លោក ចូ បៃដិន នឹងទៅចូលរួមកិច្ចប្រជុំកំពូល G20 នៅអឺរ៉ុបក្នុងសប្តាហ៍នេះ ដើម្បីពិភាក្សាអំពីតម្លៃថាមពល កម្មវិធីនុយក្លេអ៊ែរអ៊ីរ៉ង់ និងបញ្ហាខ្សែសង្វាក់ផ្គត់ផ្គង់

វ៉ាស៊ីនតោន ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន កំពុងរៀបចំធ្វើដំណើរទៅចូលរួមកិច្ចប្រជុំកំពូល G20 នៅអឺរ៉ុបក្នុងសប្តាហ៍នេះ ស្ថិតក្នុងគោលបំណងពិភាក្សាអំពីតម្លៃថាមពល កម្មវិធីអភិវឌ្ឍនុយក្លេអ៊ែរអ៊ីរ៉ង់ និងបញ្ហាខ្សែសង្វាក់ផ្គត់ផ្គង់។ នេះបើតាមការបញ្ជាក់ពីទីប្រឹក្សាសន្តិសុខជាតិអាមេរិករបស់លោក បៃដិន គឺលោក ចេក សាល់លីវែន (Jake Sullivan)។

វត្តមានរបស់លោក ចូ បៃដិន នេះដែរត្រូវបានគេរំពឹងថា នឹងបង្ហាញសញ្ញានៃការរួបរួមគ្នាឡើងវិញរវាងសហរដ្ឋអាមេរិកជាមួយនឹងសម្ព័ន្ធមិត្ត បន្ទាប់ពីរយៈពេលបួនឆ្នាំនៃគោលនយោបាយ «America First» របស់លោក ដូណាល់ ត្រាំ បានធ្វើអោយសហរដ្ឋអាមេរិកបាត់បង់ទំនុកចិត្តជាប្រវត្តិសាស្ត្រ ពីសំណាក់សម្ព័ន្ធមិត្តសំខាន់ៗរបស់ខ្លួន។ បើតាមការគ្រោងទុកនោះ លោក បៃដិន នឹងចេញដំណើរឆ្ពោះទៅកាន់ប្រទេសអ៊ីតាលី នៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ (ម៉ោងក្នុងតំបន់)។ លោក បៃដិន ក៏នឹងជួបសម្តេច ប៉ាប ហ្វ្រង់ស៊ីស នៅបុរីវ៉ាទីកង់ នៅថ្ងៃសុក្រសប្តាហ៍នេះផងដែរ មុននឹងចាប់ផ្តើមកិច្ចប្រជុំជាមួយមេដឹកនាំនៃបណ្តាប្រទេសសេដ្ឋកិច្ចជឿនលឿន «G20» នៅទីក្រុងរ៉ូម។ បន្ទាប់ពីបញ្ចប់កិច្ចប្រជុំនៅអ៊ីតាលី លោក ចូ បៃដិន នឹងបន្តដំណើរទៅទីក្រុង ក្លាសកូវ (Glasgow) ប្រទេសស្កុតលែន ដើម្បីចូលរួមសន្និបាតអាកាសធាតុ «COP26» របស់អង្គការសហប្រជាជាតិ។

បើតាមលោក ចេក សាល់លីវែន សហរដ្ឋអាមេរិក និងអឺរ៉ុបកំពុងបង្ហាញការរួបរួមគ្នានៅចំពោះមុខកិច្ចប្រជុំសំខាន់ៗទាំងពីរ ខណៈប្រធានាធិបតីចិន លោក ស៊ី ជិនពីង និងប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀ ពូទីន បានសម្រេចមិនអញ្ជើញចូលរួមដោយផ្ទាល់នោះឡើយ៕ ប្រភព៖ CNA

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner