រន្ទះបាញ់សម្លាប់គោ១១ក្បាលនៅបាត់ដំបងនិងបាញ់សម្លាប់ស្ត្រីម្នាក់នៅកំពត (Video Inside)
រន្ទះបានបាញ់សត្វគោបណ្តាលឲ្យងាប់ចំនួន១១ក្បាលភ្លាមៗ ក្នុងពេលមេឃកំពុងធ្លាក់ភ្លៀងនៅខេត្តបាត់ដំបង។ ហេតុការណ៍នោះបានកើតឡើងកាលពីវេលាម៉ោង ៩ កន្លះព្រឹកថ្ងៃទី២០ ខែតុលា ឆ្នាំ២០២១ ស្ថិតក្នុងភូមិបឹងទឹម ឃុំតាប៉ុន នៃស្រុកសង្កែ ។ សាក្សីពលរដ្ឋជាម្ចាស់គោ បានថ្លែងថា នៅពេលមេឃកំពុងធ្លាក់ភ្លៀងខ្លាំងនោះ គេ បានឮសម្លេង រន្ទះ ព្រមទាំងមានក្លិនឈ្ងៀមផងដែរ។ ក្រោយមកស្រាប់តែបានឃើញសត្វគោដែលពួកគាត់ ចិញ្ចឹមចំនួន១១ក្បាលនៅក្នុងក្រោលនោះបានដួលដេករដូករណែលដោយសារត្រូវរន្ទះបាញ់សម្លាប់។
ក្រសួងធនធានទឹកនិងឧតុនិយម បានជូនដំណឹងបញ្ជាក់រួចមកហើយថា ចាប់ពីថ្ងៃទី២០ដល់ ថ្ងៃទី២៦តុលា, ភាគ ខាងជើងនៃប្រទេសកម្ពុជា នឹងទទួលឥទ្ធិពលពីទ្រនុងសម្ពាធចិន រីឯភាគខាងត្បូង វិញនឹងទទួលរងសម្ពាធ ទាបពីឥណ្ឌាដែលនឹងបង្កការធ្លាក់ភ្លៀង។ ក្រសួងធនធានទឹកនិងឧតុនិយម បានជួនដំណឹងដល់ការប្រុងប្រយ័ត្ន នូវគ្រោះធម្មជាតិខ្យល់កន្ត្រាក់និងផ្គររន្ទះថែមទៀត។
សេចក្តីរាយការណ៍ដាច់ដោយឡែកមួយទៀតទាក់ទងនឹងករណីរន្ទះបាញ់នេះផងដែរ, ស្ត្រីម្នាក់ត្រូវបានរន្ទះ បាញ់ស្លាប់នៅក្នុងខេត្តកំពត។ ហេតុការណ៍បានកើតឡើងកាលពីថ្ងៃទី២០ តុលា ស្ថិតក្នុងឃុំចំនួន៣ នៃស្រុក បន្ទាយមាស។
យោងតាមគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ, គ្រោះធម្មជាតិខ្យល់កន្ត្រាក់ និងរន្ទះបាញ់រយៈពេល ៨ខែដើមឆ្នាំនេះ បានបណ្តាលឱ្យមនុស្សស្លាប់និងរបួសជិត ២០០នាក់ និងបង្កការខូច ខាតផ្ទះសម្បែង, សំណង់ ផ្សារ, សាលារៀននិងសំណង់អគាររដ្ឋ បូកសារុបជាងពាន់ខ្នង៕