ខេត្តរតនគិរី ប្រារព្ធពិធីសំអាតទីក្រុង ក្រោមប្រធានបទ ដេីម្បីរួមគ្នាថែរក្សាបរិស្ថាន ទីក្រុងស្រស់ស្អាត គ្មានសំរាម
រតនគិរី ៖ នាព្រឹកថ្ងៃទី២១ ខែតុលា ឆ្នាំ២០២១នេះ ឯកឧត្តម ញ៉ែម សំអឿន អភិបាលខេត្តរតនគិរី បានអញ្ជើញជាអធិបតីប្រារព្ធពិធីសំអាតទីក្រុង ក្រោមប្រធានបទ”ដេីម្បីរួមគ្នា ថែរក្សាបរិស្ថាន ទីក្រុងស្រស់ស្អាត គ្មានសំរាម”ក្នុងក្រុងបានលុង ដោយមានការចូលរួមពីឯកឧត្តមលោកជំទាវអភិបាលរងខេត្ត ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ មន្ទីរអង្គភាពជុំវិញខេត្ត យុវជនស.ស.យ.ក ខេត្ត និងយុវជនស.យ.ស.ស ខេត្ត ជាច្រើននាក់ផងដែរ ដើម្បីរួមគ្នាបោសសំអាតនៅតាមដងផ្លូវ ទីសាធារណៈ ក្នុងគោលបំណង បំផុសស្មារតីដល់សាធារណៈជនឲ្យកាន់តែយល់ដឹង និងចូលរួមសំអាតថែរក្សា និងចេះទុកដាក់វេចខ្ចប់នូវសម្រាមទៅតាមប្រភេទឲ្យបានល្អទាំងអស់គ្នា ។
ឯកឧត្តម ញ៉ែម សំអឿន អភិបាលខេត្តរតនគិរី មានប្រសាសន៍ថា ដើម្បីសម្រេចបានគោលបំណង នៃការប្រកួតប្រជែងចលនាទីក្រុងស្អាតទទួលបានរំដួល ៣ទង គឺតម្រូវឲ្យយើងទាំងអស់គ្នាចូលរួម យកចិត្តទុកដាក់ខ្ពស់ក្នុងការរៀបចំផែនការអភិវឌ្ឍន៍ និងគ្រប់គ្រងទីក្រុងឱ្យបានត្រឹមត្រូវហ្មត់ចត់ និងមានកិច្ចសហការល្អ ពីគ្រប់ស្ថាប័នពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ ព្រមទាំងម្ចាស់អាជីវកម្មសេវាកម្មទេសចរណ៍ផ្តល់សេវាសាធារណៈប្រកបដោយបដិសណ្ឋារកិច្ចល្អ និងប្រជាពលរដ្ឋក្នុងការចូលរួមផ្សព្វផ្សាយ និងអនុវត្តន៍ឲ្យបានផុលផុសនៅក្នុងការងារធ្វើឱ្យទីក្រុងរបស់យើងស្អាត ។
ឯកឧត្តមអភិបាលខេត្តបានបន្តទៀតថា ទីក្រុងបៃតង គឺជាទីក្រុងដែលគ្មានសំរាម ដោយរក្សាបានកំណើនទេសចរណ៍ជារៀងរាល់ឆ្នាំ ហើយវិស័យទេសចរណ៍កម្ពុជា បាននឹងកំពុងបោះជំហានរីកចម្រើនយ៉ាងខ្លាំងជាលំដាប់ ព្រមជាមួយគ្នានេះ វិស័យទេសចរណ៍ត្រូវបានកំណត់ជាវិស័យអាទិភាព និងជាមាសបៃតង ដោយសារវិស័យនេះមិនត្រឹមតែបង្កើតការងារ លើកកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ និងបង្កើនប្រាក់ចំណូលជាតិប៉ុណ្ណោះទេ ថែមទាំងទាក់ទាញការវិនិយោគផ្ទាល់ពីបរទេស និងក្នុងស្រុក ព្រមទាំងលំហូរចូលនូវរូបិយប័ណ្ណអន្តរជាតិ ដែលជាកត្តារួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមកម្ពុជា ដូច្នេះទាមទារឲ្យយើងមានការយកចិត្តទុកដាក់ខ្ពស់ក្នុងការគិតគូរឱ្យបានដិតដល់អំពីបញ្ហាសណ្ដាប់ធ្នាប់សំណល់រឹងរាវ បរិស្ថានអនាម័យសន្តិសុខ និងសុវត្ថិភាពសាធារណៈ ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ សំខាន់ការបង្កើតតំបន់កម្សាន្តបៃតង និងបង្កើតសកម្មភាពកម្សាន្ត ឲ្យបានសម្បូរបែបដើម្បីផ្ដល់ភាពទាក់ទាញផាសុខភាព និងភាពរីករាយដល់ប្រជាពលរដ្ឋ ភ្ញៀវទេសចរ ដែលចូលមកកំសាន្ត និងសំរាកលំហែនៅខេត្ត ដូច្នេះនៅរដូវធ្លាក់ភ្លៀង សូមចូលរួមដាំដើមឈើទាំងអស់គ្នា នៅតាមមន្ទីរ សាលារៀន និងតាមដងផ្លូវផងដែរ ។
សូមបញ្ជាក់ដែរថា បញ្ហាសំរាម បញ្ហាអនាម័យបរិស្ថានក្នុងខេត្ត ត្រូវបានឯកឧត្តមអភិបាលខេត្ត ចាត់ទុកជាបញ្ហាអាទិភាពសំរាប់សោភ័ណភាពនៃខេត្ត ដែលជាតំបន់ទេសចរណ៍ និងជាប៉ូលសេដ្ឋកិច្ចទី៤ ដូច្នេះការប្រារព្ធទិវាសំអាតទីក្រុងលើកនេះគឺជាការចាប់ផ្ដើមមួយដ៏ល្អ ដើម្បីជាការលើកទឹកចិត្តដល់បងប្អូនប្រជាពលរដ្ឋទូទៅអោយស្រឡាញ់បរិស្ថានអោយបានគ្រប់ៗគ្នា បន្ថែមពីនោះឯកឧត្តមអភិបាលខេត្តក៏បានកំណត់យករៀងរាល់ល្ងាចថ្ងៃសុក្រ ជាទិវាអនាម័យក្នុងខេត្តរតនគិរី របស់មន្រ្តីរាជការក្នុងខេត្ត ដើម្បីជាគំរូដល់ប្រជាពលរដ្ឋក្នុងខេត្តរតនគិរីផងដែរ ៕ ដោយ គតិ យុត្ត