សិក្ខាសាលាពិគ្រោះយោបល់ស្ដីពី ”ការពិនិត្យឡើងវិញពាក់កណ្ដាលអាណត្តិនៃការអនុវត្តផែនការ យុទ្ធសាស្ត្រវិស័យអប់រំ ២០១៩-២០២៣ សម្រាប់អនុវិស័យ ការអប់រំមធ្យមសិក្សា និងអប់រំបច្ចេកទេស”
រាជធានីភ្នំពេញ៖ នាយកដ្ឋានផែនការ នៃក្រសួងអប់រំ យុវជន និងកីឡា បានរៀបចំបើកអង្គសិក្ខាសាលាពិគ្រោះយោបល់ស្ដីពី ”ការពិនិត្យឡើងវិញពាក់កណ្ដាលអាណត្តិនៃការអនុវត្តផែនការយុទ្ធសាស្ត្រវិស័យអប់រំ ២០១៩ -២០២៣ សម្រាប់អនុវិស័យ ការអប់រំមធ្យមសិក្សា និងអប់រំបច្ចេកទេស” ក្រោមអធិបតីភាព ឯកឧត្តម អឹម កុច រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងមានការចូលរួមពី ឯកឧត្តម លោកជំទាវអនុរដ្ឋលេខាធិការ ពី ឯកឧត្តម លោកជំទាវអគ្គនាយក អគ្គនាយករងទទួលបន្ទុកអនុវិស័យ ការអប់រំមធ្យមសិក្សា និងអប់រំបច្ចេកទេស លោក លោកស្រី ប្រធាន អនុប្រធាននាយកដ្ឋាន នាយកដ្ឋានគាំទ្រ ដៃគូអភិវឌ្ឍ និងមន្រ្តីជំនាញ សរុប ៨០នាក់ តាមរយៈកម្មវិធី Zoom Meeting រយៈពេល៣ថ្ងៃចាប់ពីថ្ងៃទី ២៦-២៨ តុលា ។
គោលបំណងជាក់លាក់នៃអង្គសិក្ខាសាលា ពិនិត្យឡើងវិញ និងកែសម្រួល យុទ្ធសាស្រ្ត សូចនាករ និងសកម្មភាពគោលនយោបាយដែលមាននៅក្នុងផែនកាយុទ្ធសាស្រ្តវិស័យអប់រំ២០១៩-២០២៣។
ជាកិច្ចចាប់ផ្តើម លោកឯកឧត្តមរដ្ឋលេខាធិការ បានលើកឡើងអំពីយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាលដែលបានផ្តោតលើយុទ្ធសាស្ត្រស្នូលក្នុងការបង្កើនការងារសមធម៌ និងប្រសិទ្ធភាព ក្នុងគោលបំណងប្រែក្លាយប្រទេសកម្ពុជាឱ្យក្លាយទៅជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងចំណូលខ្ពស់នៅឆ្នាំ២០៥០។
អនុសាសន៍ដឹកនាំគន្លឹះៗ របស់ ឯកឧត្តម រដ្ឋលេខាធិការ ចូលរួមក្នុងសិក្ខាសាលាពិគ្រោះយោបល់រួមមាន៖
១. បង្កើនការបង្រៀន និងរៀនដែលបណ្ដុះនូវបំណិន សតវត្សទី២១ បំណិនទំនាក់ទំនង បំណិនភាពជាអ្នកដឹកនាំ បំណិនសហការ និងសម្របសម្រួល ការប្រើប្រាស់បច្ចេកវិទ្យា និងភាសា
២. ការធ្វើឱ្យសាលារៀនមានការប្រែប្រួល តាមរយៈការអនុវត្តកម្មវិធីការគ្រប់គ្រងតាមសាលារៀន និងយុទ្ធសាស្ត្រសហគមន៍សាលារៀន
៣. ការអប់រំសម្រាប់ពលរដ្ឋឌីជីថល ដើម្បីឆ្លើយតបនឹងយុទ្ធសាស្រ្តចតុកោណរបស់រាជរដ្ឋាភិបាល និងក្របខណ្ឌគោលនយោបាយសេដ្ឋកិច្ចឌីជីថល ដែលផ្តើមចេញពីពលរដ្ឋមូលដ្ឋាន ចេះប្រើប្រាស់ឌីជីថល និងអភិវឌ្ឍសមត្ថភាពខ្លួនដើម្បីធ្វើការប្រកួតប្រជែងជាមួយបណ្តាប្រទេសក្នុងតំបន់
៤. ជម្រុញការសិក្សាមុខវិជ្ជាSTEM និងការអប់រំបច្ចេកទេស និងវិជ្ជាជីវៈនៅកម្រិតមធ្យមសិក្សា និង ការបណ្ដុះបំណិនជីវិតសំដៅដល់ការមានគំនិតផ្តួចផ្តើម គំនិតច្នៃប្រឌិត តាមរយៈការខិតខំរៀនសូត្រ ការអនុវត្ត និងការសម្របខ្លួនឱ្យស្របទៅតាមបរិបទសង្គម។ដោយ-រ៉ាវុធ