WHO៖ ជំងឺកូវីដ-១៩ទំនងជាបានសម្លាប់បុគ្គលិកសុខាភិបាល៨ម៉ឺនទៅ១៨ម៉ឺននាក់
បរទេស៖ អង្គការសុខភាពពិភពលោក (WHO) បញ្ជាក់ថា ជំងឺរាតត្បាតដ៏កាចសាហាវកូវីដ១៩បានបង្កផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់បុគ្គលិកសុខាភិបាល ហើយទំនងជាងបានឆក់យកអាយុជីវិតរបស់ពួកគេពី ៨ម៉ឺនទៅ ១៨ម៉ឺននាក់។ ករណីស្លាប់នេះកើតឡើងនៅចន្លោះខែមករា ឆ្នាំ២០២០ ដល់ខែឧសភា ឆ្នាំ២០២១។
ស្របពេលជាមួយគ្នានេះដែរ អគ្គនាយកអង្គការសុខភាពពិភពលោក (WHO) លោក ថេដ្រូស អាដាណម ហ្គេប្រេយ៉េសឹស បានលើកឡើងថា បុគ្គលិកថែទាំសុខភាពត្រូវតែផ្តល់អាទិភាពសម្រាប់ការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ហើយលោកបានរិះគន់ភាពអយុត្តិធម៌ក្នុងការចែកចាយវ៉ាក់សាំង។ ប្រមុខ WHO រូបនេះបន្ថែមថា ទិន្នន័យពីប្រទេសចំនួន ១១៩ បង្ហាញថា ជាមធ្យមបុគ្គលិកសុខាភិបាល ២ នាក់ក្នុងចំណោម ៥ នាក់នៅទូទាំងពិភពលោក បានទទួលការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ពេញលេញ។ ប៉ុន្តែជាការពិត អត្រាជាមធ្យមទាំងនោះ ត្រូវបានលាក់បាំងនៅទូទាំងតំបន់ និងក្រុមសេដ្ឋកិច្ច។ នៅទូទាំងពិភពលោកមានបុគ្គលិកថែទាំសុខភាពប្រមាណជា ១៣៥ លាននាក់។
ដោយឡែកមេដឹកនាំជាន់ខ្ពស់នៅអង្គការសុខភាពពិភពលោក (WHO) លោកវេជ្ជបណ្ឌិត Bruce Aylward បានបញ្ជាក់ថា វិបត្តិកូវីដអាចអូសបន្លាយយ៉ាងជ្រៅចូលទៅក្នុងឆ្នាំ ២០២២។ ភាគច្រើននៃវ៉ាក់សាំង Covid ជាទូទៅត្រូវបានប្រើប្រាស់នៅក្នុងប្រទេសដែលមានចំណូលខ្ពស់ ឬប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់៕ ប្រភព៖ BBC

