត​ជិត​ស្និត​ និង​ជា​ការ​គំរាម​កំហែង​តែ​មួយ​ ហើយ​អង្កការ​ណាតូ​គួរ​តែ​ចាត់​ទុក​តំបន់​អាស៊ី​ និង​អឺរ៉ុប​ជា​តំបន់​សន្តិសុខ​តែ​មួយ និង​ត្រៀម​ខ្លួន​ឆ្លើយ​តប​សម្រាប់​ការ​គំរាម​កំហែង​ទាំង​អស់​៕

ប្រភព៖ FT

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner