បៃដិនខិតខំផ្សព្វផ្សាយផែនការចំណាយគាំពារសង្គម ខណៈមានការបែកបាក់ផ្ទៃក្នុងគណបក្ស
ប្រធានាធិបតីអាមេរិកលោកចូ បៃដិនបានបង្កើនកិច្ចខិតខំប្រឹងប្រែងផ្សព្វផ្សាយសេចក្ដីព្រាងច្បាប់ ចំណាយគាំពារសង្គម ៣,៥ ទ្រីលានដុល្លារ ទៅកាន់អ្នកបោះឆ្នោត ខណៈពេលដែលមានការព្រួយបារម្ភថាសេតវិមានបានធ្វើឱ្យខូចខាតសាររបស់ខ្លួនផ្ទាល់ ហើយគណបក្សប្រជាធិបតេយ្យកំពុងមានការបែកបាក់ផ្ទៃក្នុងជុំវិញការអនុម័តច្បាប់នេះ។
កាលពីថ្ងៃពុធ ទី២០ តុលាលោកបៃដិនបានធ្វើដំណើរទៅកាន់ទីក្រុងស្ក្រានតុន នារដ្ឋប៉ែនស៊ីលវ៉ានី ជាទីកំណើតរបស់លោក ដើម្បីផ្សព្វផ្សាយអំពីអត្ថប្រយោជន៍នៃការវិនិយោគទៅលើបណ្ដាញសុវត្ថិភាពសង្គម និងកិច្ចខិតខំប្រឹងប្រែងដើម្បីប្រយុទ្ធប្រឆាំងការប្រែប្រួលអាកាសធាតុ។ នៅថ្ងៃព្រហស្បតិ៍លោកបៃដិននឹងបន្តដំណើរផ្សព្វផ្សាយនេះទៅទីក្រុងបាលទីម័រ រដ្ឋម៉ារីលែន។
«សេចក្ដីព្រាងច្បាប់នេះមិនមែនអំពីក្រុមឆ្វេងនិយមទល់នឹងក្រុមស្ដាំនិយម ឬអំពីក្រុមកណ្ដាលនិយមទល់នឹងក្រុមសេរីនិយម ឬអំពីអ្វីដែលធ្វើឱ្យជនជាតិអាមេរិកម្នាក់ទល់នឹងម្នាក់ទៀត» លោកបៃដិននិយាយបែបនេះហើយបន្តទៀតថា៖ «សេចក្ដីព្រាងចាប់នេះគឺអំពីការប្រកួតប្រជែងទល់នឹងការមិនធ្វើអ្វី គឺអំពីការពង្រីកឱកាសដោយមិនបដិសេធឱកាសណាមួយ គឺអំពីការដឹកនាំពិភពលោក»។
ក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ អត្រាគាំទ្ររបស់លោកបៃដិនបានធ្លាក់ចុះយ៉ាងខ្លាំង បន្ទាប់ពីសមាជិកសភាមកពីគណបក្សរបស់លោកចាប់ផ្ដើមឈ្លោះប្រកែកគ្នាជុំវិញព័ត៌មានលម្អិតនៃសេក្ដីព្រាងច្បាប់របស់លោក ដែលនឹងធ្វើការវិនិយោគមិនធ្លាប់មានពីមុនមកទៅលើការអប់រំកុមារតូចប្រព័ន្ធសុខភាពសាធារណៈ និងការប្រយុទ្ធប្រឆាំងការប្រែប្រួលអាកាសធាតុ។ សេចក្ដីព្រាងច្បាប់ត្រូវបានគេរំពឹងថានឹងទទួលការគាំទ្រយ៉ាងខ្លាំងពីប្រជាពលរដ្ឋ ប៉ុន្តែសមាជិកសភាទាំងអស់របស់គណបក្សសាធារណរដ្ឋ និងខ្លះរបស់គណបក្សប្រជាធិបតេយ្យបានប្រឆាំងសំណើរបស់លោកបៃដិន ដោយព្រួយបារម្ភថាការចំណាយដ៏ធំបែបនេះនឹងបង្កឱ្យបំណុលជាតិកើនឡើងយ៉ាងខ្លាំង។
