កម្ពុជានិងកូរ៉េខាងត្បូងចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (Video Inside)
កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-កូរ៉េ ត្រូវបានចុះហត្ថលេខាជាផ្លូវការ រួចរាល់ហើយនៅថ្ងៃទី២៦តុលានេះ។ ពិធីចុះហត្ថលេខាតាមរយៈប្រព័ន្ធវីដេអូពីចម្ងាយ បានធ្វើឡើង រវាងរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មកម្ពុជាលោក ប៉ាន សូរស័ក្តិ និងរដ្ឋមន្ត្រីពាណិជ្ជកម្មកូរ៉េ លោកយ៉េវ ហានឃូ។
កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីដែលបានចុះហត្ថលេខារវាងប្រទេសទាំង២នាពេលនេះ គឺជាគំនិតផ្តួចផ្តើម របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាក្នុងឱកាសនៃដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់ប្រធានាធិបតី កូរេខាងត្បូងលោកមូនចេអ៊ីននៅកម្ពុជា កាលពីខែមីនា ឆ្នាំ២០១៩។
កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនេះ ត្រូវបានប្រកាសបើកការចរចាជាផ្លូវការ នៅថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២០ តាមរយៈប្រព័ន្ធវីដេអូ ដោយរដ្ឋមន្ត្រីពាណិជ្ជកម្មនៃប្រទេសទាំងពីរ និងបានឆ្លងកាត់ការចរចាសរុបចំនួន១២លើក មុននឹងឈានមកដល់ការចុះហត្ថលេខាជាផ្លូវការនៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២១នេះ។
កិច្ចព្រមព្រៀងនេះ នឹងចូលជាធរមានក្នុងរយៈពេល៦០ថ្ងៃ បន្ទាប់ពីភាគីទាំងពីរ ជូនដំណឹងទៅវិញទៅមកតាម ផ្លូវការទូត អំពីការបញ្ចប់នីតិវិធីផ្ទៃក្នុងនៃការផ្តល់សច្ចាប័ន។
ទំនាក់ទំនងពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា-កូរ៉េ គិតត្រឹម៨ខែ ឆ្នាំ២០២១ មានទំហំជាង៥១៤លានដុល្លារ ដែល កើនឡើង១១.៥២% បើប្រៀបធៀបនឹងរយៈពេលដូចគ្នានៅឆ្នាំ២០២០។ ក្នុងឆ្នាំ២០២០កន្លងទៅទំហំពាណិជ្ជកម្ម កម្ពុជា-កូរ៉េ សម្រេចបានសរុបចំនួន ៧២៩.១៣លានដុល្លារអាមេរិក ដែលកើនឡើង១៧.៣១ភាគរយ បើបៀប ធៀបនឹងឆ្នាំ២០១៩ មានចំនួន៨៨១.៧៦លានដុល្លារ។
កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជានិងកូរ៉េខាងត្បូងដែលបានចុះហត្ថលេខានេះ នឹងរំពឹងការជំរុញ ទំនាក់ទំនង វិស័យពាណិជ្ជកម្ម រវាង ប្រទេសទាំង២ នឹងកើនឡើងដល់ជាង១ពាន់លានដុល្លារ៕