កម្ពុជាចាញ់ជប៉ុន៤-០ នៃពាន AFC Asian Cup 2023 (Video Inside)
ក្រុមជម្រើសជាតិបាលទាត់កម្ពុជា U23 បានចាញ់ក្រុមជម្រើសជាតិ U23 របស់ជប៉ុនក្នុងការប្រកួតមួយនៅ ប្រទេសជប៉ុនថ្ងៃទី២៦តុលានេះ ដោយពិន្ទុ ៤ទល់នឹងសូន្យ។
ការប្រកួតបញ្ចប់ពូល K របស់ក្រុមគោព្រៃជំទង់កម្ពុជានេះ ត្រូវបានក្រុមម្ចាស់ផ្ទះ U23 ជប៉ុន បានដាក់សម្ពាធ ខ្លាំងដោយវគ្គទី១ កម្ពុជាត្រូវបានគេស៊ុតចូល២គ្រាប់, និងក្នុងវគ្គទី២ចំនួន២គ្រាប់ថែមទៀត ដែលធ្វើឲ្យក្រុម ម្ចាស់ផ្ទះទទួលបាន ៣ពិន្ទុពេញសម្រាប់ការប្រកួតដំបូងរបស់ខ្លួន។
ការបរាជ័យក្នុងវគ្គប្រកួតជម្រុះពានរង្វាន់ AFC U23 Asian Cup Uzbekistan 2022-Qualifiers នេះបានធ្វើ ឲ្យក្រុម ជម្រើសជាតិកម្ពុជា ធ្លាក់មកឈរលេខ២ ក្នុងពូល K បណ្ដោះអាសន្ន ដោយមាន ៣ពិន្ទុ បន្ទាប់ពីឈ្នះ១ និងចាញ់ ១។ កម្ពុជា នៅរង់ចាំមើលលទ្ធផលការប្រកួតបញ្ចប់ពូលរវាងក្រុមជម្រើសជាតិជប៉ុន និងហុងកុងនាថ្ងៃទី២៨ ខែតុលាខាងមុខសិន ក៏ដូចជាលទ្ធផលក្រុមផ្សេងៗទៀត ដើម្បីនឹងកំណត់ថាតើក្រុមកម្ពុជាអាចសម្រេចឱកាស បានឡើងទៅវគ្គបន្ដទៀត ឬក៏អត់។
ការប្រកួតជម្រុះពានរង្វាន់ AFC U23 Asian Cup Uzbekistan 2022-Qualifiers គឺមានប្រទេសចំនួន ៤០ចូលរួម និងបែងចែកជា ១១ពូល ខណៈកម្ពុជាស្ថិតក្នុងពូល K ជាមួយហុងកុង និងជប៉ុន។ ក្រោយបញ្ចប់ការប្រកួតនេះ ក្រុមចំណាត់ថ្នាក់លេខ១ នៃពូលនីមួយៗ រួមទាំងក្រុមចំណាត់ថ្នាក់លេខ២ ល្អជាងគេចំនួន៤ក្រុមនឹងត្រូវបាន ឡើងទៅវគ្គ ១៦ក្រុមចុងក្រោយ (ជុំផ្ដាច់ព្រ័ត្រ) ជាមួយម្ចាស់ផ្ទះអូបេគីស្ថាន នាឆ្នាំ២០២២ ខាងមុខ៕