ជម្លោះជុំវិញសេចក្ដីព្រាងច្បាប់នេះក៏បានគំរាមកំហែងដល់សេចក្ដីព្រាងច្បាប់មួយផ្សេងទៀត ដែលគ្រោងចំណាយ ១,២ ទ្រីលានដុល្លារដើម្បីជួសជុលហេដ្ឋារចនាសម្ព័ន្ធកំពុងទ្រុឌទ្រោមរបស់អាមេរិក។ សេចក្ដីព្រាងហេដ្ឋារចនាសម្ព័ន្ធបានទទួលការគាំទ្រយ៉ាងទូលំទូលាយ ប៉ុន្តែក្នុងការបែកបាក់ផ្ទៃក្នុងគណបក្សរបស់លោកប្រធានាធិបតី ក្រុមសេរីនិយមបានគំរាមមិនបោះឆ្នោតគាំទ្រសេចក្ដីព្រាងច្បាប់នេះប្រសិនបើក្រុមកណ្ដាលនិយមមិនបោះឆ្នោតគាំទ្រសេចក្ដីព្រាងច្បាប់សង្គម។
ឥឡូវនេះសមាជិកគណបក្សប្រជាធិបតេយ្យសឹងទាំងអស់បានយល់ព្រមថាកញ្ចប់ចំណាយសង្គមនឹងត្រូវបន្ថយត្រឹម ២ ទ្រីលានដុល្លារដើម្បីបំពេញការទាមទាររបស់សមាជិកកណ្ដាលនិយមលោកចូ ម៉ាន់ជិន និងលោកស្រីកៀសស្ទីន ស៊ីណាម៉ា។
ជម្លោះបែបនេះអាចធ្វើឱ្យមានការបរាជ័យការអនុម័តសេចក្ដីព្រាងច្បាប់ទាំងពីរ ហើយបង្កឱ្យមានការព្រួយបារម្ភអំពីអនាគតរបស់គណបក្សប្រជាធិបតេយ្យក្នុងការបោះឆ្នោតសភាអាមេរិកនៅឆ្នាំក្រោយ ដែលការគ្រប់គ្រងនៅសភាទាំងពីរថ្នាក់អាចត្រូវបានបាត់បង់។
គណបក្សប្រជាធិបតេយ្យបានរំពឹងលើការអនុម័តច្បាប់ទាំងនេះឆាប់រហ័ស និងសមត្ថភាពរបស់ពួកគេក្នុងការផ្សព្វផ្សាយអំពីផលប្រយោជន៍ច្បាប់ទាំងនេះ ដើម្បីពង្រឹងការគាំទ្រនៅក្នុងការបោះឆ្នោតឆ្នាំក្រោយ។
ប៉ុន្តែមានសញ្ញាគួរឱ្យព្រួយបារម្ភសម្រាប់គណបក្សនេះ ដោយការស្ទង់មតិសាធារណជនរបស់ទូរទស្សន៍ CBS បានបង្ហាញថាមានប្រជាពលរដ្ឋតិចណាស់ដែលយល់ដឹងអំពីគោលនយោបាយ និងកម្មវិធីសង្គម ដែលច្បាប់នេះនឹងបង្កើត។
អ្នកវិភាគមួយចំនួនលើកឡើងថាដើម្បីពង្រឹងការគាំទ្រសាធារណៈគណបក្សប្រជាធិបតេយ្យ ត្រូវតែការកាត់បន្ថយការឈ្លោះប្រកែកគ្នាជាសាធារណៈ ហើយបង្កើតសារទំនាក់ទំនងមួយខ្លី ងាយយល់ សម្រាប់អប់រំប្រជាពលរដ្ឋ៕

ប្រភព៖ FT