ចាប់ពីថ្ងៃទី០១ ខែវិច្ឆិកា ក្រសួងអប់រំនឹងបើកការបង្រៀនតាមបណ្ដុំសម្រាប់គ្រឹះស្ថានសិក្សាសាធារណៈ និងឯកជន នៅគ្រប់កម្រិត
ភ្នំពេញ:ចាប់ពីថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២១ខាងមុខនេះ ក្រសួងអប់រំ យុវជន និងកីឡា នឹងពង្រីកវិសាលភាពនៃការបង្រៀន និងរៀនតាមបណ្ដុំសម្រាប់ គ្រឹះស្ថានសិក្សាសាធារណៈ និងឯកជន នៅគ្រប់កម្រិត ក្នុងភូមិសាស្ត្រទូទាំងរាជធានីខេត្តទាំងអស់។ ការពង្រីកវិសាលភាពនេះ រួមបញ្ចូលទាំងការពង្រីកពីកម្រិតថ្នាក់ទី៩ និងទី១២ រហូតដល់គ្រប់កម្រិតថ្នាក់នៅ មធ្យមសិក្សា និងការពង្រីកវិសាលភាពដល់កម្រិតបឋមសិក្សា, គ្រឹះស្ថានឧត្តមសិក្សាសាធារណៈ និងឯកជន វិទ្យាស្ថានជាតិអប់រំ, វិទ្យាស្ថានបច្ចេកវិទ្យា, គ្រឹះស្ថានបណ្តុះបណ្តាលគ្រូ, គ្រឹះស្ថានសិក្សាអប់រំពិសេស, សាលាអនុវត្តន៍ និង វិទ្យាល័យចំណេះទូទៅនិងអប់រំបច្ចេកទេស ដោយគោរពតាមយ៉ាងខ្ជាប់ខ្ជួននូវបទដ្ឋានសុខាភិបាលជាធរមាន។ នេះបើយោងតាមសេចក្តីណែនាំរបស់ក្រសួងអប់រំ យុវជន និងកីឡា នៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០២១។
យោងតាមសេចក្តីណែនាំរបស់ក្រសួងអប់រំ យុវជន និងកីឡា បានឲ្យដឹងថាបន្ទាប់ពីការវាយតម្លៃលើដំណើរការបង្រៀន និងរៀនតាមបណ្តុះសម្រាប់គ្រឹះស្ថានសិក្សាសាធារណៈ និង ឯកជន ក្នុងភូមិសាស្ត្រ ដែលមានហានិភ័យទាបក្រសួង បានសង្កេតឃើញថា : ១) គ្រឹះស្ថានសិក្សាប្រមាណ ៣០ ភាគរយបានចាប់ដំណើរការតាមគ្រប់រូបភាពស្របតាមសេចក្ដីណែនាំ។២)ការចូលរួមតាមគ្រប់រូបភាពពីសំណាក់អ្នកពាក់ព័ន្ធទាំងអស់ដើម្បីធានាដំណើរការអប់រំប្រកបដោយសុវត្ថិភាព និងប្រុងប្រយ័ត្ន។ ៣) ការបើកដំណើរការ គ្រឹះស្ថានសិក្សាបានផ្តល់លទ្ធភាពឱ្យយើងអាចធ្វើតេស្តនិងរកឃើញអ្នក វិជ្ជមានកូវីដ-១៩ ទាំងលើបុគ្គលិកអប់រំ និងសិស្សានុសិស្សមួយចំនួនតូច ហើយបានចាត់ចែងព្យាបាលទាន់ពេលវេលា និងទប់ស្កាត់ កាត់ផ្ដាច់ការឆ្លងរាល ដាលបានល្អប្រសើរ។ ៤) ករណីវិជ្ជមានកូវីដ-១៩ លើគ្រូបង្រៀន និងសិស្សានុសិស្ស ក្នុងរយៈពេល៧ថ្ងៃមុនបុណ្យ ភ្ជុំបិណ្ឌ និងរយៈពេល៧ថ្ងៃ ក្រោយថ្ងៃភ្ជុំបិណ្ឌ មានចំនួនតិចតួច និងអាចគ្រប់គ្រងបាន។ ម៉្យាងវិញទៀត មាតាបិតា អ្នកអាណាព្យាបាល គ្រូបង្រៀន និងសិស្សានុសិស្សនិស្សិតបានទទួលវ៉ាក់សាំងការពារ កូវីដ-១៩ ក្នុងអត្រាខ្ពស់។
យោងតាមប្រសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាក្រសួងសូមធ្វើការណែនាំនូវគោលការណ៍សំខាន់ៗស្តីពីការបង្រៀននិងរៀនតាមបណ្ដុំនៅតាមគ្រឹះស្ថានសិក្សាគ្រប់កម្រិត នៅភូមិសាស្ត្រដែលហានិភ័យនៃជំងឺកូវីដ-១៩ អាចគ្រប់គ្រងបាន ដូចខាងក្រោម៖ (សូមអានសេចក្តីណែនាំ)