ខេត្តកំពង់ស្ពឺបើកទ្វារទឹករលាំងជ្រៃ (Video Inside)

ខេត្តកំពង់ស្ពឺបានបើកទ្វារទឹករលាំងជ្រៃចំនួន៥ បង្ហៀរតាមស្ទឹងព្រែកត្នោត ខណៈពលរដ្ឋតាមស្ទឹងកំពុងតែ ប្រឈមនឹងការជន់លិច។ ការសម្រេចបើកទ្វារទឹកនេះ បានធ្វើឡើងថ្ងៃទី២៦ ខែតុលាបន្ទាប់ពី អភិបាលខេត្ត កំពង់ស្ពឺលោក វ៉ី សំណាង បានចុះត្រួតពិនិត្យស្ថានភាពទំនប់ទឹក និងទ្វាទឹករលាំងជ្រៃ ដែលស្ថិតនៅក្នុងឃុំ កាហែង នៃស្រុកសំរោងទង។

អភិបាលខេត្តកំពង់ស្ពឺលោក វ៉ី សំណាង បានថ្លែងបើលោកមិនចាត់វិធានការ បើក ទ្វាទឹកនេះទេ, ការភ្លាំងភ្លាត់ណាមួយដែលបង្កការបាក់ទំនប់ នឹងអាចធ្វើឲ្យអន្តរាយដល់ជីវិតប្រជាពលរដ្ឋ។ អភិ បាលខេត្តកំពង់ស្ពឺ បានពន្យល់ជុំវិញមូលហេតុនៃការបើកទ្វាទឹករលាំងជ្រៃនេះ និងលោកបានស្វែងរកការ យោគ យល់ពីពលរដ្ឋដែលស្ថិតក្នុងតំបន់ខាងក្រោម ។

សេចក្តីរាយការណ៍ចុងក្រោយបានឲ្យដឹងថាការបើកទ្វារទឹក បានកើនដល់៦ទ្វារហើយដោយសារតែទឹកបានលិច តាមតំបន់មួយចំនួនក្នុងនោះរួមទាំងនៅក្នុងសង្កាត់ស្វាយក្រវាន់នៃក្រុងច្បារមននិងឃុំរលាំងគ្រើលនៃស្រុកសំ រោងទងផងដែរ។ តំបន់ដទៃទៀតក្នុងក្រុងច្បារមនក្នុងសង្កាត់កណ្តោលដុំនិងតំបន់ខ្លះក្នុងស្រុកបសេដ្ឋនិងស្រុក គងពិសី ក៏ត្រូវគេរាយការណ៍ជុំវិញការជន់លិចនេះផងដែរ។

ជំនន់ទឹកហូរមកពីផ្នែកខាងលើ បានធ្វើឲ្យផ្នែកខាងក្រោមនៃតំបន់ជាយរាជធានី បានរងនឹងការលិច។ នាពេល នេះ, ខណ្ឌដង្កោរាជធានីភ្នំពេញ និងតំបន់ខ្លះក្នុងខេត្តកណ្តាលបានរងការជន់លិច និងកំណាត់ផ្លូវជាតិមួយចំនួន ដូចជាផ្លូវលេខ២០ និងផ្លូវលេខ១២០, កំណាត់ផ្លូវមួយចំនួនតាមផ្លូវជាតិលេខ៣និងផ្លូវជាតិលេខ៤ក្នុងភូមិសាស្ត្រ ខេត្តកណ្តាល ត្រូវបានបិទការធ្វើចរាចរណ៍បណ្តោះអាសន្ន។

អភិបាលរាជធានីភ្នំពេញលោក ឃួង ស្រេង បាន បញ្ជាក់នៅថ្ងៃទី២៦តុលានេះថា គិតមកដល់រសៀលថ្ងៃនេះ ស្ថានភាពទឹកនៅកំពង់ស្ពឺ បានស្រកចុះចំនួន២ ហ៊ុនហើយ, ដោយឡែកសម្រាប់នៅរាជធានីភ្នំពេញវិញ ស្ថានភាពទឹកមានភាពនឹងគួរឲ្យកត់សម្គាល់។

ទោះជាយ៉ាងណាក៏ដោយ, រដ្ឋបាលរាជធានី បានបន្តប្រកាសប្រាប់ប្រជាពលរដ្ឋរស់នៅជាប់សណ្តស្ទឹងព្រែកត្នោត ក្នុងនោះមានយ៉ាងហោចសង្កាត់ចំនួន១០ ដែលស្ថិតនៅជាប់នឹងសណ្តស្ទឹង សូមអោយមានការប្រុងប្រយ័ត្ន ចំពោះជំនន់ទឹកភ្លៀងហូរមកពីខាងលើនេះ។ សង្កាត់ទាំងនោះរួមមាន សង្កាត់ដង្កោ, សង្កាត់ព្រៃស, សង្កាត់ព្រៃ វែង ,សង្កាត់ក្រាំងពង្រ, សង្កាត់ស្ពានថ្ម, សង្កាត់ទៀន, សង្កាត់សាក់សំពៅ ,សង្កាត់ជើងឯក, សង្កាត់ព្រែកកំពឹស និងសង្កាត់គងនយ៕

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner