បណ្ដឹងសុំនៅក្រៅឃុំកូនប្រុសតារាបូលីវូដដ៏ល្បីលោក Shah Rukh Khan ករណីគ្រឿងញៀនត្រូវច្រានចោល

បណ្ដឹង​​សុំ​នៅ​ក្រៅ​ឃុំ​របស់​លោក​ Aryan Khan ​ដែល​ជា​កូន​ប្រុស​របស់​តារា​ភាព​យន្ត​បូលីវូដ​ដ៏​ល្បី​ឈ្មោះ​លោក​ Shah Rukh Khan ​ត្រូវ​បានប​ដិសេធ​ ប្រមាណ​ជា​ ១៨ ​ថ្ងៃ​បន្ទាប់​ពី​លោក​ត្រូវ​បាន​ចាប់​ខ្លួន​ជុំ​វិញ​ការ​ចោទ​ប្រកាន់​ពី​បទ​​ប្រើ​ប្រាស់​គ្រឿង​ញៀន​​ក្នុង​ពិធី​ជប់​លៀង​មួយ​។​

លោក​ Aryan Khan ​អាយុ​ ២៣ ​ត្រូវ​បាន​ប៉ូលីស​ចាប់​ខ្លួន​ពី​កប៉ាល់​ទេសចរណ៍​មួយ​ដែល​កំពុង​ធ្វើ​ដំណើរ​ពី​ទី​ក្រុង​បុមបៃ​ ទៅ​រដ្ឋ​ហ្គោ​នៅ​ថ្ងៃ​ទី​២ ​ខែ​តុលា​។​​ ការិយាល័យ​ត្រួត​ពិនិត្យ​គ្រឿង​ញៀន​ (NCB) ​​ចោទ​ប្រកាន់​លោក​តាម​ច្បាប់​ទាក់​ទង​នឹង​ការ​កាន់​កាប់​ ការ​ប្រើ​ប្រាស់​ និង​ការ​លក់​សារធាតុនេះ​​ខុស​ច្បាប់​ ប៉ុន្តែ​លោក​បដិសេធ​ការ​ចោទ​ប្រកាន់​ប្រឆាំង​​រូប​លោក​។​

មេធាវី​របស់​លោក​ឈ្មោះ ​Satish Manshinde ​​ប្រាប់​តុលាការ​ម្តង​ហើយ​ម្តង​ទៀត​ថា​ គ្មាន​ភស្តុតាង​ដែល​ថា​លោក​ប្រើ​ប្រាស់​ ឬ​កាន់​កាប់​គ្រឿង​ញៀន​នោះ​ទេ​។​ ប៉ុន្តែ​តុលាការ​​​ទីក្រុង​បុមបៃ​កាល​ពី​ថ្ងៃ​ពុធ​​ បដិសេធ​ការ​នៅ​ក្រៅ​ឃុំ​របស់​លោក​ជា​លើក​ទី​ពីរ​ ក្រោយ​ពី​ច្រាន​ចោល​សំណើរ​នេះ​កាល​ពី​ថ្ងៃ​​ទី​ ៨​ ខែ​តុលា​។​ ​

សំណុំ​រឿង​របស់​លោក​ Aryan Khan ​​កំពុង​គ្រប​ដណ្តប់​លើ​ចំណង​ជើង​សារព័ត៌មាន​របស់​ឥណ្ឌា​។​ ខណៈ​​ដែល​មិន​ទាន់​មាន​សេចក្តី​ថ្លែងការណ៍​យ៉ាង​ណា​ជា​ផ្លូវ​ការ​ពី​លោក​ Shah Rukh Khan ​អ្នក​ក្នុង​វិស័យ​ដូច​គ្នាមួយ​​ចំនួន​ បាន​បង្ហាញ​ការ​ការពារ​របស់​ខ្លួន​ចំពោះ​លោក​ Aryan Khan ​។​

​ទន្ទឹម​នឹង​នេះ​ដែរ​ តារា​សម្តែង​បូលីវូដ​ និង​តារា​ទូរទស្សន៍​ជា​ច្រើន​ផ្សេង​ទៀត​ ​ស្ថិត​ក្រោម​ការ​ត្រួត​ពិនិត្យ​ចាប់​តាំង​ពី​ឆ្នាំ​មុន​ ជុំ​វិញ​ការ​ស៊ើប​អង្កេត​​ពី​ការ​រីករាល​ដាល​នៃ​ការ​ប្រើប្រាស់​គ្រឿង​ញៀន​នៅ​ក្នុង​ឧស្សាហកម្ម​ភាព​យន្ត​ឥណ្ឌា​។​

ប្រភព៖ BBC

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner